ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ជំរុញឲ្យអាជ្ញាធររាជធានីពង្រឹងសមត្ថភាពជំនាញ បង្ក្រាបគ្រឿងញៀន និងចាត់វិធានការ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពជំនាញក្នុងការស្រាវជ្រាវ និងបង្ក្រាប គ្រឿងញៀនខុសច្បាប់ និង ត្រូវបន្តពង្រឹង និងចាត់វិធានការអនុវត្តឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងធនធានរបស់សង្គម។

ការជំរុញបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែ មិនាឆ្នាំ២០២២ នេះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅឆ្នាំ២០២១កន្លងមកនេះ កងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ ទីតាំងធំៗមួយចំនួនដែលឧក្រិដ្ឋជនគ្រឿងញៀនបានប្រើប្រាស់សារធាតុគីមីនាំចូលដើម្បី លួចលាក់កែច្នៃផលិត និងចរាចរ ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដែលបានជះឥទ្ធិពល ជាអវិជ្ជមានមកលើកម្ពុជាយើង។ ផ្អែកលើស្ថានភាពនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបង្កើន ការយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន ដូចជា៖
កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងសមត្ថភាពជំនាញក្នុងការស្រាវជ្រាវ និងបង្ក្រាប – គ្រឿងញៀនខុសច្បាប់ម្យស្របតាមការវិវត្តន៍ប្រែប្រួល និងកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិត និងសកម្មភាពការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្នុងសង្គមជាតិទាំងមូល ។ បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សំដៅគ្រប់គ្រង និងកាត់ផ្តាច់ចរន្តនៃការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាពិសេស គ្រប់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ខុសច្បាប់។

បង្កើនការអប់រំប្រជាពលរដ្ឋគ្រប់ៗរូបឲ្យយល់ដឹង និងលើកកម្ពស់ការទទួលខុស, ត្រូវក្នុងការបង្ការ ទប់ស្កាត់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ ទាំងបុគ្គលម្នាក់ៗ ទាំង ក្នុងក្រុមគ្រួសារនីមួយៗ និងនៅតាមសហគមន៍នានាក្នុងមូលដ្ឋាន ព្រមទាំងចូលរួមឲ្យបាន កាន់តែសកម្មជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ខុសច្បាប់ឲ្យបានជាប់ជាប្រចាំ។ ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច នានាដើម្បីគ្រប់គ្រងការស្តុកទុក ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីដែលបាននាំចូល ដើម្បីកុំឲ្យសារធាតុគីមីទាំងនោះធ្លាក់ក្នុងដៃឧក្រិដ្ឋជនគ្រឿងញៀនយកទៅកែច្នៃផលិត និង ចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសជាតិយើង។
សម្តេចស ខេង បន្តថា ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រមួយចំនួន និងការផ្អាកការធ្វើដំណើរដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យើងកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការ ថយចុះគួរឲ្យកត់សម្គាល់។ ប៉ុន្តែចាប់ពីការបើកឲ្យដំណើរការសេដ្ឋកិច្ចសង្គមទូទាំងប្រទេស ឡើងវិញ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង បណ្តាលឲ្យមានមនុស្សស្លាប់ និងរង របួសជារៀងរាល់ថ្ងៃ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅក្នុងខែមករា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩១លើក មានការកើនឡើងចំនួន ១០លើក (ស្មើ នឹង១២%) បើប្រៀបធៀបជាមួយខែមករា ឆ្នាំ២០២១កន្លងទៅ និងបានបណ្តាលឲ្យមាន អ្នកស្លាប់ចំនួន១៩នាក់ ថយចុះចំនួន១១នាក់ (ស្មើនឹង៣៧%) ចំណែកអ្នករងរបួសមាន ចំនួន ១៤៣នាក់ កើនឡើងចំនួន៣៧នាក់ (ស្មើនឹង៣៥%)។ ហេតុនេះ អាជ្ញាធរ និងកង កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹង និងចាត់វិធានការអនុវត្តឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងធនធានរបស់សង្គម ដោយត្រូវពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពី ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ និងជាប់ជាប្រចាំ ពិសេសត្រូវចាត់វិធានការច្បាប់ឲ្យបាន តឹងរ៉ឹងបំផុតចំពោះអ្នកដែលបំពានច្បាប់។

ត្រូវខិតខំបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថាន អប់រំសាធារណៈ និងឯកជន និងនៅតាមវេទិកានានាដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ។ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវសហការបង្កើនការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដូចជាការចតយានយន្ត ការលក់ដូរ ការរៀបចំពិធីនានាតាម ដងផ្លូវសាធារណៈ និងតាមចិញ្ចើមផ្លូវសាធារណៈតាមទីក្រុង និងទីប្រជុំជននានា ដើម្បីសម្រួល ដល់ការធ្វើចរាចរណ៍ សំដៅបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រូវយកចិត្តទុកដាក់ពិនិត្យ និងរៀបចំឡើងវិញនូវផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានសោភ័ណភាព ដោយត្រូវផ្ដល់អាទិភាពដល់ការលើកផ្លាកសញ្ញាចរាចរណ៍នៅតាមចិញ្ចើមផ្លូវសាធារណៈ សំដៅចូលរួមការលើកកម្ពស់ការគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត