ព័ត៌មានជាតិ
រដ្ឋបញ្ចុះពន្ធនាំចូលប្រេងមិនបាន ខណៈត្រូវចំណាយក្នុង១ខែៗជិត ៤០លានដុល្លារ ឧបត្ថម្ភអ្នកក្រីក្រ
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាល មិនអាចកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈ ដើម្បីទម្លាក់តម្លៃប្រេងសាំងនៅកាលៈទេសៈនេះបានទេ ព្រោះត្រូវការចំណូលយកទៅឧបត្ថម្ភពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុង១ខែៗ ជិត ៤០លានដុល្លារអាមេរិក។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការបន្ធូរបន្ថយពន្ធនាំចូលប្រេងឥន្ធនៈ គឺត្រូវបាត់បង់ចំណូលយ៉ាងច្រើន អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ខណៈដែលចំណូលពន្ធបានពីប្រេងនេះ បានរួមចំណែកជួយដល់ជនក្រីក្រជាច្រើន ដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ-១៩។
លោកថ្លែងបែបនេះ នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
លោក វង្សី វិស្សុត បានថ្លែងដូច្នេះថា« ឥឡូវនេះ គ្រាន់តែរដ្ឋជួយអ្នកក្រីក្រក្នុងមួយខែៗ ជិត ៤០លានដុល្លារ ក្នុងបរិបទកូវីដនេះ បើសិនបន្ថយពន្ធ ត្រូវរកថវិកាមកប៉ះប៉ូវបន្ថែម ព្រោះត្រូវដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត ដែលជាសម្ពាធត្រូវចំណាយបានលុយពីណា»។
ទោះយ៉ាង លោក វង្សី វិស្សុត យល់ពីផលលំបាក ចំពោះអ្នករកស៊ីក្រៅប្រព័ន្ធ ដែលពិបាកក្នុងការដំឡើងថ្លៃ ដូចជាផ្នែកដឹកជញ្ជូនប្រើសាំងជាមូលដ្ឋាន។ ប៉ុន្តែលោកជឿថា ថ្ងៃណាមួយ អ្នកទាំងនោះនឹងអាចដំឡើងថ្លៃ លើសេវាដឹកជញ្ជូនរបស់ខ្លួនបាន។
លើសពីនេះទៀត មន្រ្តីជាន់ខ្ពស់រូបនេះ បានផ្តល់ជាយោបល់ថា ពលរដ្ឋអាចបោះបង់អាជីពនេះទៅធ្វើអ្វីផ្សេង ដែលអាចរកបាន ឬប្រសិនបើពិបាកជីវភាពខ្លាំង ពួកគេអាចស្នើសុំចូលក្រុមដែលទទួលបានការឧបត្ថម្ភពីរដ្ឋ។ លោកថា សព្វថ្ងៃអ្នកស្នើសុំប្រាក់ឧបត្ថម្ភពីរដ្ឋ មានការកើនឡើងជាបន្តបន្ទាប់។
ការឡើងថ្លៃនៃប្រេងឥន្ទនៈ គឺជានិន្នាការរួម ដែលប៉ះពាល់ទាំងអស់គ្នា។ រដ្ឋបានជួយសម្រួលមួយចំនួនហើយ ដូចជាបានកំណត់អត្រាពន្ធមួយថេរ បើទោះបីជាតម្លៃប្រេងនាំចូលពីទីផ្សារអន្តរជាតិ ឡើងឬថយចុះក៏ដោយ។ នេះជាការអះអាងរបស់លោក វង្សី វិស្សុត។
ការលើកឡើងរបស់មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនេះ ជាការឆ្លើយតបនឹងពលរដ្ឋ និងសង្គមស៊ីវិល ដែលតែងតែជំរុញឲ្យមានការបញ្ចុះតម្លៃប្រេងសាំង តាមរយៈការបន្ធូរបន្ថយពន្ធនាំចូល។
សព្វថ្ងៃ ក្រសួងពាណិជ្ជកម្ម បានតាមដានការលក់រាយរៀងរាល់ខែ ក្នុងការកំណត់ថ្លៃប្រេងឥន្ធនៈលក់នៅតាមស្ថានីយនីមួយៗ សម្រាប់ប្រេងសាំង និងម៉ាសូត កុំឱ្យមានការកេងបន្លំផ្សេងៗ។
ក្រសួងពាណិជ្ជកម្ម បានប្រកាសនាពេលថ្មីៗនេះថា តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១៦-២៨ ខែកុម្ភៈ បានបន្តឡើងថ្លៃ ២០០ រៀលថែមទៀត ដោយកើនដល់ ៤ ៧០០ រៀលក្នុង ១ លីត្រសម្រាប់សាំងធម្មតា និង ៤ ៤៥០ រៀលសម្រាប់ប្រេងម៉ាស៊ូត។
នៅក្នុងកាលៈទេសៈដ៏លំបាកនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យពលរដ្ឋ និងវិស័យនានាចូលរួមធ្វើការសន្សំសំចៃខ្លះ ក្នុងប្រើប្រាស់ប្រេងឥន្ធនៈ ចំពោះមុខសញ្ញាណាដែលមិនចាំបាច់ ធ្វើដូចនេះ ដើម្បីកាត់បន្ថយការចំណាយដែលមិនបង្កឲ្យប៉ះពាល់ដល់ជីវភាព។
ក្រសួងពាណិជ្ជកម្ម នឹងមានយុទ្ធសាស្រ្ត ក្នុងការឆ្លើយតបពីតម្រូវការ និងការផ្គត់ផ្គង់។ ចំណែកផលិតកម្ម ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កំពុងបន្តធ្វើការស្រាវជ្រាវរុករករ៉ែ ដើម្បីធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសផលិតប្រេងនៅថ្ងៃអនាគត៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ