ព័ត៌មានជាតិ
សិល្បករវ័យក្មេងនៅខេត្តកោះកុង ទទូចឲ្យចូលរួមស្វែងយល់ និងថែរក្សាសម្បត្តិវប្បធម៌ជាតិខ្មែរ
សិល្បករផ្នែកបុរណ ដែលជាក្រុមយុវជនវ័យក្មេងនៅខេត្តកោះកុង បានទទូចដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់ បន្តរួបរួមការពារអភិរក្សថែរក្សា សម្បត្តិវប្បធម៌សិល្បៈបុរណយើង ឲ្យបានស្ថិតស្ថេរគង់វង្ស ហើយស្វែងយល់អំពីតម្លៃអត្តសញ្ញាណជាតិខ្មែរ។
យុវជន ស៊ិន រដ្ឋ ជាប្រធានក្រុមសិល្បៈល្ខោនបាសាក់នៅខេត្តកោះកុង យុវតី ភព សូរិយា និងយុវជន ម៉េង វឌ្ឍនា ជាសមាជិកសម្តែង បានបង្ហាញក្តីរីករាយ ដែលពួកគេមានឱកាសបង្ហាញសមត្ថភាពសម្តែងល្ខោនបាសាក់ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ ព្រមទាំងយុវជនជាទំពាំងស្នងឬស្សី។
ក្រុមយុវជនអ្នកស្រឡាញ់សិល្បៈបុរណ បន្តលើកឡើងថា ឆន្ទៈនៃការចូលរួមហ្នឹកហាត់សម្តែងជាង ១ខែមកហើយទំរាំដល់ពេលសម្តែងថ្ងៃនេះ ទោះបីមានការលំបាកក៏ដោយ។ ប៉ុន្តែបេះដូងស្រឡាញ់ការពារវប្បធម៌ជាតិខ្មែររបស់យើង។
ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៤ សម្រាប់ឆ្នាំ ២០២២ យុវជន ស៊ិន រដ្ឋ ជាប្រធានក្រុមសិល្បៈល្ខោនបាសាក់នៅខេត្តកោះកុង យុវតី ភព សូរិយា និងយុវជន ម៉េង វឌ្ឍនា សុទ្ធតែបង្ហាញក្តីបារម្ភផងដែរ ពីការបាត់បង់ទម្រង់សិល្បៈវប្បធម៌ជាតិបច្ចុប្បន្ន ដោយសង្កេតឃើញថា មានការចូលរួមគាំទ្រតិចតួច មិនដូចវប្បធម៌សិល្បៈបរទេសបែបភ្លើតភ្លើន។
ការអារម្មណ៍វប្បធម៌សិល្បៈ បរទេសច្រើនពេក វាអាចនាំឲ្យមានការបាត់បង់អ្វី ដែលជាសម្បត្តិវប្បធម៌ជាតិដែលបន្សល់ទុករាប់ពាន់ឆ្នាំពីដូនតា។ ដូច្នេះយុវជនសិល្បៈបុរណខ្មែរនៅខេត្តកោះកុង ស្នើសុំយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែររួបរួមការពារអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌សិល្បៈបុរណយើងឲ្យស្ថិតស្ថេរគង់វង្ស ហើយស្វែងយល់តម្លៃអត្តសញ្ញាណជាតិខ្មែរ ពុំនោះទេវាបាត់បង់ជាក់ជាពុំខានទៅថ្ងៃមុខ។
ក្នុងនាមជាយុវជនខ្មែរនៅខេត្តកោះកុង យុវជន ស៊ិន រដ្ឋ យុវតី ភព សូរិយា និងយុវជន ម៉េង វឌ្ឍនា អះអាងថា ពួកគេនឹងពុះពារគ្រប់បញ្ហាអស់ពីកម្លាំងកាយចិត្ត ដើម្បីការពារថែរក្សាវប្បធម៌ជាតិខ្មែរ ដែលកំពុងមានគ្រប់ទម្រង់សិល្បៈបុរណ ជៀសវាងទៅសេពគប់មិត្តមិនល្អ ឬប្រើប្រាស់គ្រឿងញៀនដែលសង្គមស្អប់ខ្ពើម។ តែបើខិតខំតែពួកគេ ក៏មិនអាចទៅរួចដែរ លុះត្រាតែរួមសាមគ្គីទាំងអស់គ្នា ទើបជោគជ័យលើវិថីសិល្បៈវប្បធម៌ជាតិ។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង កោតសរសើរចំពោះកិច្ចប្រឹងប្រែង និងការស្រឡាញ់ចិត្តសិល្បៈវប្បធម៌ជាតិខ្មែរយើង ដោយលោកក៏សុំដាស់តឿនដល់ពលរដ្ឋ ជាពិសេសយុវជនខ្មែរគ្រប់រូបនាំគ្នាចូលរួមស្រឡាញ់គាំទ្រឲ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់វប្បធម៌កេរ្ត៍តំណែល របស់ដូនតាស្ថិតស្ថេរគង់វង្ស ប្រកបដោយសាមគ្គីភាព ឯកភាពជាតិ សុខុដុមរមនានៃសង្គមជាតិខ្មែរ។
លោក ស្រេង ហុង អភិបាលរងខេត្ត ក៏ទាមទារឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត យកចិត្តទុកដាក់បណ្តុះបណ្តាល អប់រំសមត្ថភាពជំនាញទម្រង់សិល្បៈ ឬស្នាដៃសិល្បៈនានាដល់យុវជនជំនាន់ក្រោយបានចេះដឹង ហើយអាចសម្តែងបានគ្រប់កម្មវិធីដែលត្រូវការ។
ដោយឡែកមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវបង្កើនការសហការពង្រឹង និងអភិវឌ្ឍន៍កែច្នៃរមណីយដ្ឋានប្រវត្ថិសាស្រ្តសំខាន់ៗ ក្នុងខេត្ត ស្រូបយកចំនួនភ្ញៀវទេសចរទៅលេងកម្សាន្ត និងស្វែងចងក្រងជាឯកសារសម្បត្តិបេតិភណ្ឌវប្បធម៌៕
អត្ថបទ៖ សិរី វឌ្ឍនៈ







-
សន្តិសុខសង្គម១៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល