ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ធ្វើសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២
រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ៩ និងទី ១០ ខែមីនា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកែប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការចូលរូមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។
នៅក្នុងអង្គសន្និបាតនោះ បានដំណើរការដោយមានបទអន្តរាគមន៍ ពីអង្គភាពជំនាញចំនួន ៥ គឺស្នងការដ្ឋាននគរបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលអភិបាលក្រុង-ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ក្នុងនោះ ក៏បានលើកយកនូវប្រធានបទសំខាន់ៗចំនួន ៥ ដើម្បីចែកក្រុមពិភាក្សាយ៉ាងផុលផុសដែលរួមមាន៖ ១. សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិ ភាព, ២. ពិភាក្សាលើ ជំងឺកូវីដ-១៩ និងជំងឺឆ្លងនានា និងវិស័យអប់រំ, ៣. ការផ្ដល់សេវាសាធារណៈ, ៤. ការអភិវឌ្ឍវិស័យទេសចរណ៍, និង៥. ការអភិវឌ្ឍឃុំ-សង្កាត់។
ដោយឡែក ចំពោះការអញ្ជើញបិទអង្គសន្និបាត ក្រោមវត្តមានលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប នៅថ្ងៃទី ១០ ខែមីនា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីបំពេញតម្រូវការជាក់ស្តែង។ត្រូវយកចិត្តទុកដាក់ លើការងារផ្តល់សេវាផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌។ លើកកម្ពស់ចលនាភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។ ជំរុញការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ចរាចរណ៍ផ្លូវគោគ ឲ្យមានប្រសិទ្ធភាព។ យកចិត្តទុកដាក់ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋអន្តរាគមន៍ដោះស្រាយ បញ្ហាគ្រោះមហន្តរាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ជិន ប៊ុនស៊ាន បានបញ្ជាក់ថា សន្និបាតបូកសរុបប្រចាំឆ្នាំ ពិតជាមានសារៈសំខាន់ក្នុងការ ឆ្លុះបញ្ចាំងចំណុចខ្សោយ ខ្លាំង និងបញ្ហាប្រឈម ដែលបានជួបប្រទះ រយៈពេលពេញមួយឆ្នាំ ២០២១ និងពិភាក្សាដាក់ចេញទិសដៅបន្ត។ ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋបាលក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក្នុងស្មារតីទទួលខុសត្រូវ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ សាធារណៈ ក្នុងភូមិសាស្រ្តរបស់ខ្លួន ឲ្យមានភាពកាន់តែល្អប្រសើរ។
ជាមួយនេះ មន្រ្តីរាជការត្រូវមានការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងគោរពវិន័យបានល្អ ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សេង ណារិទ្ធ







-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង