ព័ត៌មានជាតិ
ការជជែកវែកញែកគ្នា ជុំវិញវិបត្តិអ៊ុយក្រែន-រុស្ស៊ី បង្ហាញថាពលរដ្ឋខ្មែរ មានសេរីភាពក្នុងការតាមដាន និងបញ្ចេញមតិយោបល់
បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្ដើមធ្វើសកម្មភាពយោធា ទៅលើប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈមក អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានការជជែកវែកញែកគ្នាជាច្រើន ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសទាំងពីរនេះ។ ក្នុងនោះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះ បញ្ចេញមតិយោបល់គាំទ្រប្រទេសរុស្ស៊ី ខ្លះទៀតបង្ហាញការគាំទ្រអ៊ុយក្រែន និងមានមតិយោបល់ផ្សេងៗទៀត រហូតដល់មានការជជែករកខុស រកត្រូវថែមទៀត។
ពាក់ព័ន្ធនឹងការជជែកវែកញែក ហើយទស្សនៈខុសគ្នាទៅលើវិបត្តិនៅអ៊ុយក្រែន និងរុស្ស៊ីនេះ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ឃើញថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចូលចិត្តតាមដានព័ត៌មាន ទាំងក្នុងស្រុក និងក្រៅស្រុក ហើយការជជែកវែក ញែកគ្នានោះ គឺបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពក្នុងការតាមដាន ក្នុងការបញ្ចេញមតិយោបល់ផ្សេងៗ ទៅលើព័ត៌មានដែលពួកគាត់ទទួលបាន។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការជជែកវែកញែករបស់ប្រជាពលរដ្ឋខ្មែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅអ៊ុយក្រែន និងរុស្ស៊ី និងបញ្ហាផ្សេងៗទៀតនោះ គឺបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចូលចិត្តតាមដានព័ត៌មាន ទាំងក្នុងស្រុក និងក្រៅស្រុក ហើយស្ទើរគ្រប់វិស័យទាំងអស់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ និងបណ្ដាញសង្គម ផងដែរ។
ការជជែកវែកញែកគ្នានោះ គឺបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពក្នុងការតាមដាន ក្នុងការបញ្ចេញមតិយោបល់ផ្សេងៗ ទៅលើព័ត៌មានដែលពួកគាត់ទទួលបាន។ លោកបណ្ឌិត ឈត ប៊ុនថង បានបន្តថា ការជជែកវែកញែក ហើយមានទស្សនៈផ្សេងគ្នា របស់ប្រជាពលរដ្ឋខ្មែរ នៅលើបណ្ដាញសង្គមទៅលើព័ត៌មាន ឬព្រឹត្តិការណ៍ ដែលកើតឡើងណា មួយ ជាពិសេសព្រឹត្តិការណ៍នៅអ៊ុយក្រែន-រុស្ស៊ីនោះ គឺបណ្ដាលមកពី៖
ទី១. ជាលក្ខណៈធម្មជាតិ គឺមនុស្សតែងមានការយល់ឃើញខុសគ្នា និងទស្សនៈខុសគ្នា។ ទី២. ជាកត្តាសង្គមនយោ បាយ មានន័យថា វិបត្តិនៅអ៊ុយក្រែននោះ គឺម្ខាងរស្ស៊ី និងម្ខាងទៀតគឺអ៊ុយក្រែន ដែលមានណាតូ និងសហគមន៍អឺរ៉ុបនៅពីក្រោយខ្នង។ ដូច្នេះហើយ ប្រជាពលរដ្ឋខ្មែរ ម្ខាងអាចមានទំនោរស្រលាញ់ ទៅខាងណាតូ ទៅសហគមន៍អឺរ៉ុប និងម្ខាងទៀត អាចមានទំនោរស្រលាញ់ទៅខាងរុស្ស៊ី ហើយម្ខាងផ្សេងទៀត អាចមានអារម្មណ៍អាណិតប្រជាជន ដែលស្លាប់នៅក្នុងព្រឹត្តិការណ៍នោះ ជាដើម។ ទី៣. បើគិតតាមបែបទស្សនវិទ្យា គឺអាស្រ័យទៅលើព័ត៌មាន ដែលពួកគាត់ទទួលបាន ថាតើព័ត៌មានពួកគាត់ទទួលបានគ្រប់ជ្រុយជ្រោយ ឬអត់? ថាតើព័ត៌មានជាព័ត៌មាន ដែលអាចទុកចិត្តបានឬអត់? ពីព្រោះពួកគាត់មិនបានទៅយកព័ត៌មាន នៅទីនោះឡើយ គឺគ្រាន់តែទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម តែប៉ុណ្ណោះ។
អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងទៀតថា «ហើយការដែលគាត់ មានយោបល់ខុសគ្នា ឬក៏ថា រហូតទៅដល់គេហៅថា បញ្ចេញមតិប្រឆាំងគ្នា ឬជំទាស់គ្នាហ្នឹង អាចហ្នឹងចៀសមិនផុតទេ វាតែងតែមាន កាលណាមានមតិយោបល់ខុសគ្នា គ្រាន់តែជាយល់ឃើញរបស់ខ្ញុំទេ បងប្អូនយើងគួរតែកាត់បន្ថយការប្រឈមគ្នាពីរឿងហ្នឹងទៅ ដោយសារតែព័ត៌មានដែលពួកគាត់ទទួលបាន ដែលយើងទទួលបានយ៉ាងម៉េច យើងគិតម៉េច យើងយល់តាមបែបនោះទៅ ប៉ុន្តែ ចៀសវាង កុំប្រឈមដាក់គ្នា ឬក៏អាចមានវិវាទ មានទំនាស់ដោយសារតែរឿងហ្នឹង ដោយសារតែព័ត៌មានយើងទទួលបាន មិនគ្រប់ជ្រុងជ្រោយ»។
ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ដើម្បីកុំឲ្យការជជែកវែកញែក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅប្រទេសអ៊ុយក្រែន មានបញ្ហារហូតដល់មានការឈ្លោះទាស់ទែងគ្នានោះ គឺមនុស្សម្នាក់ៗ ត្រូវដកខ្លួនឲ្យផុតពីរុស្ស៊ី ឬអ៊ុយក្រែន ណាតូ និងអាមេរិកជាដើម ហើយត្រូវប្រកាន់ជំហរនៅកណ្ដាល។ ម្យ៉ាងទៀត ត្រូវព្យាយាមតាមដានមើលប្រភពព័ត៌មាន ដែលបានផ្សព្វផ្សាយថាតើ ព័ត៌មានណាដែលគួរឲ្យជឿជាក់បានជាងគេ? ពីព្រោះថា នៅពេលដែលមានការតស៊ូមតិ ទំនាស់ការទូត ឬក៏សង្គ្រាម កើតឡើងនោះ គឺតែងតែមានការផ្សព្វផ្សាយនូវព័ត៌មានបំប៉ោង និងព័ត៌មានបំផ្លើស ម្ខាងៗ។ ដូច្នេះហើយ ប្រសិនបើពុំទទួលបានព័ត៌មានពិតពីប្រភព ឬស្ថាប័នព័ត៌មាណា ដែលគួរឲ្យទុកចិត្តទេនោះ គឺព័ត៌មាននោះ នឹងវានឹងបំពុលវិញ ហើយអ្នកដែលនិយាយចេញទៅនោះ មិនមានភាពត្រឹមត្រូវជាដើម។
លោកថា «អញ្ចឹងទេ សុំដកខ្លួនពីភាគីនីមួយៗ ហើយព្យាយាមប្រមូលព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយកុំប្រញាប់សន្និដ្ឋានពេក ដោយយើងព្យាយាមប្រមូលព័ត៌មានឲ្យបានច្រើន ដែលយើងធ្វើរបៀបមួយ ថាតើយើងពិចារណាបែបអនុមានរួម បែបអនុមានញែក ឬក៏តាមរបៀបណាមួយ ហើយត្រូវគិតថា អ្វីដែលយើងទទួលបានជាព័ត៌មានក្ដី ពាក់ព័ន្ធនឹង រុស្ស៊ីក្ដី ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាក្ដី សមុទ្រចិនខាងត្បូងក្ដី ឬក៏ប្រទេសផ្សេងៗក្ដី ដែលមានបញ្ហាហ្នឹង គឺគ្រាន់តែជាព័ត៌មានដែលយើងទទួលបានមួយជ្រុងទេ មិនមែនទទួលបានព័ត៌មានសរុបទេ ដូច្នេះយើងមិនគួរធ្វើការសន្និដ្ឋានដាច់ណាត់ រហូតយើងឈ្លោះគ្នាទេ គ្រាន់តែគិតថា បើតាមខ្ញុំទទួលបានព័ត៌មាន ខ្ញុំឃើញបែបនេះ បើយល់ឃើញអញ្ចឹងហើយ មិនបាច់ឈ្លោះគ្នាទេ គ្រាន់តែថា ព័ត៌មានទទួលបានប៉ុណ្ណា យើងសន្និដ្ឋានប៉ុណ្ណឹងទៅ យើងដកទៅ លែងមានវិបត្តិ លែងមានជម្លោះ លែងមានជំងឺផ្លូវចិត្តហ្នឹងហើយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ