ព័ត៌មានជាតិ
មកស្គាល់រដ្ឋមន្រ្តីវ័យក្មេង អាយុទើប ៣៣ ឆ្នាំកាន់តំណែងជារដ្ឋមន្រ្តី
ឆ្នាំ ២០១៣ លោក សាយ សំអាល់ ត្រូវបានប្រមុខរដ្ឋាភិបាលតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជារដ្ឋមន្ត្រីក្មេងជាងគេក្នុងវ័យ ៣៣ ឆ្នាំ។ លោកសាយ សំអាល់ ជាបញ្ញវន្តដែលទទួលការសិក្សាផ្នែកបរិស្ថាននៅប្រទេសអូស្រ្តាលី ហើយជាថ្នាក់ដឹកនាំមានចិត្តទូលាយ មានភាពស្និទ្ធស្នាលជាមួយមន្រ្តីក្រោមឱវាទ។
កុមារភាព
លោក សាយ សំអាល់ កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០។ លោកជាកូនពៅក្នុងចំណោមបងប្អូនពីរនាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ ក្នុងពេលចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរដ្ឋាភិបាលអណ្ណតិទី ៥ ឆ្នាំ២០១៣ លោកជារដ្ឋមន្រ្តីវ័យក្មេងបំផុតក្នុងវ័យ ៣៣ ឆ្នាំ ដោយជំនួសតំណែងលោកបណ្ឌិត ម៉ុក ម៉ារ៉េត។
ប្រវត្តិសិក្សា
ជាបញ្ញវន្ត ដែលទទួលបានការបណ្ដុះបណ្ដាលពីប្រទេសលោកខាងលិចផ្នែកជំនាញជីវសាស្ត្រ លោក សាយ សំអាល់ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកជីវវិទ្យាវិទ្យាសាស្ត្រ (Biological Sciences) នៅមហាវិទ្យាល័យម៉ូណាស (Monash University) ប្រទេសអូស្ត្រាលី។
កាលមានអាយុ ១៣ ឆ្នាំ លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យទៅសិក្សានៅប្រទេសសិង្ហបុរី ចូលរៀនពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩ ដោយរៀនទាំងភាសាអង់គ្លេស ភាសាចិន និងភាសាម៉ាឡេ។ ក្រោយមកបានបន្ដការសិក្សាថ្នាក់ទី ១០ ដល់ទី ១២ នៅប្រទេសអូស្ដ្រាលីដោយតម្រង់ទិសខាងផ្នែកជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងជាប់ជាបេក្ខភាពបណ្ឌិតជំនាញជីវសាស្ដ្រនៅប្រទេសអូស្ដ្រាលី។
វិលត្រឡប់មកស្រុកកំណើតវិញ
នៅឆ្នាំ ២០០៨ ពេលវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជីវសាស្ដ្រនៅប្រទេសអូស្រ្តាលី លោកបានចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រីមានឋានៈជាប្រធានអាជ្ញាធរបឹងទន្លេសាប។ បន្ទាប់មកបានកាន់តំណែងជាអគ្គលេខារង និងជាអគ្គលេខានៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី ៤ នៃរាជរដ្ឋាភិបាលកម្ពុជា។ មុនពេលទទួលតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកក៏ជាប្រធានគណៈពង្រឹងនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម។
ក្រុមគ្រួសារ
លោកសាយ សំអាល់ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ឌិត និតា និងមានកូន០៣នាក់ជាចំណងដៃ។
ស្នាដៃ
និយាយពីសមិទ្ធផលការងារ លោកសាយ សំអាល់ បានធ្វើទំនើបកម្មនៅក្នុងក្រសួងលើការកែទម្រង់ និងការរៀបចំដំឡើងប្រាក់ខែដល់ឧទ្យានុរក្ស។ សមិទ្ធផលដ៏លេចធ្លោគឺអាគារទីស្តីការក្រសួងថ្មីបានលេចរូបរាងឡើងក្នុងអាណត្តិរដ្ឋមន្រ្តីវ័យក្មេងរូបនេះ។
លើកិច្ចការការពារបរិស្ថានវិញ ក្រោមការដឹកនាំលោកសាយ សំអាល់ បានដកហូតដីសម្បទានសេដ្ឋកិច្ចមិនក្រោម ២៧ ក្រុមហ៊ុន ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋយកមកគ្រប់គ្រងវិញ។
លោកសាយ សំអាល់ ក៏ជាអ្នកស្នើសុំឲ្យមានការបែងចែកការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចច្បាស់លាស់ជាមួយក្រសួងកសិកម្ម។ ក្រសូងបរិស្ថានបានផ្ទេរគម្រោងដីសម្បទានសេដ្ឋកិច្ចចំនួន៧៣កន្លែង និងតំបន់អភិរក្សព្រៃឈើ១៨កន្លែងទៅកាន់ក្រសួងកសិកម្ម។ គិតមកពេលនេះ ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៤៥កន្លែងស្មើជិត៦លានហិកតា និងរបៀងអភិរក្សជីវៈចម្រុះ១,៤លានហិកតាទៀត។
លោកគឺជារដ្ឋមន្ត្រីដែលលេចធ្លោនិងវ័យក្មេងជាងគេនៅក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ ហើយក៏ធ្លាប់ទទួលបានការកោតសរសើរដោយផ្ទាល់មាត់ជាសាធារណៈពីប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន។
រដ្ឋមន្ត្រីរូបនេះ បានកសាងស្នាដៃជាច្រើន ក្នុងអាណត្តិការងាររបស់លោករួមមាន ជំរុញឱ្យមន្ត្រីឧទ្យានុរក្សជាង ១ពាន់ នាក់ ដែលធ្លាប់ជាមន្ត្រីកិច្ចសន្យា ឱ្យចូលក្នុងក្របខណ្ឌមន្ត្រីរាជការ ផ្ដល់មធ្យោបាយធ្វើដំណើរ សម្ភារៈចុះល្បាត កាំភ្លើង និងថវិកាចុះល្បាតពេកន្លងមក។
លោក សាយ សំអាល់ ក៏បានបង្កើតយន្តការថ្មីៗមួយចំនួន ដើម្បីកៀរគរការចូលរួមទ្រទ្រង់វិស័យបរិស្ថាន រួមមាន បង្កើតឱ្យមានចលនាសាលាប្រកួតប្រជែងប្រជាប្រិយភាពបរិស្ថាន អារាមមេត្រីភាពបរិស្ថាន បង្កើតឱ្យមានប័ណ្ណសរសើរ និងការគ្រប់គ្រងកាកសំណល់សំរាមបានល្អប្រសើរជាងមុន និងយន្តការកាត់បន្ថយការប្រើថង់ប្រាស្ទីកជាដើម។
ទស្សនៈ
ជារដ្ឋមន្រ្តីដែលមានសមត្ថភាពខ្ពស់ ចិត្តទូលាយ រុះរាយរាក់ទាក់ជាមួយមន្ត្រីតូចតាចថ្នាក់ក្រោម និងអនុវត្តសកម្មភាពការងារបានច្រើន លោក សាយ សំអាល់បង្ហាញទស្សនៈជឿជាក់ថា កម្ពុជានឹងមានអនាគតដ៏ល្អមួយ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។ យុវជនកម្ពុជានឹងឈានដល់យុគសម័យមាសមួយ ដោយសារប្រជាជនទទួលបានការអប់រំខ្ពស់ជាងមុន។ ពួកគេទទួលបានចំណេះដឹងទូលំទូលាយជាងមុន ហើយពួកគេអាចបម្លែងចំណេះទាំងនោះទៅជាធុរកិច្ច ដែលនឹងរុញច្រានប្រទេសកម្ពុជានឹងអាចដើរលឿនជាងមុន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់