ព័ត៌មានជាតិ
ឆ្នាំ ២០២២ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានតម្រូវការឈាមប្រមាណ ១១ម៉ឺនប្លោក
នៅឆ្នាំ ២០២២នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានតម្រូវការឈាមប្រមាណ ១១ម៉ឺនប្លោក ខណៈក្នុងឆ្នាំ ២០២១ កន្លងមក មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានឈាម ត្រឹមតែ ៩ម៉ឺនប្លោកប៉ុណ្ណោះ ដោយមិនសម្រេចតាមផែនការនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក លី សុវិត្យ អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោក លី សុវិត្យ បានបន្តថា ធម្មតាតម្រូវការឈាមក្នុង ១ថ្ងៃ សម្រាប់តែមជ្ឈមណ្ឌលជាតិផ្ដល់ឈាម គឺមានប្រមាណជិត ៣០០ប្លោកហើយ សម្រាប់ទូទាំងប្រទេស គឺមានតម្រូវការឈាមច្រើនទៅតាមខេត្ដនីមួយៗ។ បើគិតក្នុង ១នាទីជាទូទៅ គឺមានតម្រូវការឈាមប្រមាណ ៥ប្លោក នៅទូទាំងប្រទេស ហើយបច្ចុប្បន្ននេះ ក្រៅពីរាជធានីភ្នំពេញ គឺខេត្ដមួយចំនួន ក៏មានតម្រូវការឈាមច្រើនផងដែរ។ ក្នុងនោះដូចជា៖ ខេត្ដសៀមរាប កំពង់ចាម បាត់ដំបង និងខេត្ដព្រះសីហនុ។
អនុប្រធាន នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងទៀតថា ចាប់តាំងពីមានការផ្ទុះឡើង នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មជ្ឈមណ្ឌលទទួលបានឈាមប្រហែល ៩០ ទៅ១០០ប្លោកប៉ុណ្ណោះ ក្នុងមួយ ថ្ងៃ។ ចំនួននៃការបរិច្ចាគឈាម បានធ្លាក់ចុះដោយសារតែការភ័យខ្លាច នៃជំងឺកូវីដ-១៩។ លោកបន្តថា ទោះយ៉ាងណាមជ្ឈមណ្ឌល នៅតែអាចផ្គត់ផ្គង់ដល់តម្រូវការជាក់ស្តែង ដើម្បីជួយសង្គ្រោះជីវិតមនុស្សអំឡុងពេលនេះ។
លោក លី សុវិត្យ បានបន្តថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ គឺមានគោលបំណង ដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងជំរុញដល់យុវជន ជាពិសេសគ្រូពេទ្យនិងបុគ្គលិក នៅតាមមន្ទីរពេទ្យឲ្យចូលរួមសកម្មជាមួយ នឹងសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាម សម្រាប់អ្នកជំងឺដែលត្រូវការឈាម នៅតាមមន្ទីរពេទ្យទូទាំងប្រទេសដោយមិនរើសអើង ឬប្រកាន់ជាតិសាសន៍ ឬសាសនា។
លោក ញ៉ូង ម៉ានិត ជាអ្នកបរិច្ចាគឈាមមួយរូប បាននិយាយថា លោកធ្លាប់បានបរិច្ចាគឈាមជាញឹកញ៉ាប់ កាលពីមុនព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ប៉ុន្តែចាប់តាំងពីមាន ការផ្ទុះនូវជំងឺកូវីដ-១៩នេះឡើង លោកមិនបានទៅបរិច្ចាគទៀតទេ ដោយសារមានការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ហើយថ្ងៃនេះជាថ្មីម្តងទៀត ដែលលោកបានត្រលប់មកបរិច្ចាគឈាមជាថ្មីឡើងវិញ។
លោក ម៉ានិត បានបន្តទៀតថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌មួយប្រភេទ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។ សម្រាប់ជនរងគ្រោះ ដែលត្រូវការឈាមការបរិច្ចាគឈាម គឺពិតជាសំខាន់ណាស់ ហើយវាអាចជួយសង្គ្រោះជីវិតពួកគេបាន។ បើសុខភាពរបស់យើងល្អយើង គួរតែទៅបរិច្ចាគឈាម ដើម្បីរួមគ្នាជួយសង្គ្រោះជីវិតទាំងអស់គ្នា។
សូមជម្រាបថា កាលពីថ្ងៃ ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ម្សិលមិញ គឺជាការបរិច្ចាគឈាមលើកទី ៩ គិតចាប់តាំងពីឆ្នាំ ២០១៦-២០២១ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៨លើក ដោយទទួលបានឈាមសរុបចំនួន ២៩៥ ប្លោក។
ក្នុងនោះឆ្នាំ ២០១៦ ផ្ដល់ឈាមបានចំនួន ១៧០ប្លោក, ឆ្នាំ ២០១៧ ផ្តល់ឈាមបានចំនួន ២២ប្លោក, ឆ្នាំ២០១៨ ផ្ដល់ ឈាមបានចំនួន ៣៥ប្លោក, ឆ្នាំ ២០១៩ ផ្តល់ឈាមបានចំនួន ៦៤ប្លោក, ឆ្នាំ ២០២០ចំនួន២លើកផ្តល់ឈាមបានចំនួន ៩៣ប្លោក និងឆ្នាំ ២០២១ ចំនួន ២លើកផ្តល់ឈាមបានចំនួន ៦៤ប្លោក៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ