ព័ត៌មានជាតិ
អ្នកល្មើសវិធានការចត្តាឡីស័ក អាចទទួលទោសព្រហ្មទណ្ឌថែមទៀត ក្រៅពីពិន័យជាប្រាក់
មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា អ្នកល្មើសវិធានការចត្តាឡីស័ក របស់ក្រសួងសុខាភិបាល ត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី ២សែនរៀល ទៅដល់១ លានរៀល ហើយអ្នកគេចវេសមិនសហការជាមួយមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាលនេះ ក៏នឹងត្រូវទទួលទោសព្រហ្មទណ្ឌផងដែរ។

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា រាល់អ្នកដែលល្មើស នឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។
លោកស្រីបញ្ជាក់ថា សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តវិធានការ ចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ ដែលរស់នៅ និងចូលមកកម្ពុជា។ ប្រសិនបើមិនប្រតិបត្តិតាមវិធានការ ដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឬរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឬទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា គឺអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលជាដើម។
កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការអត្ថាធិប្បាយបន្ថែមពីក្រុមអ្នកច្បាប់ទាក់ទងបញ្ហានេះបាននៅឡើយទេ ដោយពួកគាត់មានការស្ទាក់ស្ទើក្នុងការធ្វើអត្ថាធិប្បាយ ប៉ុន្តែតាមអនុក្រឹត្យស្ដីពី “វិធានការសុខាភិបាល ដើម្បីទប់ស្កាត់នឹងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល” ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ថា អ្នកមិនសហការត្រូវតែមានទោស។
ជំពូកទី៥ មាត្រា៨ នៃអនុក្រឹត្យ បានបញ្ជាក់ថា “អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណា ដែលគេចវេសស មិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ ជាប្រាក់ពី ២សែនរៀលដល់១លានរៀល ទៅតាមទំហំនៃបទល្មើសនិងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល”។
មាត្រាដដែលបានបញ្ជាក់ថា “ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជន ដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន”។
ទាក់ទងការល្មើសអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាលនេះ លោកស្រី ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា កន្លងមក ក៏មានការគេចវេសក្នុងការ ធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ ប៉ុន្តែក្នុងចំនួនតិចតួចណាស់ ហើយលោក ស្រី ឱ វណ្ឌឌីន ក៏បានអំពាវនាវឱ្យបុគ្គល ដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ ចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេស ក្នុងនោះត្រូវបង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?