ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញជាអធិបតី ក្នុងការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី “វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា”
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៣ ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី “វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” ដោយសហការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ជាមួយការគាំទ្រថវិកាពីក្រសួងការបរទេសនៃប្រទេសអៀរឡង់។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់ GICHD ក្រសួងការបរទេសប្រទេសអៀរឡង់ អង្គការ UNDP ប្រតិបត្តិករសកម្មភាពមីន និងអាជ្ញាធរមីន ដែលបានរួមចំណែកក្នុងការសិក្សានេះ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងប្រាប់អង្គពិធីថា “កម្ពុជា បានឈានដល់របត់នេះ និងទទួលបានជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់វិស័យសកម្មភាពមីន គឺដោយសារកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ ១៩៩៨ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ដើម្បីជោគជ័យកម្ពុជាគ្មានមីនឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ ហើយថែមទាំងបង្កើននូវសន្ទុះទៅមុខជានិច្ចក្នុងការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់”។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះដៃគូអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ដូចជា អូស្ត្រាលី បែលហ្សិក កាណាដា ចិន ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ ជប៉ុន សាធារណរដ្ឋកូរ៉េ ហុល្លង់ នូវែលហ្សឺឡង់ ន័រវេស្ស ស៊ុយអែត ស្វ៊ីស អង់គ្លេស អាមេរិក អង្គការ UNDP អង្គការ UNICEF និង GICHD ប្រតិបត្តិករបោសសម្អាតមីន និងបុគ្គលិកបោសសម្អាតមីន ដែលបានរួមចំណែកក្នុងការបោសសម្អាតមីន។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើទៅគ្រប់ភាគីពាក់ព័ន្ធថា “ខ្ញុំសង្ឃឹមថា ការណ៍ដែលខ្ញុំបានបង្ហាញពីទិដ្ឋភាពសំខាន់ៗនៃវិស័យសកម្មភាពមីននៅកម្ពុជា បន្ថែមលើបទបង្ហាញរបស់វាគ្មិន និងការពិភាក្សានាព្រឹកនេះ អង្គពិធីទាំងមូល អាចនឹងផ្សារភ្ជាប់សកម្មភាពមីនទៅនឹងអាទិភាពឬកិច្ចការខ្លួន ក៏ដូចជារបស់ស្ថាប័ននិងប្រទេសខ្លួន។ ដូចដែលបានរៀបរាប់ក្នុងការសិក្សា ការរួមបញ្ចូលគ្នារវាងវិស័យសកម្មភាពមីន និងវិស័យផ្សេងទៀត នឹងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើង។ យើងត្រូវការបន្តកិច្ចសហប្រតិបត្តិការបែបនេះ។ យើងត្រូវការបន្តគាំទ្រវិស័យសកម្មភាពមីនរហូតដល់ថ្ងៃដែលចំការមីនចុងក្រោយបង្អស់ត្រូវបានប្រែក្លាយទៅជាដីដែលមានសុវត្ថិភាព។ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥”។
សូមជម្រាបថា ការសិក្សានេះគូសបង្ហាញយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការរួមចំណែករបស់វិស័យសកម្មភាពមីន ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លទ្ធផលបានមកពីការសិក្សានៅកម្ពុជា បានផ្តល់នូវភស្តុតាងដ៏ច្បាស់លាស់អំពីផលប៉ះពាល់នៃសកម្មភាពមីន លើការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមកម្រិតផ្សេងៗ តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ដែលត្រូវប្រឈមដោយសហគមន៍មូលដ្ឋានរងផលប៉ះពាល់ដោយវត្តមាននៃយុទ្ធភណ្ឌគ្រឿងផ្ទុះ។
បន្ថែមលើនេះ ការសិក្សាបានបង្ហាញថាការរៀបចំ និងការអនុវត្តនូវកម្មវិធីសកម្មភាពមីន និងកម្មវិធីអភិវឌ្ឍន៍តាមបែបរួមបញ្ចូលគ្នា ផ្តល់នូវលទ្ធផលទាំងផ្នែកមនុស្សធម៌ និងការអភិវឌ្ឍកាន់តែប្រសើរ ព្រមទាំងបានបញ្ជាក់ថាភាពជាដៃគូរឹងមាំនៅគ្រប់កម្រិត ក្នុងនិងក្រៅវិស័យសកម្មភាពមីន អាចពង្រីកផលប៉ះពាល់ និងចីរភាពនៃកិច្ចខិតខំប្រឹងប្រែងវិស័យសកម្មភាពមីនឲ្យដល់កម្រិតអតិបរមា៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ