ព័ត៌មានជាតិ
កម្ពុជាស្នើថៃបន្តផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ទាន់ពេលវេលា
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក សំដៅទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានមានប្រសាសន៍ថា ការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកបានទាន់ពេលវេលាក៏អាចឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបណ្តាញមេខ្យល់ដែលលួចលាក់នាំជនបរទេសឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយផងដែរ។
ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Surasak សេនានុព័ន្ធនគរបាលប្រចាំស្ថានទូតថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯក Surasak បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកន្លងមកបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការជួយសង្គ្រោះជនជាតិថៃដែលរងគ្រោះ និងសម្រួលបែបបទ នីតិវិធីក្នុងការបញ្ជូនត្រឡប់ទៅប្រទេសថៃវិញប្រកបដោយសុវត្ថិភាព។ លោកបានបញ្ជាក់អំពីជំហររបស់សេនានុព័ន្ធ នគរបាលប្រចាំស្ថានទូតថៃ ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាពជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលខាងមុខ។
ឆ្លើយតបនឹងការលើកឡើងខាងលើ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានស្វាគមន៍ចំពោះការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងស្នើភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក សំដៅទប់ស្កាត់និងបង្ក្រាប ទាន់ពេលវេលារាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបណ្តាញមេខ្យល់ ដែលលួចលាក់នាំជនបរទេសឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ។
ក្នុងជំនួបខាងលើ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតថៃ លើការងារអនុវត្តច្បាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ ជាពិសេសការពារនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ បានរៀបចំតាមនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់ពីកម្ពុជាមានចំនួន ៣ ៥៩៤ នាក់ មាន ៤៣សញ្ជាតិដែលក្នុងនោះមានជនជាតិថៃចំនួនច្រើនជាងគេគឺ ២ ៨៩៩ នាក់ បន្ទាប់មកជនជាតិចិនមានចំនួន ២៦៦ នាក់ វៀតណាម ១៩៤នាក់ នីហ្សេរីយ៉ា ១០១នាក់ ឥណ្ឌូនេស៊ី ១៩នាក់ ហ្វីលីពីន ១៦នាក់ ម៉ាឡេស៊ី ៧នាក់ និង ៣៦ សញ្ជាតិទៀតមានចាប់តាំងពីម្នាក់រហូតដល់ទៅចំនួន៦នាក់។ បើគិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០១៤ មករហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ២០ ៨២៤ នាក់ មានចំនួន ១០៧សញ្ជាតិ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់