ព័ត៌មានជាតិ
កម្ពុជា-អ៊ីរ៉ង់ ឯកភាពជំរុញពង្រីកពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឲ្យកាន់តែខ្ពស់ជាមួយគ្នា
ជំនួបរវាងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ សម្រេចបានលទ្ធផលជាច្រើន ពិសេសលើការបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីនៃប្រទេសទាំងពីរ។
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ អបអរសាទរ ដល់លោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាព្រះរាជាណាចក្រកម្ពុជា។ លោក ពេជ ឫទ្ធី បានគូសបញ្ជាក់ថា តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ផ្សាភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកអគ្គរដ្ឋទូត ភាគីទាំងពីរនឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខធិការ បានលើកឡើងពីកាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលមានលក្ខណៈអំណោយផលដល់វិនិយោគិន និងធុរជនទាំងក្នុងស្រុក និងបរទេស ប្រកបដោយបរិយាប័ន្ន និងចីរភាព។ លោក ក៏បានលើកទឹកចិត្តវិនិយោគិនអ៊ីរ៉ង់ឱ្យចាប់យកឱកាសផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ឬការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងវាយនភ័ណ្ឌ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិននិងកម្ពុជា-កូរ៉េ ក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។
ជាការឆ្លើយតប លោក អាលី អាកបា ណាហ្សារី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីរ៉ង់ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកទូត មើលឃើញថា ប្រទេសទាំងពីរសុទ្ធសឹងតែមានសក្តានុពល ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផលសក្តានុពល និងការផ្តល់ច្រកទីផ្សារសក្តានុពលសម្រាប់ការនាំចេញទៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ាន ដែលមានប្រជាជនសរុបប្រមាណ ១,២០០ លាននាក់។
លោក ក៏ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការជាសារវ័ន្ត រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគ និងកិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានបង្ហាញអំពីបំណងក្នុងការផ្គត់ផ្គង់មុខទំនិញសក្តានុពលរបស់អ៊ីរ៉ង់រួមមាន៖ ថ្នាំពេទ្យ ប្រេងនិងឧស្ម័ន និងឥន្ធនៈ។
លើសពីនេះទៀត ឯកអគ្គរដ្ឋទូត បានស្នើឱ្យភាគីទាំងពីរពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ដើម្បីអាចប្រើប្រាស់ជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដូចដែលភាគីអ៊ីរ៉ង់មានជាមួយថៃ វៀតណាម ម៉ាឡេស៊ី ចិន និងរុស្ស៊ី។ តាមរយៈក្របខណ្ឌនៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះនេះ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដែលជាសក្តានុពល សំដៅបម្រើដល់ខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ។
តបតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ុង់ ពេជ ឫទ្ធី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បើកជំហរ និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ដែលអាចចូលរួមចំណែកក្នុងបច្ច័យនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រជាជាតិទាំងមូល។
ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងពិចារណាលើសំណើររបស់ភាគីអ៊ីរ៉ង់ និងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដទៃទៀតនាពេលអនាគត សំដៅដល់ការលើកកម្ពស់ការធ្វើធុរកិច្ចនិងវិនិយោគ ការចែករំលែកទៅវិញទៅមកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ការពង្រឹងភាពជាដៃគូ ជាពិសេសការជំរុញកំណើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលបច្ចុប្បន្ននៅមានទំហំតិចតួចនៅឡើយ៕
អត្ថបទ៖ ទួន សុផល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់