ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់រដ្ឋមន្ត្រី កាន់តំណែងយូរបំផុតនៅក្រសួងពាណិជ្ជកម្ម
លោកចម ប្រសិទ្ធ ជារដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុតជាង ២០ ឆ្នាំ នៅក្រសួងពាណិជ្ជកម្ម មុនផ្លាស់ទៅដឹកនាំនៅក្រសួងឧស្សាហកម្មនិងសិប្បកម្ម (បច្ចុប្បន្នប្ដូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍) នៅដើមឆ្នាំ២០១៤។
ក្រោមការគ្រប់គ្រងរបស់លោកពីឆ្នាំ១៩៩៤ រហូតដល់ចុងឆ្នាំ២០១៣ លោកបានដឹកនាំក្រសួងពាណិជ្ជកម្មដោយឆ្លងកាត់ដំណាក់កាលវិបត្តិសេដ្ឋកិច្ចចំនួនពីរលើក គឺវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩៧ និងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកើតឡើងនៅឆ្នាំ២០០៨។
កម្ពុជាថ្មី នឹងបង្ហាញពីជីវប្រវត្ដិត្រួសៗរបស់លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កុមារភាព
លោកចម ប្រសិទ្ធ មានឈ្មោះពីកំណើតអ៊ឹង យូតឹកហោ កើតនៅថ្ងៃ ១៥ ឧសភា ឆ្នាំ១៩៥១ នៅភ្នំពេញ។
សម័យប៉ុលពត
នៅខែមេសា ១៩៧៥ លោកនិងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញដោយពួកខ្មែរក្រហម ទៅកាន់ស្រុកភ្នំស្រុក ខេត្តបាត់ដំបង។ ក្រោយរំដោះឆ្នាំ ១៩៧៩ ដោយរណសិរ្សសង្គ្រោះជាតិ លោកបានផ្លាស់ទីលំនៅមករស់នៅខេត្តសៀមរាប។
កម្រិតវប្បធម៌
– សាលាបឋមសិក្សាបារាំង “Ecole NORODOM” រាជធានីភ្នំពេញ (១៩៥៦-១៩៦២)
– វិទ្យាល័យបារាំង “DESCARTES” រាជធានីភ្នំពេញ (១៩៦២-១៩៦៩)
– បរិញ្ញាបត្រពាណិជ្ជសាស្រ្ត (១៩៧៣) មហាវិទ្យាល័យពាណិជ្ជសាស្រ្ត នៃសកលវិទ្យាល័យភ្នំពេញ
– បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច (១៩៧៣) មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃសកលវិទ្យាល័យភ្នំពេញ
-ឆ្នាំ២០០៥ ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ អាសវូឌ (Ashwood University) នៅសហរដ្ឋអាមេរិក។
– សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសកលវិទ្យាល័យកម្ពុជា (២០០៧)
– សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច និងនយោបាយសេដ្ឋកិច្ចនៃសកលវិទ្យាល័យចម្រើនពហុបច្ចេកវិជ្ជា (CUP) (២០១០)
– សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សកលវិទ្យាល័យ Shinhan (ROK) (2017)
ការងារក្នុងគណបក្សនយោបាយ
– សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP) (ចាប់តាំងពីឆ្នាំ១៩៨៧ រហូតដល់បច្ចុប្បន្ន)
– អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប (ពីឆ្នាំ១៩៩៣ ដល់២០០៤)
– ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប (ចាប់ពីឆ្នាំ២០០៤ ដល់២០១៤ និងចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន)
– អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត(ចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន)
មុខងារ និងតួនាទី
-១៩៧៣ អគ្គាធិការនៃធនាគារពាក់កណ្តាលសាធារណៈធនាគារឥណទានភូមិបាល (Credit Foncier) សម័យសាធារណៈរដ្ឋខ្មែរ
-មីនា ១៩៨០ ជាអ្នកបកប្រែនៅក្រសួងការបរទេស
-១៩៨១ អនុប្រធានការិយាល័យព័ត៌មាន នៃក្រសួងការបរទេស
-១៩៨២ លេខាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ហ៊ុន សែន
-១៩៨៤ ប្រធាននាយកដ្ឋានសរុប និងជាលេខាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ហ៊ុន សែន
-១៩៨៥ លេខាផ្ទាល់របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជាប្រធាននាយកដ្ឋានសរុបនៃក្រសួងការបរទេស
-១៩៨៧ អនុរដ្ឋមន្ត្រីនៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី (ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម គមនាគមន៍/ដឹកជញ្ជូន សំណង់ វិនិយោគទុន និងកិច្ចការ បរទេស)
-កក្កដា ១៩៩៣ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលបណ្តោះអាសន្នជាតិនៃកម្ពុជា
-២៤ កញ្ញា ១៩៩៣ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី១) និងជាអភិបាលរងកម្ពុជាប្រចាំធនាគារពិភពលោក (World Bank) និងជាអភិបាលរងកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank ADB)
-២៤ តុលា ១៩៩៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី១)
-២៦ កក្កដា ១៩៩៨ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភាប្រចាំមណ្ឌលសៀមរាប (ក្រោយមកបានប្រគល់អាសនៈនេះ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល)
-៣០ វិច្ឆិកា ១៩៩៨ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា(អាណត្តិទី២)
-២៧ កក្កដា ២០០៣ ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិករដ្ឋសភាប្រចាំមណ្ឌលសៀមរាប (ក្រោយមក បានប្រគល់អាសនៈនេះដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល)
-១៥ កក្កដា ២០០៤ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី៣)
-២៧ កក្កដា ២០០៨ ត្រូវបានជ្រើសតាំងជាសមាជិករដ្ឋសភាសម្រាប់មណ្ឌលខេត្តកែប (ក្រោយមកបានប្រគល់អាសនៈនេះ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល)
-២៥ កញ្ញា ២០០៨ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី៤) (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា)
-២៨ កក្កដា ២០១៣ ត្រូវបានជ្រើសតាំងសាជាថ្មីជាសមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្តកែប (ក្រោយមកបានប្រគល់អាសនៈ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល)
-២៤ កញ្ញា ២០១៣ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី៥)
-២១ ធ្នូ ២០១៣ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (អាណត្តិទី៥)
-៣០ មីនា ២០២០ ដល់ បច្ចុប្បន្ន រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ (អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម)
សកម្មភាពផ្សេងទៀតនៅក្នុងរាជរដ្ឋាភិបាល៖
– (១៩៩៥ – ២០០៤) ប្រធានក្រុមចរចារបស់កម្ពុជា ដើម្បីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)
– (១៩៩៥ – ២០១៣) ប្រធានក្រុមប្រឹក្សាយោបល់កម្ពុជាអំពី WTO
– (កក្កដា ១៩៩៩ – កញ្ញា ២០១៣) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា
– (សីហា ២០០៥ – កញ្ញា ២០១៣) រដ្ឋមន្ត្រីសេដ្ឋកិច្ច ASEM សម្រាប់កម្ពុជា
– (ធ្នូ ២០០៧-កញ្ញា ២០១៣) រដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធី នៃមហាអនុតំបន់ទន្លេមេគង្គ
– (២០០៧ -២០១៣) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម
– (២០០៧ -២០១៣) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ ថៃ
– ( ២០០៤ – ២០១៣) អនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកការវិនិយោគទុនបរទេសដោយផ្ទាល់ និង ច្រកចេញចូលតែមួយ
– (២០០៦- ២០១៣) អនុប្រធានគណៈកម្មាធិការកម្ពុជាសម្រាប់កម្មវិធីយុទ្ធសាស្ត្រសហប្រតិបត្តិការទន្លេមេគង្គ Ayeyawadee – Chao Praya (ACMECS)
– (២០០០ – ២០១៣) អនុប្រធានគណៈកម្មាធិការសម្រាប់ការអភិវឌ្ឍន៍ផ្នែកឯកជន និងជាប្រធានអនុគណៈកម្មាធិការជម្រង់ផ្លូវស្តីពីការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងវិនិយោគដែលពាក់ព័ន្ធដល់ វិស័យពាណិជ្ជកម្ម
– (២០០០ – ២០១៣) ប្រធានក្រុមការងារផ្នែកឯកជន/រដ្ឋ លើការកែច្នៃការនាំចេញ និងសម្របសម្រួលពាណិជ្ជកម្ម
– (២០០៧ – ២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីក្របខណ្ឌ សមាហរណកម្មសម្រាប់ជំនួយ បច្ចេកទេសដែលទាក់ទងដល់ពាណិជ្ជកម្ម និងយុទ្ធសាស្រ្តពាណិជ្ជកម្មសម្រាប់កាត់ បន្ថយភាពក្រីក្រ
– (១៩៩៨-២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលកម្មសិទ្ធិបញ្ញា
-(១៩៩៦-២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការគ្រប់គ្រងគុណភាពទំនិញ និងសេវាកម្ម
– (១៩៩៦-២០១៣) ប្រធានគណៈកម្មាធិការទទួល និងចែកចាយជំនួយបរទេស
– (១៩៩៨-២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួងសម្រាប់ការរៀបចំ និងចូលរួមរបស់កម្ពុជានៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក
– (ឆ្នាំ២០០៥) អគ្គស្នងការទទួលបន្ទុកផ្នែកកម្ពុជានៅក្នុងពិព័រណ៍ពិភពលោក នៅក្រុងអាយជី ប្រទេសជប៉ុន
– (ឆ្នាំ២០១០) អគ្គស្នងការទទួលបន្ទុកផ្នែកកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោកនៅក្រុងសៀង ហៃ សាធារណៈរដ្ឋប្រជាមានិតចិន
– (ឆ្នាំ២០១២) អគ្គស្នងការទទួលបន្ទុកផ្នែកកម្ពុជា នៅក្នុងពិព័រណ៍អន្តរជាតិនៅ ក្រុងយុវស៊ូ សាធារណៈរដ្ឋកូរ៉េ
– (ខែកញ្ញា ឆ្នាំ២០១៣-បច្ចុប្បន្ន) អនុប្រធានគណៈកម្មាធិការជម្រង់ផ្លូវអភិវឌ្ឍន៍ផ្នែកឯកជន និងជាប្រធានអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម
– (កញ្ញា ២០១៣-បច្ចុប្បន្ន) ប្រធានក្រុមការងារផ្នែករដ្ឋ-ឯកជន ស្តីពីកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម
– (មករា ២០១៤ -បច្ចុប្បន្ន) ប្រធានក្រុមការងារថ្នាក់ជាតិដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣នៅក្នុងខេត្តកំពត
– (កញ្ញា ២០១៣ – បច្ចុប្បន្ន) ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ
– (កញ្ញា២០១៤ – បច្ចុប្បន្ន) ប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់
– (ធ្នូ ២០១៤ – បច្ចុប្បន្ន) អនុប្រធានគណៈកម្មាធិការផលិតភាពកម្ពុជា
– ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង គ្រប់គ្រងនិងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ (មិថុនា ២០១៦ – បច្ចុប្បន្ន)
គ្រឿងឥស្សរិយយសថ្នាក់ជាតិ
– មេដាយប្រាក់ស្ថាបនាជាតិ (១៩៩៣)
– មេដាយមាសស្ថាបនាជាតិ (១៩៩៥)
– មេដាយមាសស្ថាបនាជាតិ (១៩៩៧)
– មេដាយមាសស្ថាបនាជាតិ (១៩៩៩)
– មេដាយមាសស្ថាបនាជាតិ (២០០៣)
– គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ (១៩៩៨)
– គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ (២០០១)
– គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍនា(០៦ មករា ២០០៣)
– គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់ធិបឌិន្ទ (ធ្នូ ២០០៣)
– គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ (២៣ សីហា ២០០៧)
– គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ (២៤ តុលា ២០០៧)
– មេដាយជាតូបការ(២០ កុម្ភៈ ២០០៩)
– មេដាយម្ចាស់ក្សត្រីយានីស៊ីសុវត្ថិកុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ (ថ្ងៃទី២៧ខែមករា ឆ្នាំ២០១០)
គោរមងារកិត្តិយស
– ឧកញ៉ា (២ កុម្ភៈ ២០០២)
– ទីប្រឹក្សាជាន់ខ្ពស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា (កក្កដា ២០០៤)
– កិត្តិសេដ្ឋាបណ្ឌិត នៃរាជបណ្ឌិតសភាកម្ពុជា (១២ មេសា ២០១៨)
ភាសា
ខ្មែរ បារាំង អង់គ្លេស
គ្រួសារ
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ មានកូនប្រុសម្នាក់ (បូរិទ្ធ) កូនស្រី ២ នាក់ (និមល និង ក្រស្នា) និងកូនស្រីចិញ្ចឹមម្នាក់ (សុធារ៉ា)។
ចំណូលចិត្ត
កីឡាវាយកូនហ្គោល កីឡាវាយកូនបាល់ កីឡាបាល់ទះ កីឡាវាយសី កីឡាប៉េងប៉ុង កីឡាប៉េតង់ មើលខ្សែភាពយន្តគំនូរជីវចល អានសៀវភៅគំនូរជីវចល អានសៀវភៅ អក្សរសាស្ត្រស្តីពីពុទ្ធនិយម និងវប្បធម៌កម្ពុជា និងសៀវភៅប្រវត្តិសាស្ត្រ។
សកម្មភាពផ្សេងៗ
– សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សសាមគ្គី ការពារ និងកសាងមាតុភូមិកម្ពុជា (២៩ មេសា ២០០៦ – បច្ចុប្បន្ន)
– ប្រធានមូលនិធិកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ដែលជាអង្គការមិនរកកម្រៃសំដៅជួយដល់ជនក្រីក្រនៅកម្ពុជា (ចាប់តាំងពីឆ្នាំ១៩៨៧ ដល់បច្ចុប្បន្ន)
– ប្រធានសហព័ន្ធវាយតេននីសកម្ពុជា (ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន)
សមិទ្ធផលនានា
-គម្រោងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលបានប្រកាសកាលពីឆ្នាំ២០០៥ ដែលមានគោលបំណងផលិតកែច្នៃទំនិញនាំចេញ ដើម្បីទាក់ទាញឧស្សាហកម្មពីប្រទេសជិតខាង ក៏មានការផ្ដួចផ្ដើមពីក្រសួងពាណិជ្ជកម្ម ក្រោមការគ្រប់គ្រងរបស់លោក ចម ប្រសិទ្ធ ដែរ។
-ក្នុងអំឡុងពេលដែលលោក ចម ប្រសិទ្ធ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានគោលនយោបាយពាណិជ្ជកម្មជាច្រើនដែលផ្ដល់ការអនុគ្រោះពីសហគមន៍អន្តរជាតិ។ គោលនយោបាយអន្តរជាតិទាំងនោះ រួមមាន ការទទួលបានលក្ខខណ្ឌអនុគ្រោះពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩៦ ដែលហៅថា អឹម.អេហ្វ.អិន (MFN)។ នៅឆ្នាំ១៩៩៧ កម្ពុជា ទទួលបានលក្ខខណ្ឌអនុគ្រោះ ជី.អេស.ភី (GSP) សម្រាប់ការធ្វើសមាហរណកម្មប្រទេសដែលលូតលាស់តិចជាងគេឲ្យចូលនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន ដែលទទួលបានការកាត់បន្ថយពន្ធគយសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង១០។
-ប្រទេសកម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៣ ដោយសារតែកម្ពុជា បានកែប្រែប្រព័ន្ធច្បាប់ កែលម្អរចនាសម្ព័ន្ធពន្ធគយ។ ប៉ុន្តែនៅឆ្នាំ ២០០៥ កូតាទីផ្សារនាំចេញនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវផុតកំណត់ និងនៅឆ្នាំ២០០៨ ការរឹតត្បិតបរិមាណផលិតផលកាត់ដេរពីប្រទេសចិន ក៏ត្រូវផុតកំណត់ដែរ។
តួនាទីនៅលើឆាកអន្តរជាតិវិញ លោក ចម ប្រសិទ្ធ ជាប្រធានក្រុមអ្នកចរចាឲ្យប្រទេសកម្ពុជា ចូលនៅអង្គការពាណិជ្ជកម្មពិភពលោកនៅអំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៤។ ក្រៅពីនេះ លោកក៏បានទទួលតំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៣។ លោកក៏បានទទួលតួនាទីនិងភារកិច្ចសំខាន់ជាច្រើនទៀត លើកិច្ចការពាណិជ្ជកម្មនៅប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងជាប្រធានក្រុមពិភាក្សារវាងវិស័យឯកជនដើម្បីលើកកម្ពស់ពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ