ព័ត៌មានជាតិ
ស្វែងយល់ពីទំនាក់ទំនង និងសមិទ្ធផលរបស់រុស្ស៊ីនៅកម្ពុជា
កម្ពុជា-រុស្ស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ហើយមកដល់ពេលនេះមានរយៈពេល៦៦ ឆ្នាំហើយ ដែលកាលនោះ ជាសហភាពសូវៀត ក្រោយមកប្តូរជាសហព័ន្ធរុស្ស៊ី។ ថ្វីបើប្រទេសទាំងពីរស្ថិតក្នុងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងមកហើយ។

បើតាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃ ជាប្រវត្តិសាស្រ្តមួយចំនួននៅកម្ពុជា ក្នុងនោះមានដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ដែលស្នាដៃនេះ បានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបនៅកម្ពុជា។
ទី១, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ មន្ទីរពេទ្យត្រូវបានចាប់ផ្តើមកសាងនៅចុងទសវត្ស១៩៥០ ក្រោមការឧបត្ថម្ភដោយរដ្ឋាភិបាលសហភាពសូវៀត។ នៅថ្ងៃទី២៩ សីហា ឆ្នាំ១៩៦០ មន្ទីរពេទ្យនេះត្រូវបានសម្ភោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលកាលនោះ មន្ទីរពេទ្យមានឈ្មោះថា “មន្ទីរពេទ្យកម្ពុជាសូវៀត”។

ក្រោមរបបកម្ពុជាប្រជាធិប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មន្ទីរពេទ្យ បានដូរឈ្មោះជា “មន្ទីរពេទ្យ ១៧ មេសា”។ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ មន្ទីរពេទ្យបានប្រើឈ្មោះដើមវិញ គឺ ”មន្ទីរពេទ្យកម្ពុជា-សូវៀត ប៉ុន្តែនៅក្រោយពេលបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ មន្ទីរពេទ្យបានប្តូរឈ្មោះជា “មន្ទីរពេទ្យ ព្រះបាទនរោត្តមសីហនុ” វិញ រហូតដល់ឆ្នាំ ២០០៥។ មកទល់ពេលបច្ចុប្បន្ន មន្ទីរពេទ្យមានឈ្មោះថា “មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។
ទី២, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ៖ វិទ្យាស្ថាននេះ ចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៦៤ ក្រោមកិច្ចសហប្រតិបត្តិការពីអតីតសហភាពសូវៀត។ វិទ្យាស្ថាននេះ បានផ្តោតលើការបណ្ដុះបណ្ដាលមុខជំនាញឯកទេសសំខាន់ៗចំនួន ៧ រួមមាន៖ ទេពកោសល្យ គីមី និងបច្ចេកទេសអាហារ, ទេពកោសល្យស៊ីវិល (សំណង់ស៊ីវិល និងស្ថាបត្យកម្ម), ទេពកោសល្យអគ្គិសនី ថាមពល និងទូរគមនាគមន៍, ទេពកោសល្យ ធនធានរ៉ែ និងភូគព្ភសាស្ត្រ, ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង, ទេពកោសល្យឧស្សាហកម្ម និងមេកានិច និងទេពកោសល្យ ជនបទ។

ទាក់ទងបញ្ហានេះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ធ្លាប់បានអះអាងថា តាមរយៈទំនាក់ទំនងរវាងប្រទេសទាំងពីរកន្លងមក រុស្ស៊ីបានជួយដល់កម្ពុជាច្រើន ជាពិសេសក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយរុស្ស៊ីបានជួយកសាងមន្ទីរពេទ្យ ខ្មែរ-សូវៀត និងសាលាបច្ចេកទេសខ្ពស់ផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ។
បើតាមឯកអគ្គរដ្ឋទូត នៅតាមមន្ទីរពេទ្យ និងសាលាបច្ចេកទេស ដែលរដ្ឋាភិបាលរុស្ស៊ីបានសាងសង់ជូនដល់កម្ពុជានោះ ក៏មានវេជ្ជបណ្ឌិត និងគ្រូបង្រៀនសូវៀតជាច្រើនបានធ្វើការប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំ ហើយដំណាក់កាលថ្មី នៃទំនាក់ទំនងបានចាប់ផ្តើម បន្ទាប់ពីការដួលរំលំនៃរបប ប៉ុល ពត ពេលនោះប្រទេសរុស្ស៊ី បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ដែលកំពុងជួបការលំបាកក្នុងការស្តារប្រទេសឡើងវិញ។

ដោយឡែកនៅក្នុងសារខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី កាលពីឆ្នាំមុន អនុរដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Igor Morgulov បានលើកឡើងពីការផ្តល់ជំនួយរបស់រុស្ស៊ីផងដែរ ដែលក្នុងនោះ មានផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស ជាពិសេសមន្ទីរពេទ្យ និងសាលារៀន វិទ្យាស្ថានកសិកម្ម ផ្លូវថ្នល់ ស្ពាន និងកំពង់ផែកំពង់សោម ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការសាងស្ថានីយ៍ទូរស័ព្ទ ប្រព័ន្ធធារាសាស្រ្ត និងអគារជាច្រើនផងដែរ។
នៅដំណាក់កាលបច្ចុប្បន្ន ចំណងមិត្តភាពរុស្ស៊ី-កម្ពុជា មានការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍គ្រឹះ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួម កាលពីឆ្នាំ១៩៩៥ ស្តីពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព ហើយការសន្ទនានយោបាយកំពុងអភិវឌ្ឍយ៉ាងសកម្ម រួមទាំងការលើកម្រិតខ្ពស់បំផុត។ ក្នុងនោះ អន្តរកម្មដ៏ជិតស្និតត្រូវបានបង្កើតឡើងរវាងក្រសួងការបរទេសផងដែរ។ ជាមួយគ្នានោះ រុស្ស៊ីបានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យសាស្រ្តបច្ចេកទេស វប្បធម៌ និងមនុស្សធម៌បន្ថែមទៀត។

ទោះជាយ៉ាងណា ទន្ទឹមនឹងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ រដ្ឋាភិបាលរុស្ស៊ី មិនព្រមលុបបំណុល ដែលកម្ពុជាជំពាក់ក្នុងសម័យសង្គ្រាមនោះឡើយ បើទោះបីជាប្រទេសទាំងពីរបានបង្កើតគោលនយោបាយការបរទេសទំនាក់ទំនងកាន់តែល្អប្រសើរក៏ដោយ។ ក្នុងចំណោមបំណុលប្រមាណ ១ ៥០០ លានដុល្លារ មាន ៧០ ភាគរយ ត្រូវបានរុស្ស៊ីលុបចោល ហើយនៅសល់ ៣០ ភាគរយទៀត ដែលស្មើទឹកប្រាក់ប្រមាណ ៤៥០ លានដុល្លារទៀត កម្ពុជាត្រូវសងទៅរុស្ស៊ី។ បំណុលទាំងអស់នោះ ជាបំណុលដែលមេដឹកនាំខ្មែរនាសម័យនោះ បានខ្ចី ដើម្បីទិញគ្រឿងសព្វាវុធ ធ្វើសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ។
រហូតមកដល់ពេលនេះ រុស្ស៊ីនៅមិនទាន់បង្ហាញមូលហេតុច្បាស់លាស់នៅឡើយថា តើហេតុអ្វីបានជារុស្ស៊ីមិនព្រមលុបចោលបំណុលដែលកម្ពុជាជំពាក់ទាំងនោះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់