Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើសារជូនពលរដ្ឋខ្មែរ មុនមកដល់កម្ពុជា 

បានផុស

នៅ

លោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា រយៈពេល២ ថ្ងៃ ប៉ុន្តែមុនឈានជើងចូលមកដល់ លោកបានផ្ញើសារដ៏មានខ្លឹមសារមួយជូនពលរដ្ឋកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារដែលផ្សព្វផ្សាយ ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងយ៉ាងនេះថា “ជម្រាបសួរប្រជាជនកម្ពុជាជាទីរាប់អាន ! ខ្ញុំឈ្មោះ គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន។ ថ្ងៃនេះ ខ្ញុំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤ មកម្ល៉េះ។ ខ្ញុំទន្ទឹងរង់ចាំឃើញដោយផ្ទាល់នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា។

កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព ។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការ គោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសយើងទាំងពីរកាន់តែមានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព ខ្ញុំមកបំពេញទស្សន កិច្ចនៅកម្ពុជា ដោយមានគោលបំណងពីរដូចខាងក្រោម។

ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០នៃការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។

ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោ ភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហ ប្រជាជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម។ ខ្ញុំបានយល់ថាតាមបទពិសោធន៍នៃសង្គ្រាម ស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ អស់លោកលោកស្រី ក្មួយៗដែលជាប្រជាជនកម្ពុជាទាំងអស់ តោះរួមគ្នាបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយយើងខ្ញុំ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម