ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី ប្តេជ្ញាសម្រេចឲ្យបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ ២០២២
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២នេះ។

ជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំនិងដឹកនាំ កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២។
រដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរយោបល់បឋមលើរបៀបវារៈមួយចំនួន ដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖
១) ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ២)ការត្រៀមដើម្បីអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន
៣)ការផ្លាស់ប្តូរមតិយោបល់អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងវឌ្ឍនភាពការងាររបស់អាស៊ានក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ-១៩
៤)ការពិនិត្យនិងឯកភាពលើអនុសាសន៍របស់កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨
៥)ការត្រៀមអនុម័តលើឯកសារពាក់ព័ន្ធ ដើម្បីប្រកាសបើកជាផ្លូវការនូវការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន
៦)ការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់ និង
៧) សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីពង្រឹងការផ្លាស់ប្តូរឌីជីថលអាស៊ាន។
ជាមួយគ្នានេះ ប៉ាន សូរស័ក្តិ ក៏បានអំណរគុណ លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ដល់កម្ពុជា ជាប្រធានដឹកនាំកន្លងមក តួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំលើកទី៥៣ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាពេលកន្លងទៅ។

ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី Gan Kim Yong បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសកិច្ចប្រជុំចង្អៀតខាងមុខ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី នឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។
បន្ថែមលើនេះលោក Gan Kim Yong បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕
អត្ថបទ៖ ទួន សុផល



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង