ព័ត៌មានជាតិ
កម្ពុជា បកមុខអាមេរិក រឿងមូលដ្ឋានទ័ពរាម ក្នុងកិច្ចប្រជុំតុមូលស្ដីពីសន្ដិសុខ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ដោយលើកឡើងពីការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ភ្ជាប់ជាមួយបញ្ហាសមុទ្រចិនខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ប្រទេសតូចតាចដូចកម្ពុជា ក៏ត្រូវទទួលរងគ្រោះ ដោយគ្រាន់តែកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរបស់ខ្លួនប៉ុណ្ណោះ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមុទ្រចិនខាងត្បូង គឺពិតជាតំបន់មួយ ដែលមានសារសំខាន់ និងផលប្រយោជន៍ លាយឡំគ្នាយ៉ាងជាក់ច្បាស់ និងប្រកបដោយគ្រោះថ្នាក់។ លោកថា ប្រទេសដែលពាក់ព័ន្ធ គឺប្រទេសដែលកំពុងមានជម្លោះដណ្ដើមនូវអធិបតេយ្យភាពនៅផ្នែកណាមួយ នៃតំបន់សមុទ្រនោះ ទោះបីទឡ្ហីករណ៍ខាងផ្នែកច្បាប់ និងប្រវត្តិសាស្រ្ដ ដែលគេលើកឡើង ដើម្បីធ្វើជាអំណះអំណាង នៃការទាមទាររបស់គេនោះយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសតូចដូចកម្ពុជា ក៏ត្រូវទទួលរងគ្រោះផងដែរ។
ប្រមុខកាទូតកម្ពុជាបញ្ជាក់ថា ដោយសារតែអ្វីទំាងអស់ ដែលប្រទេសចិនធ្វើនៅក្នុងតំបន់នេះ ត្រូវបានសហរដ្ឋអាមេរិកតាមដាន និងវិភាគយ៉ាងល្អិតល្អន់នោះ សូម្បីតែកិច្ចសន្យារវាងកម្ពុជា និងចិន នៅក្នុងការស្ដារជួសជុល និងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមនេះ ក៏បានក្លាយជាចំណុចកណ្ដាល នៃការចោទប្រកាន់ និងការដាក់សម្ពាធរហូតដល់ការគម្រាមកំហែងផង។ លោកថា ក្នុងខណៈដែលការងារជួសជុលមូលដ្ឋាននេះ កំពុងដំណើរការនៅឡើយ អាមេរិក បានចោទប្រកាន់ថា កម្ពុជាបានផ្តល់មូលដ្ឋាននេះ ឱ្យទៅប្រទេសចិនផ្ដាច់មុខ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា “ខ្ញុំសូមជម្រាបជូនអង្គប្រជុំថា កម្ពុជា ប្រកាន់នូវនយោបាយអព្យាក្រិត្យអចិន្ដ្រៃយ៍។ រដ្ឋធម្មនុញ្ញ កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាតឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះគឺបេសសកកម្មរក្សាសន្ដិភាព”។ លោកថា “រាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយហ៊ុមព័ទ្ធ ទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍។ មូលដ្ឋាននេះ គ្មានគោលដៅណាផ្សេងក្រៅពីការការពារដែនសមុទ្ររបស់យើង និងការពារអធិបតេយ្យ បូរណភាពទឹកដីរបស់យើង ដែលជាញឹកញាប់ ត្រូវបានគេរំលោភបំពាន”។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ទៀតថា ក្នុងឋានៈជាប្រទេសអធិបតេយ្យ កម្ពុជា មានសិទ្ធគ្រប់យ៉ាងទាំងអស់នៅក្នុងការជ្រើសរើសមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីការពារប្រជាជាតិរបស់យើង ប៉ុន្តែយើង នឹងធ្វើការជ្រើសរើសមធ្យោបាយនោះ ដោយគោរពយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរបស់យើង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយលោកបានចូលរួមថ្លែងបទអន្តរគមន៍ក្នុងកិច្ចប្រជុំតុមូល ស្ដីពី “សន្ដិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ