ព័ត៌មានជាតិ
លោក ទេព នីថា ៖ ដើម្បីសម្រេចបានជោគជ័យ លើការរៀបចំការបោះឆ្នោត ត្រូវតែរួមគ្នាអនុវត្តការងារដោយការទទួលខុសត្រូវ
លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិកាជាតិរៀបចំការឆ្នោត (គ.ជ.ប) បានលើកឡើងថា ដើម្បីសម្រេចបានជោគជ័យលើការរៀបចំបោះឆ្នោត ត្រូវតែរួមគ្នាអនុវត្តការងារដោយការទទួលខុសត្រូវ តាមតួនាទីរៀងៗខ្លួន។
ការលើកឡើងខាងលើនេះ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលា ស្ដីពី “ការអប់រំអ្នកបោះឆ្នោតជាប្រចាំនៅកម្ពុជា” ដែលរៀបចំឡើងរយៈពេល ២ថ្ងៃ សម្រាប់មន្រ្តី គ.ជ.ប, គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នាថ្ងៃទី ២៥ ខែកុម្ភៈនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
លោក ទេព នីថា បានថ្លែងថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកដំបូង នៃការអនុវត្តកម្មវិធីរួមគ្នារបស់ គ.ជ.ប-JICA ដើម្បីរួមគ្នាអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ក្នុងគោលដៅធានាឲ្យបាននូវផែនការ កម្មវិធីអប់រំអ្នកបោះឆ្នោតជាប្រចាំ មានភាពពេញលេញគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានប្រសិទ្ធភាព ជាមួយការគោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ដើរទន្ទឹមគ្នានឹងបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា នាពេលបច្ចុប្បន្ន។
ដោយផ្អែកតាមរបាយការណ៍សង្ខេប នៃអង្គសិក្ខាសាលា លោក ទេព នីថា ជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាសម្រេចឲ្យបាននូវទិសដៅសំខាន់ៗចំនួន ៣ រួមមាន៖
ទី១. ត្រូវខិតខំរួមសហការគ្នា រៀបចំគម្រោងផែនការអប់រំអ្នកបោះឆ្នោត និងអនាគតអ្នកបោះឆ្នោតឲ្យបានហ្មត់ចត់ ច្បាស់លាស់ មានប្រសិទ្ធភាព និងមានលក្ខណៈវិទ្យាសាស្រ្ត គ្រប់ជ្រុងជ្រោយ។
ទី២. រៀបចំបង្កើតឯកសារមេរៀនអប់រំ និងឯកសារបណ្ដុះបណ្ដាល ឲ្យបានល្អគ្រប់គ្រាន់ ផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីបច្ចុប្បន្នភាព និងតាមរយៈស្មារតី នៃអង្គសិក្ខាសាលា នាពេលនេះផងដែរ។
ទី៣. បង្កើតក្រុមគ្រូឧទ្ទេសបណ្ដុះបណ្ដាល ក្រុមគ្រូបង្គោលអប់រំ ដែលមានជំនាញច្បាស់លាស់ មានគរុកោសល្យត្រឹមត្រូវ មានបទពិសោធន៍ ច្នៃប្រឌិត និងមានភាពវាងវៃគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងសេចក្ដីត្រូវការ ចាំបាច់។
ជាមួយគ្នានេះដែរ លោក ទេព នីថា បានអះអាងថា ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៤ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតចំនួន ៤ តាមការកំណត់ច្បាប់រួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤, និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ លើកទី ៤ ឆ្នាំ ២០២៤។
លោក ទេព នីថា បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ ដើម្បីសម្រេចបានជោគជ័យ លើការងាររៀបចំការបោះឆ្នោតទាំងអស់នេះ គឺមានតែការរួមសហការគ្នា អនុវត្តប្រកបដោយការទទួលខុសត្រូវ តាមតួនាទីតាមការកំណត់នៃច្បាប់ និងសមស្របតាមសភាពការណ៍ ជាក់ស្ដែង៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់