ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ ខេត្តកំពង់ចាម បញ្ជាហាមការបង្ខំសិស្សឱ្យរៀនគួរពិសេស បន្តទៀត
លោក លី ម៉េងសាន ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ថា លោកបានធ្វើការណែនាំរួចហើយ ទៅប្រធានការិយាល័យអប់រំ យុវជន និងកីឡានរដ្ឋបាលក្រុង/ស្រុក ធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែម ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ហាមលោកគ្រូ អ្នកគ្រូបើកបង្រៀនឯកជន (រៀនគួរពិសេស) ក្នុងតម្លៃថ្លៃ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/275552516_4883025325131970_5268040572867636863_n-1024x768.jpg)
លោក លី ម៉េងសាន មានប្រសាសន៍ថា៖ “យើងបានប្រជុំជាមួយនាយក និងលោកគ្រូអ្នកគ្រូ កុំបង្ខិតបង្ខំឱ្យសិស្សរៀនគួរដោយប្រការណាមួយ គឺត្រូវឱ្យសិស្សរៀនដោយស្ម័គ្រចិត្ត ឬតាមការយល់ព្រមពីអាណាព្យាបាល។ ក្នុងក្រុងកំពង់ចាម យើងបានប្រជុំជាមួយនាយកអស់ហើយ ឯនៅតាមបណ្ដាស្រុក គឺយើងប្រគល់ឱ្យការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលស្រុកធ្វើកិច្ចការប្រជុំណែនាំនេះ”។
ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម រូបនេះមានប្រសាសន៍ថា ឥឡូវមិនមានបញ្ហាអ្វីកើតឡើង គឺមិនមានសិស្ស ឬអាណាព្យាបាលសិស្ស រអ៊ូរទាំលើបញ្ហាគ្រូបង្ខំឱ្យរៀនគួរពិសេស ទៀតទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/275482949_4883025195131983_8813637894429266293_n-1024x768.jpg)
លោក លី ម៉េងសាន បានបញ្ជាក់បន្ថែមថា៖ “ករណីបើកបង្រៀនគួរពិសេសនេះ មានទាំងនៅកម្រិតបឋម និងមធ្យមសិក្សា ប៉ុន្តែភាគច្រើនកើតនៅ ក្រុងកំពង់ចាមផ្ទាល់ មិនមានកើតតាមស្រុកទេ។ ឯការរៀនគួរពិសេសនេះ ឃើញថាមានឪពុកម្ដាយខ្លះចង់ឱ្យកូនរៀនពិសេស ឬរៀនតែម្នាក់ គ្នាតិចជាដើម”។
លោក លី ម៉េងសាន បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ចាម មាន ៥៣៨ គ្រឹះស្ថានសិក្សា ទាំងកម្រិត មតេយ្យ បឋមសិក្សា និងមធ្យមសិក្សា។ លោកសូមផ្ដាំផ្ញើទៅលោកគ្រូអ្នកគ្រូទាំងអស់ សូមរក្សាវិជ្ជាជីវៈរបស់ខ្លួនក្នុងរៀន និងបង្រៀន និងសូមយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្ស ព្រោះស្ថិតក្នុងបរិបទកូវីដ១៩ ការរៀនមិនបានពេញលេញ និងសូមកុំឆ្លៀតឱកាស ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ។ ករណីល្មើសមិនអនុវត្ត នោះមន្ទីរនឹងពិន័យតាមច្បាប់រដ្ឋបាល។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/275511304_4883025398465296_1688712955704139756_n-1024x768.jpg)
គួរបញ្ជាក់ថា កាលដើមសប្ដាហ៍ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានជម្រាបដល់ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក/ក្រុង ឱ្យធ្វើការណែនាំ និង ផ្សព្វផ្សាយបន្ថែម ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ឱ្យណែនាំបន្តដល់លោកគ្រូ អ្នកគ្រូ ហាមបើកបង្រៀនឯកជន ឬបង្រៀនគួរដោយបង្ខំ។ ការណ៍នេះ កើតឡើងបន្ទាប់ពី មន្ទីរអប់រំ បានទទួលពាក្យបណ្ដឹងរបស់អាណាព្យាបាលសិស្សានុសិស្ស ដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានជុំវិញ ភាពមិនប្រក្រតីក្នុងការបង្រៀនគួររបស់គ្រូបង្រៀន៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក