ព័ត៌មានជាតិ
កសិករ កំពុងស្ទាក់ស្ទើរក្នុងការចិញ្ចឹមជ្រូក ដោយរង់ចាំយន្តការដេញថ្លៃរបស់ក្រសួង
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឲ្យដឹងថា ក្រុមហ៊ុន និងកសិករ កំពុងស្ទាក់ស្ទើរក្នុងការទិញកូនជ្រូកយកមកចិញ្ចឹមជាថ្មី ដោយរង់ចាំយន្តការដេញថ្លៃជ្រូករស់នាំចូលរបស់ក្រសួងចេញជាផ្លូវការ។

លោក ស្រ៊ុន ពៅ បានថ្លែងដូច្នេះថា« ដោយសារមិនទាន់ច្បាស់លាស់អំពីយន្តការនៃការដេញថ្លៃជ្រូករស់នាំចូល ដែលក្រសួងគ្រោងដាក់ចេញ សព្វថ្ងៃកសិករ មិនទាន់ហ៊ានសម្រុកចិញ្ចឹមបន្ថែមទៀត នៅឡើយ»។
ប្រធានសមាគមបន្តទៀតថា « រដ្ឋាភិបាល មិនសម្លាប់កសិករខ្លួនឯងទេ.. យើងមិនទាន់ដឹងថា គោលការណ៍ដេញថ្លៃនេះរបៀបម៉េច យើងអត់ទាន់សន្និដ្ឋានបាននៅឡើយ។ ជួនកាលយន្តការនេះល្អដល់វិស័យចិញ្ចឹមសត្វក៏ថាបាន យើងអត់អាចនិយាយបានដោយសារមិនទាន់អនុវត្ត»។
នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រសួងកសិកម្មឱ្យរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ប្រកបដោយភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យនៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុក។
លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានបញ្ជាក់ថា ដោយសារតែតម្លៃសាច់ជ្រូកមានការឡើងថ្លៃជាបន្តបន្ទាប់រហូតដល់តម្លៃពី ២៥ ០០០-២៦ ០០០ រៀលក្នុង ១ គីឡូក្រាម ក្នុងឆ្នាំ ២០២១ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះការរៀបចំយន្តការដេញថ្លៃជ្រូករស់ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។ ប៉ុន្តែយន្តការនេះត្រូវប្រើប្រាស់នៅពេលដែលមានកង្វះការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ពោលគឺពុំត្រូវបានយកមកអនុវត្តជាប្រចាំឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក។
ជាការឆ្លើយតប លោក ស៊្រុន ពៅ បានលើកឡើងថា សព្វថ្ងៃការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយ មិនគួរនាំចូលពីខាងក្រៅទេ។ «ជាក់ស្តែងយើងបានផ្អាកនាំចូលរយៈពេល ៦ខែហើយ ឃើញថា ជ្រូកក្នុងស្រុកអត់មានខ្វះទីផ្សារ ហើយសល់ថែមទៀត»។
បើតាមលោក ស្រ៊ុន ពៅ រាល់ថ្ងៃថ្លៃដើមផលិតរបស់អ្នកចិញ្ចឹមចំណាយអស់ ១២ ០០០រៀល ចំពោះការលក់ចេញបានតែ ១១ ០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាមជ្រូករស់ ដែលតម្លៃលក់ចេញនេះ មិនដល់ថ្លៃដើម ធ្វើកសិករខាតបង់ ដែលនេះជាកត្តាប្រឈមចំពោះអ្នកចិញ្ចឹម។
ការចិញ្ចឹមដែលអាចឲ្យកសិករ និងក្រុមហ៊ុនទទួលបានប្រាក់ចំណេញ គឺតម្លៃចន្លោះពី ១២,០០០រៀល ទៅ ១៣.០០០រៀល ក្នុងមួយគីឡូក្រាម។ នេះជាការបញ្ជាក់របស់លោក ស្រ៊ុន ពៅ។
កម្ពុជាថ្មី បានទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ដើម្បីសុំការអត្ថាធិប្បាយជុំវិញយន្តការដេញថ្លៃជ្រូកនេះ លោកប្រាប់ថា កំពុងជាប់ប្រជុំ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះតម្រូវការសាច់ជ្រូកនៅលើទីផ្សារកម្ពុជា មានប្រមាណ ៨ ពាន់ក្បាល ក្នុង ១ថ្ងៃ ដែលផ្គត់ផ្គង់ដោយជ្រូកក្នុងស្រុកទាំងស្រុង៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង