ព័ត៌មានជាតិ
ដាក់ចេញវិធានការ ១០ ចំណុច ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាព ក្នុងខេត្តព្រះសីហនុ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចដាក់ចេញនូវវិធានការចំនួន ១០ចំណុច ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព ក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ការដាក់ចេញវិធានការ ១០ចំណុចនេះ បន្ទាប់ពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ, លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្ថាប័នតុលាការនៅខេត្តព្រះសីហនុ តាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២។
លោក គួច ចំរើន បានមានប្រសាសន៍ នៅក្នុងពិធីបិទសន្និបាតថា វិធានការទាំង ១០ចំណុចនោះ រួមមាន៖ ១.ណែនាំស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការការពារ និងផែនទីសម្រាប់ប្រតិបត្តិការដោយមានការគាំទ្រពីកម្លាំងជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
២.អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងគោរពស្នើសុំគោលការណ៍ទៅ លោក អូន ព័ន្ធមុន្នីរ័ត្ន ឲ្យចាត់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រង ល្បែងអាជីវកម្មមកប្រចាំការ នៅក្នុងខេត្តព្រះសីហនុ ដើម្បីសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យនៅតាមទីតាំងកាស៊ីណូ។
៣.បង្កើនការគ្រប់គ្រងលើទីតាំងអាជីវកម្ម និងការស្នាក់នៅរបស់ជនបរទេស ដោយមានការចូលរួមពីក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់បទល្មើសរត់ពន្ធមនុស្ស និងការជួញដូរកម្លាំងពលកម្ម។
៤.រដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមការងារតាមដាន បណ្ដាញព័ត៌មានជាភាសាចិន ដើម្បីឆ្លើយតបបកស្រាយ និងផ្សព្វផ្សាយអំពីព័ត៌មានពិត។ ៥.រដ្ឋបាលខេត្ត ត្រូវបង្កើនទំនាក់ទំនង និងជួបប្រជុំជាប្រចាំជាមួយសមាគមចិន ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ ៦.ចំពោះបទល្មើសឧក្រិដ្ឋ ដែលពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរគ្រឿងញៀន អំពើឃាតកម្ម ការរត់ពន្ធមនុស្ស ការបង្ខាំងមនុស្សជំរិតទារប្រាក់។ល។ ស្នើស្ថាប័នតុលាការផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់ និងត្រូវបណ្តេញចេញក្រោយពីអនុវត្តទោសរួចរាល់។
៧.ឯកភាពលើការចុះអនុវត្តរដ្ឋបាលចំហរ នៅតាមតំបន់តូចៗ នៅតាមអគារ ឬនៅតាមតំបន់ប្រមូលផ្ដុំ។ ៨.រៀបចំកម្លាំងត្រួតពិនិត្យតាមដងផ្លូវ ដើម្បីឆែកឆេររកអាវុធជាតិផ្ទុះគ្រឿងញៀន ការប្រើប្រាស់ស្លាកលេខ ន.ប ខ.ម ធ្វើអាជីវកម្ម និងបើកបរដោយជនបរទេស ត្រូវអនុវត្តជាប្រចាំ ឆ្លាស់វេន និងឆ្លាស់ទីតាំង។
៩.ស្ថាប័នថ្នាក់ជាតិគាំទ្រលើវិធានការ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបទល្មើសជួញដូរ ប្រើប្រាស់ កាន់កាប់អាវុធខុសច្បាប់របស់ជនបរទេស។ ១០.គ្រប់ស្ថាប័នកងកម្លាំងឈរជើងលើផ្ទៃសមុទ្រ ត្រូវសហការឲ្យបានល្អប្រសើរ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់បទល្មើសតាមផ្លូវទឹក ដូចជាការរត់ពន្ធមនុស្សឆ្លងដែន ការរត់ពន្ធគ្រឿងញៀន និងការជួញដូរអាវុធខុសច្បាប់។
លោកអភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញារួមគ្នាពុះពារយ៉ាងប្ដូរផ្ដាច់ ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាព រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ច របស់រដ្ឋបាលខេត្ត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង