ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ វេទិកាថ្នាក់រដ្ឋមន្ត្រីឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តល់ឱកាសឲ្យតួអង្គពាក់ព័ន្ធបង្កើនទំនុកចិត្ត និងការយោគយល់គ្នា
តាមការអញ្ជើញរួមគ្នារបស់លោក Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន វេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់តួអង្គពាក់ព័ន្ធនៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈ ដើម្បីរិះរកមធ្យោបាយកសាងអនាគតរួមគ្នា ដែលប្រកបដោយបរិយាប័ន្ន ភាពធន់ និងវិបុលភាព។
ប្រមុខកាទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងឡាយ អាចនាំមកនូវសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំធេងដល់យ៉ាងហោចណាស់ពាក់កណ្តាល នៃចំនួនប្រជាជនសរុបលើពិភពលោក។ លោកថា វត្តមាន និងការប្តេជ្ញាចិត្តរបស់មិត្តភក្តិនៅអឺរ៉ុបរបស់យើង នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ភាពរុងរឿងនៃតំបន់នេះ ហើយជាការពិត អឺរ៉ុបក៏នឹងអាចទាញយកផលប្រយោជន៍ពីកត្តានេះផងដែរ។

ក្រសួងការបរទេសបានឲ្យដឹងដែរថា នៅក្នុងវេទិកានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាតំណាងជាន់ខ្ពស់របស់កម្ពុជា ដែលជាប្រទេសប្រធានអាស៊ានឆ្នាំ២០២២ នេះ នឹងថ្លែងសុន្ទរកថាបើក និងចូលរួមវេទិកាតុមូលស្តីពីសន្តិសុខ និងកិច្ចការពារជាតិផងដែរ ហើយនឹងចូលរួមកិច្ចប្រជុំរវាងបារាំង និងរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ដូចជា លោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា, លោក Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។

ឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទីនោះផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ