ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំង២
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានារសៀលថ្ងៃព្រហស្បតិ៍នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។
នៅក្នុងអំឡុងពេលទស្សនកិច្ចកម្ពុជា លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក គីស៊ីដា ហ្វូមីអូ នៅប្រទេសកម្ពុជានេះ គឺបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយ ៖វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?