ព័ត៌មានជាតិ
ចំនួនសរុប និងប្រភេទវ៉ាក់សាំងកូវីដ-១៩ បាន និងកំពុងប្រើប្រាស់នៅកម្ពុជា
កម្ពុជា ជាប្រទេសដែលបានចាក់ថ្នាំបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋបានពេញលេញ ជាងប្រទេសអាស៊ីដទៃទៀត។ មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ ទាំងបានពីការបញ្ជាទិញ និងជំនួញ រហូតជិត ៤៤ លានដូស។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងថា មកដល់នេះ កម្ពុជាមានវ៉ាក់សាំងបង្ការ និងទប់ស្កាត់ការឆ្លង និងការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ចំនួន ៤៣ ៧៩២ ៥៣០ ដូស។ លោកស្រីបញ្ជាក់បន្តថា វ៉ាក់សាំងដែលកម្ពុជាបាន និងកំពុងប្រើប្រាស់ទាំងអស់ សុទ្ធតែជាប្រភេទវ៉ាក់សាំងដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក និងអាចទទួលទុកចិត្តបាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា វ៉ាក់សាំងទាំងនោះមាន ប្រភេទ ស៊ីណូហ្វាម ចំនួន ៧,៨ លានដូស ទាំងវ៉ាក់សាំងដែលជាការបញ្ជាទិញ និងជំនួយពីសាធារណរដ្ឋប្រជាមាណិតចិន។ វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២៩ លាន ៤២៤ ៨០០ ដូស។ អាស្ត្រាហ្សេណេកា ជាជំនួយពី មជ្ឈមណ្ឌលសម្ព័ន្ធកូវ៉ាក់ ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងអង្គការ យូនីសេហ្វ និងប្រទេសធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី មានវ៉ាក់សាំងប្រភេទ កូវីសែល (COVISHIELD) ៣២៤ ពាន់ដូស, អាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយ របស់ប្រទេសជប៉ុន ១លាន ៣១៥ ៥០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទេសអង់គ្លេស ៤១៥ ០៤០ ដូស, អាស្ត្រាហ្សេនីកា ផលិតនៅ កូរ៉េ ជាជំនួយរបស់ មជ្ឈមណ្ឌលកូវ៉ាក់ ៣២៤ ០០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទសហូឡង់ ២៩០ ៤០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទេសប៉ូឡូញ ៣០០ ពាន់ដូស, វ៉ាក់សាំង ចនសុន និងចនសុន ជំនួយសហរដ្ឋអាមេរិក ១ ០៦០ ១០០ ដូស, វ៉ាក់សាំង ម៉ូឌីណា ១៨៨ ១៦០ ដូស, វ៉ាក់សាំង Pfizer ជាជំនួយរបស់ប្រទេស អូស្ដាលី ២ ៣៥០ ៥៣០ ដូស។

រដ្ឋលេខាក្រសួងសុខាភិបាល រូបនេះ បញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងទាំងជិត ៤៤លានដូសនោះ ត្រូវបានកម្ពុជាប្រើប្រាស់ដើម្បីចាក់ជូន ក្រុមជួរមុខ ក្រុមអ្នកប្រឈមខ្ពស់ និងប្រជាពលរដ្ឋ អស់ជាច្រើនមកហើយ ដោយមកដល់ពេលនេះនៅសល់ប្រហែល ជាង ៩ លានដូស ដែលមាននៅតាមបណ្ដារាជធានីខេត្ត និងឃ្លាំងវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលផង។ លោកស្រី អះអាងថា វ៉ាក់សាំងដែលនៅសល់ គឺមានចំនួនគ្រប់គ្រាន់សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ នៅគ្រប់ក្រុមអាយុ ក៏ដូចជាសម្រាប់ក្រុមកុមារអាយុពី៣ឆ្នាំ ទៅ ៥ឆ្នាំ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋសូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទៅដូសមូលដ្ឋាន និងដូសជំរុញ នៅគ្រប់ទីតាំងចាក់វ៉ាក់សាំងគ្រប់រាជធានីខេត្ត ដើម្បីបង្ការ និងទប់ស្កាត់ការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មី ទន្ទឹមនឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយម៉ឺងម៉ាត់។

គួរបញ្ជាក់ថា គិតត្រឹមយប់ម្សិលមិញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមាន៖
– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។
– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។
– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។
– លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។
– លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ០,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ជាលទ្ធផល កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ៨៩,៩៩% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា