Connect with us

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ជំរុញឲ្យមន្រ្តីត្រូវបង្កើនការទប់ស្កាត់ ការនាំចូលសារធាតុគីមីផ្សំគ្រឿងញៀន​​​​ពីក្រៅប្រទេស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការទប់ស្កាត់សារគីមីផ្សំគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេសដើម្បីការពារ ដល់សុខុមាលភាពសង្គម និងប្រទេសជាតិ។

ការជំរុញរបស់លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ខាងលើនេះ បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ប្រព័ន្ធគ្រប់គ្រង់ទំនាក់ទំនងឧប្បត្តវហេតុសារធាតុគីមីផ្សំ នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២នេះ។

លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា មន្រ្តី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះបទល្មើសផលិតគ្រឿងញៀន ជាពិសេសជនបរទេស មេ​ខ្លោង​ជួញដូរគ្រឿង និងអង្គការចាត់តាំងក្នុង និងក្រៅប្រទេស ដែលផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជន មានលទ្ធភាព នាំចូលសារធាតុគីមីផ្សំ និងទីតាំងផលិតគ្រឿង ញៀន ខណៈថ្មីៗ សមត្ថកិច្ចបានបង្រាប​បានគ្រឿងញៀនរាប់រយគីឡូ និងសារធាតុគីមីផ្សំរាប់តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ក៏បានក្រើនរំលឹក ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកចេញចូល ជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងគោលដៅសំខាន់ៗដ៏ទៃផ្សេងទៀត ដើម្បីធានាឲ្យបាននូវការទប់ស្កាត់ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រឿងញៀន និងការនាំចូលសារធតុគីមី ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា «យើងទាំងអស់គ្នា ត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសារធាតុគីមីផ្សំ ឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយកម្លាំងសមត្ថកិច្ចកម្ពុជាបង្រ្កាបបាន ករណីលួចកែច្នៃផលិតគ្រឿងញៀនសំយោគទ្រង់ ទ្រាយតូច និងទ្រង់ទ្រាយធំ បង្ក្រាបបានករណី ផលិតកែច្នៃគ្រឿងញៀនខុសច្បាប់ចំនួន ៣ ករណី នៅទីតាំងចំនួន ៤ផ្សេងៗគ្នា រឹបអូសបានសារធាតុញៀនប្រមាណជាង ២តោន សារធាតុគីមីជាង ២០០តោន និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនធំ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ»។

លោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើម ប្រតិបត្តិការរបស់កម្មវិធីសកល ស្ដីពី ការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) បានមានប្រសាសន៍ថា ប្រទេស​កម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន ដែលបញ្ហានេះ គឺដោយសារតែការកើនឡើងឥតឈប់ឈរ នៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក និងក្នុងតំបន់។

លោកបានបន្តថា ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានមានការថយចុះ។ ប៉ុន្តែករណីបង្ក្រាប បទល្មើសគ្រឿងញៀនធំៗ បានកើនឡើង ដោយមានគ្រឿងញៀនរាប់រយតោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិ ឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃស​ណីយ៍ និងនៅលើផ្ទៃសមុទ្រជាដើម។

យោងតាមរបាយការណ៍ ពីគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២១កន្លងទៅ សមត្ថកិច្ចបាន បង្រ្កាបគ្រឿងញៀន និងសាធារណគីមីផ្សុំជិត ៩០ តោន និងឃាត់ខ្លួនជនសង្ស័យជិត ១ម៉ឺន ៤ពាន់នាក់ ។ ក្នុងចំណោមនោះ មានជនសង្ស័យជនបរទេសចំនួន ៣៦៥ នាក់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម