ព័ត៌មានជាតិ
តំណាងកម្ពុជា នៅហ្សឺណែវ ខកចិត្តចំពោះការចេញផ្សាយរបស់អ្នករាយការណ៍ពិសេសចំនួន៣រូប
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានា នៅទីក្រុងហ្សឺណែវ បានសម្ដែងការខកចិត្តចំពោះការចេញផ្សាយ ព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន៣រូប ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក អាន សុខខឿន ស្ថានតំណាងកម្ពុជា នៅហ្សឺណែវ បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១១ ខែធ្នូ ថា នៅទូទាំងពិភពលោក ការឆ្លើយតបនឹងការរាតត្បាតកូវីដ១៩ តម្រូវឱ្យមានវិធានការវិសាមញ្ញ ហើយសម្រាប់កម្ពុជា ការឆ្លើយតប ដែលបានដាក់ចេញតាមរយៈវិធីសាស្រ្តមានការចូលរួមពីតួអង្គរដ្ឋាភិបាល និងសង្គមទាំងមូល និងស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក មានគោលបំណង ដើម្បីធានាថា ជីវិតដ៏មានតម្លៃ នឹងមិនត្រូវបានបាត់បង់។ គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាបានគ្រប់គ្រងមេរោគកូវីដ-១៩ ដោយមានករណីវិជ្ជមានតិចជាង៣៦០ នាក់ ពុំមានអ្នកស្លាប់ និងពុំមានការបិទប្រទេសឡើយ។ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការគ្រប់គ្រងបានប្រសើរបំផុតចំពោះការរាលដាលឆ្លងមេរោគនេះ (យោងតាម Bureau de Perspective Economique of Senegal)។

បើតាមលោក អាន សុខខឿន ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ដោយក្រសួងសុខាភិបាល គឺមានសារៈសំខាន់ជាខ្លាំង និងភាពចាំបាច់បំផុត ក្នុងកាលៈទេសៈតម្រូវឱ្យមានការទប់ស្កាត់ជាបន្ទាន់នូវការឆ្លងចូលសហគមន៍ ដែលមិនទាន់ឃើញប្រភពច្បាស់នៅឡើយ ក្នុងគោលបបំណងការពារសុវត្ថិភាពសុខភាពសាធារណៈ និងសន្តិសុខរបស់ប្រជាជនទាំងមូល ដែលត្រូវបានធានា ដោយច្បាប់អន្តរជាតិ។
លោកបន្តថា វិធានបណ្ដោះអាសន្នខាងលើ ត្រូវបានដាក់ចេញ ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការតាមរកធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ចំពោះបុគ្គលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ថ្ងៃទី៣ និង២៨ ខែវិច្ឆិកា” សំដៅរួមចំ ណែកទប់ស្កាត់ការឆ្លងរាលដាលដែលមិនអាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកកំពុងជួបប្រទះ យ៉ាងធ្ងន់ធ្ងរ ។

ជាការគាំទ្រដល់វិធានការខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជាសាធារណៈនូវអត្តសញ្ញាណផ្ទាល់របស់សម្តេច នៅពេលធ្វើតេស្តកូវីដ-១៩ និងបានអំពាវនាវមិនឱ្យមានការរើសអើងចំពោះអ្នកជំងឺកូវីដ-១៩ ផងដែរ។ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ធំធេងរបស់ពលរដ្ឋកម្ពុជា ចំពោះវិធានការណ៍ខាងលើត្រូវបានឆ្លុះបញ្ចាំង តាមរយៈវត្តមានដ៏ក្លាហានរបស់ពលរដ្ឋកម្ពុជា ចំនួនលើសមួយម៉ឺននាក់ ដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយព្រឹត្តិការណ៍ខាងលើ ចេញមកចូលរួមធ្វើ តេស្តកូវីដ-១៩ ដោយស្ម័គ្រចិត្ត។
កិច្ចប្រឹងប្រែងការពារភាពឯកជនរបស់បុគ្គលពាក់ព័ន្ធ ក៏ត្រូវបានខិតខំធ្វើឡើងផងដែរ នៅពេលចំនួនករណីវិជ្ជមានកូវីដ-១៩ ជាប់ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើហាក់បានថយចុះ។ ការដាក់បង្ហាញរូបភាព ដែលបានប្រើប្រាស់ក្នុងគ្រាតម្រូវឱ្យមានប្រតិបត្តិការស្វែងរកជាបន្ទាន់ និងឆាប់រហ័សនោះ ឥឡូវត្រូវបានដកចេញពីសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលរួចហើយ។ ការឈប់បង្ហាញឈ្មោះ ក៏នឹងត្រូវចាប់ផ្តើមអនុវត្តឡើងវិញ នៅពេលការឆ្លងចូលសហគមន៍ត្រូវបានគ្រប់គ្រងទាំងស្រុង។

កិច្ចការពារសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាព នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ វិធានការប្រុងប្រយ័ត្ន និងគំនិតផ្តួចផ្តើមផ្សេងៗត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ និងដើម្បីដោះស្រាយស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារ ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩របស់កម្ពុជា បានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស។ ចម្បងនិងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន និង សិទ្ធិទទួលបានការព្យាបាលសុខភាព។ អ្នករាយការណ៍ពិសេស ដែលបុគ្គលខ្លះមិនដែលស្គាល់ច្បាស់ពី កម្ពុជាផងនោះ គួរតែចូលរួមអបអរចំពោះសមិទ្ធផលខាងលើដែលមិនអាចប្រកែកបាន ទទួលស្គាល់នូវ អាទិភាពរបស់កម្ពុជា និងបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវ តាមរយៈការជួយបន្ថែម ជាជាង បង្អាក់ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី