ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តការពារពីកូវីដ ខណៈរាជរដ្ឋាភិបាលកាត់បន្ថយការរឹតបន្តឹងមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបន្តយកចិត្តទុកដាក់ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ទោះបីជាស្ថានភាពជំងឺនៅកម្ពុជា មានការថមថយហើយក៏ដោយ។ ការអំពាវនាវជាថ្មី របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយនូវការរឹតបន្តឹងលើបញ្ហាមួយចំនួន។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា កាលពីថ្ងៃម្សិលមិញ សម្ដេចបានសម្រេចលើបញ្ហាចំនួន ៣ ដើម្បីដាក់ឲ្យអនុវត្តចាប់ពីថ្ងៃនេះតទៅ។
ទី១. អ្នកដែលមកពីក្រៅប្រទេស មិនតម្រូវឲ្យមានការធ្វើតេស្ដ PCR រយៈពេល ៧២ម៉ោងទៀតទេ។
ទី២. ពេលដល់ព្រលានយន្ដហោះរបស់កម្ពុជា មិនចាំបាច់ធ្វើតេស្ដទៀតនោះទេ។
ទី៣. មិនចាំបាច់ទៅយកវីសានៅប្រទេសណានោះទេ គឺយកវីសាពេលមកដល់តែម្ដង។
សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា កាលពីយប់មិញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរ មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា។ លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa, on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា ទោះបីមានការលុបចោលលក្ខខណ្ឌ តម្រូវដូចមានចែងក្នុងចំណុចទី១,និ ងទី២ខាងលើនេះក៏ដោយ ក៏ក្រសួងសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្ដរហ័សដោយខ្លួនឯង។
ទន្ទឹមនឹងនេះ អ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្រ បញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រទះឃើញសាកសពក្នុងកន្លែងដាក់កង់យន្តហោះដ៏កម្របំផុត