ព័ត៌មានជាតិ
លោក ញឿក ភារម្យ ៖ ចិញ្ចឹមចង្រិតអាចរកចំណូលបន្ថែមខ្ទង់ ៥០០ដុល្លារ ក្នុង១ខែ ក្រៅពីការងារផ្សេង
រយៈពេល ១២ ឆ្នាំ ប្រកបរបរចិញ្ចឹមចង្រិត នាំឲ្យលោក ញឿក ភារម្យ ទទួលបានបទពិសោធន៍ពីអាជីពនេះ យ៉ាងក្រាស់ក្រែល និងបានចែករំលែកបច្ចេកទេសទៅដល់កសិករ ជាច្រើននាក់ផងដែរ។

លោក ញឿក ភារម្យ ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតភារម្យតាកែវ បានលើកឡើងថា អាជីពចិញ្ចឹមចង្រិតនេះ លោកចាប់ផ្តើមតាំងពីឆ្នាំ ២០១១មក រហូតមកដល់ពេលនេះ មានរយៈពេលជិត ១២ឆ្នាំហើយ។
បច្ចុប្បន្នលោក ភារម្យ បានបង្កើតជាសមាគមដែលមានសមាជិកប្រមាណជិត ១០០គ្រួសារ។គោលបំណងនៃការចងក្រងជាបណ្តុំសមាគមនេះ លោក ភារម្យ បញ្ជាក់ថា ដើម្បីចែករំលែកបច្ចេកទេស នៃការចិញ្ចឹម និងងាយស្រួលក្នុងការគ្រប់គ្រងទីផ្សារ នៅពេលកសិករប្រមូលផលចង្រិត។

ការចិញ្ចឹមចង្រិត គឺមិនលំបាកនោះទេ។ ក្នុងមួយថ្ងៃចំណាយពេលត្រឹមតែ ១ម៉ោងកន្លះ ទៅ ២ម៉ោង ដាក់ចំណី ដាក់ទឹកឲ្យចង្រិត គឺជាការស្រេច។ យើងអាចមានពេលច្រើន ក្នុងការធ្វើកិច្ចការងារផ្សេងៗទៀតបាន។ នេះគឺជាការលើកឡើងរបស់លោក ញឿក ភារម្យ។
ចំពោះការចិញ្ចឹម ម្ចាស់កសិកដ្ឋានចិញ្ចឹមចង្រិតភារម្យតាកែវ បានឲ្យដឹងថា ចង្រិតងាយស្រួលចិញ្ចឹម និងប្រើរយៈពេលខ្លីត្រឹម ៣៥ថ្ងៃប៉ុណ្ណោះ អាចចាប់លក់បាន។ ក្នុង១ថ្ងៃ លោកបញ្ជាក់ថា អាចប្រមូលផលបានជិត ១តោន តាមតម្រូវការទីផ្សារ។ ទោះយ៉ាងណា ថ្ងៃធម្មតាជាមធ្យមលោកថា យ៉ាងហោចណាស់ ក៏ប្រមូលបាន ៣០០ទៅ ៤០០គីឡូក្រាមផងដែរ។

ចំណែកចំណូលដែលអ្នកចិញ្ចឹមអាចទទួលបានជាមធ្យមខ្ទង់ ៥០០ដុល្លារក្នុង១ខែ សម្រាប់អ្នកចិញ្ចឹមធម្មតា។ រីឯអ្នកចិញ្ចឹមបែបកសិដ្ឋានធំៗ អាចទទួលបានចន្លោះពី ៣ម៉ឺន ទៅ៤ម៉ឺនដុល្លារ ក្នុង១ឆ្នាំ។
លោក ញឿក ភារម្យ បានប្រាប់ឲ្យដឹងថា ចង្រិតលក់បានក្នុង ១គីឡូ តម្លៃចាប់ពី ១ម៉ឺន ទៅ១ម៉ឺន៥ពាន់រៀល សម្រាប់តម្លៃដុំ និងតម្លៃ ២ម៉ឺនរៀលឡើងទៅ សម្រាប់តម្លៃលក់រាយ។

បើតាមលោក ភារម្យ អ្នកចិញ្ចឹមដែលស្ថិតនៅក្នុងសមាគម មិនពិបាករកទីផ្សារលក់ចេញនោះទេ ពោលគឺសមាគមជួយរកទីផ្សារ ក្នុងតម្លៃសមរម្យជូនដល់កសិករ។ បច្ចុប្បន្ន ចង្រិតរបស់លោក ញឿក ភារម្យ ត្រូវបានចេកចាយទៅគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
ម្ចាស់កសិដ្ឋានរូបនេះ បានណែនាំដល់កសិករដែលចង់ចាប់អាជីពចិញ្ចឹមចង្រិតចំនួនពីរចំណុច៖ ទី១ ត្រូវមានបច្ចេកច្បាស់លាស់ «បើមានបច្ចេកទេសច្បាស់ យើងចិញ្ចឹមចំណាយដើមទុនតិច ទទួលបានចំណូលខ្ពស់»។ ទី២ ត្រូវធ្វើទីផ្សារជាមុន « កុំចិញ្ចឹមតាមគ្នា ការចិញ្ចឹមតាមគ្នា ដោយមិនសិក្សាពីទីផ្សារ ក្រោយពេលប្រមូលផល នឹងពិបាកក្នុងការលក់ចេញ នាំឲ្យអ្នកចិញ្ចឹមបាក់ទឹកចិត្ត»។ លោក ភារម្យ រង់ចាំស្វាគមន៍ចំពោះបងប្អូន ដែលចង់ចេះចិញ្ចឹមចង្រិតតាមបច្ចេកទេសត្រឹមត្រូវ និងមិនខ្វះទីផ្សារអាចទាក់ទងលោកបាន។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមចង្រិត របស់លោក ញឿក ភារម្យ មានទីតាំងនៅភូមិ ត្រពាំងឬស្សី ឃុំបារាយ ស្រុកដូនកែវ ខេត្តតាកែវ៕
អត្ថបទ៖ ទួន សុផល






-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា