Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​មីន ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៣ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ២០២២ នៅ​ខេត្តព្រះវិហារ

បានផុស

នៅ

​ព្រះវិហារ ៖ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៣ នៃ​ទិវា​ជាតិ​យល់ដឹង​ពី​មីន ២៤ កុម្ភៈ នៅ​ខេត្តព្រះវិហារ ដើម្បី​បន្ត​លើកកម្ពស់​ការអប់រំ​ស្តីពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​តាម​គ្រប់​រូបភាព ដែល​កម្ពុជា​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៩ មក ហើយ​ការជួប​ជុំគ្នា គឹ​ដើម្បី​សម្តែង​នូវ​ការ​សោកស្តាយ ការ​អាណិតអាសូរ និង​អារម្មណ៍​ក្រៀមក្រំ ចំពោះ​ការ​បាត់​បង់ជីវិត ពិការភាព និង​បែកបាក់​គ្រួសារ ដែល​បងប្អូន​យើង​បាន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក​ទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​មានការ​ចូលរួម​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​, តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ លោកស្រី Alissar Chaker ប្រធាន​UNDP ប្រចាំ​នៅ​កម្ពុជា​, លោក យុង គឹម​ហ៊ាន អភិបាលរង​ខេត្តព្រះវិហារ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ ប្រតិបត្តិ​ករ​សកម្មភាព​មីន ប្រជាពលរដ្ឋ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​។

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋបាលខេត្ត​ព្រះវិហា​រ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ព្រមទាំង​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជ្រើស​រើស​យក​ខេត្តព្រះវិហារ​សម្រាប់​រៀប​ចំ​ទិវា​ជាតិ​នេះ ដែល​ការរៀបចំ​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦​។

ជា​មួយ​គ្នា​នេះ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ត្រចះត្រចង់​សម្រាប់​ការងារ​បោសសម្អាត​មីន​/​គ្រាប់​រយៈពេល​ជិត ៣០​ឆ្នាំនេះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ និង​មាន​មហិច្ឆតា​ធំធេង ដាក់ចេញ​នូវ​ចក្ខុវិស័យ និង​គោលដៅ​យ៉ាងច្បាស់​លាស់ គឺ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥» ព្រមទាំង​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​អាចធ្វើ​បាន ជាមួយនឹង​ការតាំង​ចិត្ត​ខ្ពស់ និង​ការប្តេជ្ញាចិត្ត​រួម​របស់​យើងទាំងអស់គ្នា​។

ក្នុង​ឱកាស​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស សម្ភារ និង​ថវិកា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ព្រមទាំង​សម្តែង​នូវ​ការដឹងគុណ ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ និង​អន្តរជាតិ ជាពិសេស​វីរបុរស​-​វីរនារី​ដោះមីន ដែល​បាន​បំពេញការងារ​ក្រោម​ពន្លឺ​ថ្ងៃ​យ៉ាង​ក្តៅ និង​ទាំង​ប្រថុយប្រថាន​អាយុជីវិត ក្នុងការ​ជួយសង្គ្រោះ​ជីវិត និង​រំដោះ​ផ្ទៃដី​ជូន​ប្រជាពលរដ្ឋ សម្រាប់​កសាង​ភូមិដ្ឋាន ធ្វើស្រែ​ចំការ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា​។

លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ទោះបី​មាន​កិច្ចខិតខំ​ប្រឹងប្រែង លើ​ការងារ​បោសសម្អាត​មីន​និង​គ្រាប់​យ៉ាងណាក៏ដោយ ការគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែមាន​ជាប្រចាំ ហើយ​ការចូលរួមចំណែក​ពី​សកម្មភាព​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជា​កិច្ចការ​ដ៏​ចាំបាច់ និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​អវិជ្ជមាន ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​នៅតាម​សហគមន៍​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​អំពាវនាវ​ឲ្យ​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា ដើម្បី​លុប​បំបាត់ចោល​ឲ្យ​អស់​នូវ​សោកនាដកម្ម​ដ៏​សែន​ឈឺចាប់ ដោយសារ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ពី​ទឹកដី​កម្ពុជា និង​ពិភពលោក​ទាំងមូល​។

​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា «​ទិវា​ជាតិ​នៃ​ការយល់ដឹង​អំពី​មីន​ថ្ងៃនេះ មាន​តម្រូវការ​សម្រាប់​ការលើកកម្ពស់​ការយល់​ដឹង​ដល់​ប្រជាពលរដ្ឋ​។ ខ្ញុំ​មាន​មោទនភាព​ដែល​ចក្រភព​អង់គ្លេស​បន្តធ្វើ​ជា​ម្ចាស់ជំនួយ​ដ៏​សំខាន់ និង​ជា​អ្នកគាំទ្រ​ចំពោះ​ការសន្យា​របស់​កម្ពុជា​ក្នុងការ​ប្រកាស​ប្រទេស​គ្មាន​មីន​ឆ្នាំ​២០២៥ ហើយ​ចាប់ពី​ឆ្នាំ ២០១០ ដល់​បច្ចុប្បន្ន ចក្រភព​អង់គ្លេស​បានផ្តល់​ថវិកា​ចំនួន ២៤ លាន​ដុល្លារ ដល់​អង្គការ Halo Trust, MAG និង NPA ដែល​ជួយ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​ចក្រភព​អង់គ្លេស​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​មួយ​ក្នុងការ​រួមចំណែក​ក្នុង​សកម្មភាព​មីន​នៅ​កម្ពុជា​។

ជា​មួយ​គ្នា​នេះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំ​នៅ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការងារ​បោសសម្អាត​មីន ការ​តាំង​ចិត្ត និង​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុងការ​សម្រេច​បាននូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥​។

លោកស្រី បាន​បន្ត​ទៀត​ថា «​ខណៈ​ពេល​ដែល​យើង​ដំណើរការ​លើ​ការ​បោសសម្អាត​មីន​នោះ យើង​មិនត្រូវ​ភ្លេច​នូវ​សសរស្ដម្ភ​ចំនួន​៥ ផ្សេងទៀត​នៃ​សកម្មភាព​មីន​ទេ គឺ​ការអប់រំ​ហានិភ័យ​មីន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រង​គ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយ​ការលើកកម្ពស់​ការយល់​ដឹង និង​លើកកម្ពស់​ការផ្លាស់ប្តូរ​អាកប្បកិរិយា តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ការអប់រំ និង​បណ្តុះបណ្តាល និង​ទំនាក់ទំនង​ជាមួយ​សហគមន៍»៕

លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក Trudeau ជំទាស់​ដាច់​អហង្ការ​ដែល ត្រាំ ចង់​បាន​កាណាដា​ធ្វើ​ជា​រដ្ឋ​ទី​៥១​របស់​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម