ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយជាង៥២ម៉ឺនដុល្លារ សម្រាប់សាងសង់ស្ពាននិងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តចំនួន៣
រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយដែលមានថវិកាចំនួន៥២៧,១២២ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ជាប្រយោជន៍លើកស្ទួយដល់ការអភិវឌ្ឍនៅក្នុងសមហគមន៍នៃប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងកាលពីថ្ងៃទី០១ ខែមីនា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមថវិកាចំនួន ៥២៧,១២២ដុល្លារអាមេរិកក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ក្នុងនោះគម្រោងទី១ គឺការសាងសង់ស្ពានបេតុងនៅស្រុកកោះធំ ខេត្តកណ្តាល ដែលមានទឹកប្រាក់ជាង១២ម៉ឺនដុល្លារសម្រាប់ការដាក់ជំនួសស្ពានឈើចាស់មួយកន្លែងដែលបានសាងសង់កាលពីប្រហែល៧០ឆ្នាំមុន ដោយស្ពានបេតុងថ្មីវិញសម្រាប់ជាអត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផលទៅផ្សារនិងសិស្សទៅកាន់សាលារៀន ជាដើម។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថាគម្រោងទី២ គឺការសាងសង់ស្ពានបេតុងមួយកន្លែងដែលធន់នឹងទឹកជំនន់ នៅឃុំគោលាប់ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងទឹកប្រាក់ជាង១៣ម៉ឺនដុល្លារ។ តាមរយៈគម្រោងនេះប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៤
ដែលជារឿយៗមិនអាចធ្វើដំណើរចេញពីផ្ទះរបស់ពួកគាត់បាននៅរដូវវស្សានឹងអាចមានលទ្ធភាពប្រើប្រាស់បរិក្ខារសាធារណៈនានាបានពេញមួយឆ្នាំ។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងលើកកម្ពស់សកម្មភាពរបស់កសិករតាមរយៈការផ្តល់នូវផ្លូវដឹកជញ្ជូនប្រកបដោយសុវត្ថិភាពសម្រាប់ផលិតផលកសិកម្ម។

ចំណែកគម្រោងទី៣ គឺការជួសជុលទំនប់ទឹក និងទ្វារទឹកចំនួនពីរ និងការសាងសង់ទ្វារទឹកថ្មីចំនួនមួយ នៃប្រព័ន្ធធារាសាស្ត្រទានកាំក្នុងខេត្តបន្ទាយមានជ័យ ក្នុងទឹកប្រាក់ជាង២៦ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃមានស្ថេរភាពបានពេញមួយឆ្នាំ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តទៀតថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៤ពាន់នាក់ ដែលបានរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺននាក់ដែលបានជួបប្រទះការខ្វះខាតទឹកម្តងម្កាលដោយសារតែការបង្ហូរទឹកពីទំនប់ធំផ្នែកខាងលើ មកទំនប់ទានកាំ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា « យើងជឿជាក់ថា បរិក្ខារទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅកម្រិតមូលដ្ឋាន»៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ