ព័ត៌មានជាតិ
ជួសជុលកំណាត់ផ្លូវជាតិលេខ ៥៦ ដែលរងការខូចខាតដោយរថយន្តដឹកដី និងទឹកជំនន់កន្លងមក
កម្លាំងជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ ៥៦ ដែលបំផ្លាញដោយរថយន្តដឹកដី និងទ្រុឌទ្រោមដោយទឹកជំនន់កន្លងមក ពីចំណុចខ្លោងទ្វារវត្តកងវ៉ា ដល់មុខនគរបាលក្រុងសិរីសោភ័ណ ក្នុងភូមិកងវ៉ា មកភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា កំណាត់ផ្លូវជាតិលេខ ៥៦ ប្រវែងជាង ៤.០០០ម៉ែត្រ នៅទីតាំងខាងលើនេះ រងការខូចខាតយ៉ាងដំណំ ពីរថយន្តដឹកដីពីចំណុចជើងភ្នំកងវវ៉ា ដោយសារគ្រោះធម្មជាតិទឹកជំនន់ កាលពីរដូវវស្សាកន្លងមក ដោយសារចិញ្ចើមផ្លូវពុំមានប្រឡាយ ឬលូបង្ហូរទឹកសមស្របផង។ ការបំផ្លាញផ្លូវនេះ ដោយសាររថយន្តដឹកដីខាងលិច ពីផ្លូវបំបែកចុះផ្លូវជាតិនេះមកដល់មុខនគរបាល និងសាលាក្រុង ត្រូវបានស្រុត ប្រេះបែក និងខូចខាតខ្លាំង។
លោក សុក ចាន់ថា បានបន្តថា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បានកាយដីស្អុយ និងថ្មគ្រឹះផ្លូវចេញ ហើយចាក់ដី និងកំទេចថ្មថ្មី កៀរកិនបង្ហាប់ធ្វើគ្រឹះឡើឡើងវិញ ឲ្យបានរឹងមាំ។ លោកថា ក្រុមការងាររបស់លោក ក៏បាននិងកំពុងបន្តការងារថែទាំផ្លូវខេត្តលេខ ១៥៩C ចន្លោះពីគម ៤+០០០ ដល់គម ៥+០០០។ ជួសជុលគ្រឹះផ្លូវ ដោយប្រើស៊ីម៉ង់ត៍ ថ្មម៉ិច ស្ថិតនៅស្រុកមង្គលបូរី ហើយបន្តការងារសាងសង់ទីលានចតយានយន្តដឹកទំនិញ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត។
ក្នុងនោះ ក៏បានបន្តការងារថែទាំផ្លូវជាតិលេខ ៥៩ ចន្លោះពីគម ៣+៥០០ ដល់គម ៣+៨០០ ដោយស្រោចកៅស៊ូបាចថ្មមួយជាន់ ស្ថិតនៅក្រុងប៉ោយប៉ែត និងថែទាំផ្លូវខេត្តលេខ ២៥៦៣ ចន្លោះពីគម ២២+០០០ ដល់គម ២៣+០០០ ជួសជុលស្រទាប់គ្រឹះឡើងវិញ ដោយប្រើស៊ីម៉ង់ត៍ ថ្មម៉ិច ស្ថិតនៅស្រុកថ្មពូក។
លោក សុក ចាន់ថា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ ៥៦ ដែលបំផ្លាញដោយរថយន្តដឹកដី និងទ្រុឌទ្រោមដោយទឹកជំនន់កន្លងមក ត្រូវបានបើកការដ្ឋានធ្វើហើយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿន ស្របទៅនឹងភាពរីកចំរើន របស់ប្រទេសជាតិ។
លោក សុក ចាន់ថា បានបន្ថែមថា អាជ្ញាធរខេត្ត តែងតែបានយកចិត្តទុកដាក់ប្រឹងប្រែងគិតគូរ ជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំ-សង្កាត់ភូមិ ដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហម ទៅតាមលទ្ធភាពថវិកាដែលមាន និងមួយចំណែកក៏បានមកពីទុនចូលរួម របស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាងផងដែរ។
ក្នុងនោះ លោកក៏បានធ្វើការជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ ដែលរងការខូចខាត ត្រូវប្រញាប់ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឲ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ ដែលបានជួសជុល ស្ថាបនាហើយនោះ នៅតាមមូលដ្ឋានឲ្យប្រើប្រាស់បានយូរអង្វែង ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


