ព័ត៌មានជាតិ
លោកប៉ាន សូរស័ក្តិ ធ្លាប់ដឹកនាំក្រុមហ៊ុនប្រេងអាមេរិក មុនកាន់តំណែងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
លោកប៉ាន សូរស័ក្តិ បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៦ និងបន្តកាន់មុខតំណែងជាថ្មីនៅឆ្នាំ ២០១៨ នៃរដ្ឋាភិបាលនីតិកាលទី ៦។ តាមជីវប្រវត្តិ មុនកាន់ការងាររដ្ឋលោកមានបទពិសោធន៍ការងារវិស័យឯកជនជាច្រើនឆ្នាំ ហើយក៏ធ្លាប់ដឹកនាំនៅក្រុមហ៊ុនប្រេងដ៏ធំមួយដែលមានមូលដ្ឋាននៅអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/ហហហ.png)
ប្រវត្តិសិក្សា
លោកប៉ាន សូរស័ក្តិ ធ្លាប់រស់នៅនិងសិក្សានៅប្រទេសបារាំងនិងសហរដ្ឋអាមេរិកជិត ២០ឆ្នាំ ដោយមានសញ្ញាប័ត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យល្បីៗនៅបារាំងនិងសហរដ្ឋអាមេរិក។
លោកបានត្រឡប់មកកាន់មាតុប្រទេសវិញនៅឆ្នាំ១៩៩២ មុនការបោះឆ្នោតឆ្នាំ១៩៩៣។
អាជីពការងារ
មុនពេលចូលបម្រើការងារក្នុងវិស័យសាធារណៈ លោកបានចំណាយពេលក្នុងអាជីពការងារក្នុងក្រុមហ៊ុនឯកជនអស់រយៈពេលជាង ១៨ ឆ្នាំ ដោយបានកាន់កាប់មុខតំណែងជាន់ខ្ពស់ជាច្រើន។ តំណែងខ្ពស់បំផុតជាអនុប្រធានសាជីវកម្មរបស់ក្រុមហ៊ុន UNOCAL ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នពហុជាតិរបស់អាមេរិកនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី និងក៏បានកាន់តួនាទីជានាយកប្រចាំប្រទេសកម្ពុជា។ ក្រៅពីនេះលោកធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវសម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិក និងមន្ទីរបញ្ចកោណផងដែរ។
ក្រៅពីនោះ លោកប៉ាន សូរស័ក្តិ ធ្លាប់បម្រើការងារនៅក្នុងស្ថាប័នមួយចំនួនទៀត រួមមានជាសមាជិកក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា អនុប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ ក្រុមប្រឹក្សាស្ថិតិជាតិ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NCST) និងក្រុមប្រឹក្សាធុរកិច្ចកម្ពុជាអាមេរិកាំង (AmCam)។
ស្នាដៃធំៗ
ក្រោមការដឹកនាំរបស់លោក ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យមានសេចក្តីព្រាងច្បាប់ និងវិសោធនកម្មច្បាប់ផ្សេងៗ រួមទាំងការការពារអ្នកប្រើប្រាស់ សុវត្ថិភាពចំណីអាហារ ការប្រកួតប្រជែង ប្រតិបត្តិការដែលមានសុវត្ថិភាព និងដំណោះស្រាយពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ ត្រូវបានគេទទួលស្គាល់ជាអ្នកជំរុញលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/270237121_5082245291788308_6431093492943785022_n-1536x1024-1-1024x683.jpg)
លោកបានផ្ដួចផ្ដើម និងដឹកនាំការអនុវត្តផែនការមេ ICT និងធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធ ICT របស់ក្រសួង និងចូលរួមបង្កើតសេចក្តីព្រាងច្បាប់ E-Commerce និងគំនិតផ្តួចផ្តើមក្រសួងអេឡិចត្រូនិក (E-ministry) ក៏ដូចជាបង្កើតស្តង់ដារអក្សរខ្មែរយូនីកូដនៅក្នុងកុំព្យូទ័រ។
លោកបានដឹកនាំការចរចាក្នុងការនាំអង្ករកម្ពុជាចេញទៅកាន់ប្រទេសចិន ដោយរួចពន្ធចំនួន ២០ម៉ឺនតោន កាលពីឆ្នាំ២០១៧ និងបង្កើនដល់ ៣០ម៉ឺនតោន ក្នុង១ឆ្នាំ។
ក្រសួងពាណិជ្ជកម្មដែលមានលោកជារដ្ឋមន្រ្តី ក៏បានដាក់ដំណើរការមន្ទីរពិសោធន៍កាំកុងត្រូលចល័ត និងនៅតាមខេត្ត ដើម្បីការពារនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋខ្មែរ ព្រមទាំងទប់ស្កាត់សកម្មភាពធុរកិច្ចមិនស្មោះត្រង់។ ជាមួយគ្នានេះ បានសហការជាមួយធនាគារជាតិកម្ពុជាលើកកម្ពស់ប្រាក់រៀលជាតិ តាមរយៈការកំណត់ឲ្យមានការបិទតម្លៃជាប្រាក់រៀល ចំពោះរាល់ទំនិញប្រើប្រាស់ដែលចរាចរណ៍លើទីផ្សារតូចធំ។
លោកបានដឹកនាំ និងការពារច្បាប់មួយចំនួនដោយជោគជ័យមានដូចជា៖ ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ពិធីសារធ្វើវិសោធនកម្មផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-ឥណ្ឌា និងបានចរចាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ព្រមទាំងកិច្ចព្រមព្រៀងកម្ពុជា ឡាវ វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណជាដើម។ លោក ប៉ាន សូរស័ក្តិ បានគាំទ្រឲ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥ កន្លែង នៅតាមបណ្តាទីក្រុងនៃខេត្តសំខាន់ៗរបស់ប្រទេសចិន។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/CBCEE3F1-C50E-42DF-99E0-CD056B7.jpeg)
តាមរយៈក្រសួងពាណិជ្ជកម្ម លោកបានជំរុញឲ្យមានការគាំទ្រផលិតផលខ្មែរ តាមរយៈការតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជា៖ យុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេស ពិព័រណ៍ពិភពលោក ដែលធ្វើឡើងរយៈពេល ៦ខែ រៀងរាល់ ៥ឆ្នាំម្តង ពិព័រណ៍អន្តរជាតិដែលធ្វើឡើងរយៈពេល ០៣ខែ រៀងរាល់ ៥ឆ្នាំម្តង ឆ្លាស់គ្នាជាមួយពិព័រណ៍ពិភពលោក និងពិព័រណ៍ចិន-អាស៊ាន ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ តាមរយៈការចូលរួមពិព័រណ៍ទាំងនេះ ផលិតផលជាច្រើនរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីជំរុញការនាំចេញដំណាលគ្នាជាមួយនឹងការចុះកិច្ចព្រមព្រៀងវិនិយោគជាច្រើន រវាងកម្ពុជា និងបរទេស។
ក្រៅពីនេះ លោកក៏បានគាំទ្រឲ្យមានការអភិវឌ្ឍផលិតផលហាឡាល់ (Halal) ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។
គោលដៅ
ក្នុងនាមជារដ្ឋមន្រ្តី លោកបានជំរុញវិស័យពាណិជ្ជកម្ម តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម កម្រិតចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងចក្ខុវិស័យ ឆ្នាំ២០៥០ ប្រែក្លាយកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច