ព័ត៌មានជាតិ
កម្ពុជា នាំចេញផលិតផលកាត់ដេរជាង ១ម៉ឺនលានដុល្លារ កើនឡើងជាង ១៥% ឆ្នាំ ២០២១
លោក ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥ លានដុល្លារអាមេរិក ស្មើនឹង១៥.២ភាគរយ ។
លោកឧកញ៉ា បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣មីនា នៅទិស្តីការក្រសួង។
លោកឧកញ៉ា គង់ សាង បានមានប្រសាសន៍ថា ក្នុងចំណោមការនំាចេញផលិតផលកាត់ដេរចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះ គឺផលិតផលវាយនភណ្ឌផ្សេងៗទៀត។
លោក ឧកញ៉ា បានបន្តទៀតថា បច្ចុប្បន្នសមានមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីដើមរហូតមក នៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ ដែលជាវិស័យអតិពលកម្ម។
លោក ឧកញ៉ាបានសង្កត់ធ្ងន់ថា «បើវិស័យការងារមានភាពច្របូកច្របល់ហើយនោះ វិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀត ល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការសម្របសម្រួលបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយដែលល្អប្រសើរ និងមានភាពចាស់ទុំ នាំមកនូវស្ថេរភាពផលិតកម្ម»។
ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់សម្តេចតេជោ រួមនឹងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ បានធានាដល់ស្ថិរភាពផលិតកម្ម និងកំណើននៃការនាំចេញ។ នេះជាការបន្ថែមរបស់លោកឧកញ៉ា គង់ សាង។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា វិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាព តម្រូវឲ្យមានការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា សមាគម GMAC បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ និងបានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ ដើម្បីបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងជំនួបពិភាក្សានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង GMAC រួមគ្នា ដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើននៃការបញ្ជាទិញគឺកើនឡើងខ្ពស់ បណ្តាលឲ្យខ្វះខាតនូវកម្លាំងពលកម្ម។
ជាមួយនេះ ក្រសួងនឹងបន្តជំរុញឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងទីភ្នាក់ងារជ្រើសរើសឯកជន ផ្តល់ការផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស ដែលកំពុងតែមានតម្រូវការកម្លាំងពលកម្មខ្ពស់នេះ ដើម្បីបង្កើនចង្វាក់ផលិតកម្មផ្សេងៗរបស់ខ្លួន៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់