ព័ត៌មានជាតិ
ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ មានការថយចុះបើធៀបនិងខែមករា តែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈឆ្នាំ ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា។ ប៉ុន្តែ និងករណីស្លាប់ បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ ផងដែរ។
តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ដែលផ្សព្វផ្សាយនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ បានឲ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន ២៥៦លើក បណ្ដាលឲ្យមានអ្នកស្លាប់ ១៤៣នាក់ និងរបួស ៣៤៩នាក់។ ក្នុងនោះរបួសធ្ងន់ ២១៩នាក់។
ស្ថានភាពនេះ បើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន ៨៧លើក ស្លាប់ថយ ៥២នាក់ និងរបួសថយចុះ ១០៤នាក់។ ប៉ុន្តែចំនួននេះ បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២១វិញ គឺមានការកើនឡើងចំនួន ៥លើក ស្លាប់កើនឡើង ១៦នាក់ និងដោយឡែកករណីរងរបួស បានថយចុះ ៦៦នាក់។
បើតាមសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចប្រៀបធៀបបានថា មានកម្រិតខ្ពស់ជាងអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់សង្គមផ្សេងទៀត។
សម្ដេចក្រឡាហោម បានឲ្យដឹងបន្តថា ក្នុងចំណោមការប្រឈម នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ ឃើញថា បញ្ហាធំជាងគេ គឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។
ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម បានអំពាវនាវឲ្យរួមជាតិ ចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ ដើម្បីការពារសេចក្ដីសុខខ្លួនឯង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំង ដល់ជីវិតពលរដ្ឋផងដែរ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ ឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។
ចំណែកឯស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការរៀបចំ ឲ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរ ឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាចុងក្រោយ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា តាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖
– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2022/03/01-25.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត