Connect with us

ព័ត៌មានជាតិ

អ្នកល្មើសវិធានការចត្តាឡីស័ក អាច​ទទួលទោសព្រហ្មទណ្ឌ​ថែមទៀត ក្រៅ​ពី​ពិន័យជាប្រាក់

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា អ្នកល្មើសវិធានការចត្តាឡីស័ក របស់ក្រសួងសុខាភិបាល ត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី ២សែនរៀល ទៅដល់១ លានរៀល ហើយអ្នកគេចវេសមិនសហការជាមួយមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាលនេះ ក៏នឹងត្រូវទទួលទោសព្រហ្មទណ្ឌផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា រាល់អ្នកដែលល្មើស នឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។

លោកស្រីបញ្ជាក់ថា សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តវិធានការ ចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ ដែលរស់នៅ និងចូលមកកម្ពុជា។ ប្រសិនបើមិនប្រតិបត្តិតាមវិធានការ ដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឬរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឬទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា គឺអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលជាដើម។

កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការអត្ថាធិប្បាយបន្ថែមពីក្រុមអ្នកច្បាប់ទាក់ទងបញ្ហានេះបាននៅឡើយទេ ដោយពួកគាត់មានការស្ទាក់ស្ទើក្នុងការធ្វើអត្ថាធិប្បាយ ប៉ុន្តែតាមអនុក្រឹត្យស្ដីពី “វិធានការសុខាភិបាល ដើម្បីទប់ស្កាត់នឹងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល” ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥  បានបញ្ជាក់ថា អ្នកមិនសហការត្រូវតែមានទោស។

ជំពូកទី៥ មាត្រា៨ នៃអនុក្រឹត្យ បានបញ្ជាក់ថា “អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណា ដែលគេចវេសស មិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ ជាប្រាក់ពី ២សែនរៀលដល់១លានរៀល ទៅតាមទំហំនៃបទល្មើសនិងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល”។

មាត្រាដដែលបានបញ្ជាក់ថា “ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជន ដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន”។

ទាក់ទងការល្មើសអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាលនេះ លោកស្រី ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា កន្លងមក ក៏មានការគេចវេសក្នុងការ ធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ ប៉ុន្តែក្នុងចំនួនតិចតួចណាស់ ហើយលោក ស្រី ឱ វណ្ឌឌីន ក៏បានអំពាវនាវឱ្យបុគ្គល ដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ ចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេស ក្នុងនោះត្រូវបង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម