ព័ត៌មានជាតិ
ប្រាក់រៀល បានដាក់ឲ្យប្រើប្រាស់រយៈពេល ៤២ឆ្នាំហើយ ក្រោយផ្អាក ៥ឆ្នាំដោយរបបខ្មែរក្រហម
ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានប្រារព្វទិវាប្រាក់រៀល ខួបលើកទី៤២នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ – ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល ក្រោមអធិបតីភាពលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជានិងជាតំណាងលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីនាឱកាសនោះដែរ លោកស៊ុំ សន្និសិទ្ធ បានមានប្រសាសន៍ថា ថ្ងៃនេះ កាលពី៤២ឆ្នាំមុន ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញ បន្ទាប់ពីផ្អាកការចរាចរណ៍អស់រយៈពេលប្រមាណ ៥ឆ្នាំ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅជាសង្គមទាសភាព។ ទស្សនៈជ្រុលនិយម ខុសនិយាមនេះហើយ ដែលធ្វើឱ្យកម្ពុជាដើរទៅរកសោកនាដកម្ម និងការបំផ្លាញរាល់ខឿនសេដ្ឋកិច្ចជាតិទាំងអស់។
លោកបានបន្តថា នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាង អធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ ទន្ទឹមនេះ ប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើន មុននឹងក្លាយជារូបិយវត្ថុមួយប្រកបដោយទំនុកចិត្តដូចសព្វថ្ងៃ។ ឧបសគ្គទាំងនេះ រួមមាន៖ ការបាត់បង់ជំនឿទុកចិត្តទាំងស្រុងលើប្រាក់រៀល ក្រោយចេញពីសម័យ ប៉ុល ពត និងអស្ថិរភាពនយោបាយ រហូតដល់ចុងឆ្នាំ១៩៩៨ វិបត្តិសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យអតិផរណាកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ និងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្ទាល់នៅក្នុងសេដ្ឋកិច្ចកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការរបស់ប្រាក់រៀលនៅក្នុងការប្រើប្រាស់។
លោកទេសាភិបាលរងបានបន្ថែមថាក៏ប៉ុន្តែ ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេស ផ្នត់គំនិតរបស់ប្រជាជនផងដែរ ដែលបញ្ហានេះនឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទូទៅ។
លោកបានបញ្ជាក់ថា តាមរយៈលទ្ធផលអង្កេតរបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេស ចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅក្នុងតំបន់ជនបទប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយ នៅក្នុងជីវភាពរស់នៅ។ ដើម្បីគាំទ្រការប្រើប្រាស់និងមធ្យោបាយទូទាត់អេឡិចត្រូនិកត្រូវបានដាក់ឱ្យប្រើប្រាស់ ដែលបានរួមចំណែកថែមទៀត ក្នុងការបង្កើនវិសាលភាពនិងភាពងាយស្រួល លើការទូទាត់ និងសន្សំជាប្រាក់រៀល នៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានឱ្យដឹងទៀតថា នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការរាលដាលជំងឺកូវីដ-១៩ ការប្រើប្រាស់ប្រាក់រៀលកាន់តែមានសារសំខាន់ ដើម្បីឱ្យវិស័យធនាគារចូលរួមចំណែកកាន់តែសកម្ម ក្នុងការស្តារនិងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ជាពិសេស ការបន្ធូរបន្ថយអត្រាការប្រាក់សម្រាប់ជំរុញការវិនិយោគនិងការប្រើប្រាស់ ក៏ដូចជា ការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច។
ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត សំដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងចីរភាព លោកទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិតែមួយគត់របស់យើងទាំងអស់គ្នា៕
សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់