Connect with us

ព័ត៌មានជាតិ

អង្គការមូលនិធិអាស៊ី សម្តែងការដឹងគុណដល់សម្តេចតេជោ ដែលផ្តល់កិច្ចសហការល្អក្នុងរយៈពេលជាង៤០ ឆ្នាំមកនេះ

បានផុស

នៅ

លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation)បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជួយដល់អង្គការនេះ ដែលញ៉ាំងឱ្យអង្គការមូលនិធិអាស៊ីបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក David D. Arnold បានថ្លែងអំណរគុណបែបនេះនៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី ១៧ ខែ មីនា ២០២២ ម្សិលមិញនេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថាលោក David D. Arnold បានគោរពជម្រាបជូនសម្តេចតេជោអំពីសកម្មភាពរបស់អង្គការ The Asia Foundation នៅកម្ពុជាដែលបច្ចុប្បន្នកំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រីនិងយុវជន ការពង្រឹងនិងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា។

ក្នុងន័យនេះ លោក David បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ The Asia Foundation ដែលញ៉ាំងឱ្យអង្គការ The Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូននិងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ និងបានថ្លែងអំណរគុណអង្គការ The Asia Foundationជាមួយ និងបានលើកទឹកចិត្តឱ្យអង្គការនេះ បន្តធ្វើការងារផង និងស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាពិសេស ក្នុងកាលៈទេសៈកូវីដ១៩ និងពេលដែលកម្ពុជាកំពុងតែបើកសេដ្ឋកិច្ចឡើងវិញ៕

ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម