ព័ត៌មានជាតិ
ប្រធានបុរីទារកនិងកុមារជាតិ អំពាវនាវដល់វិស័យឯកជននិងសប្បុរសជនជួយគាំទ្រដល់កុមារខ្សោយសតិបញ្ញានិងអូទីស្សីម
លោកស្រី ថោ ពៅ ប្រធានបុរីទារកនិងកុមារជាតិ បានធ្វើការអំពាវនាវដល់វិស័យឯកជននិងសប្បុរសជននានាមេត្តាជួយគាំទ្រដល់កុមារខ្សោយសតិបញ្ញា កុមារពិការខួរក្បាល អូទីស្សីម កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា ដើម្បីឱ្យពួកគេទទួលបាននូវការចិញ្ចឹមបីបាច់ថែទាំនិងស្នាក់នៅប្រកបដោយភាពកក់ក្តៅ។
ការអំពាវនាវនេះបានធ្វើឡើងក្នុងកម្មវិធីប្រារព្ធទិវា ដោនស៊ីនដ្រូមពិភពលោក នៅថ្ងៃទី២១ ខែមីនា នៅបុរីទារក និងកុមារជាតិ ស្ថិតភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី ថោ ពៅ បានបន្តថា សព្វថ្ងៃនេះ បុរីទារកនិងកុមារជាតិមានកុមារសរុបចំនួន១៦០នាក់ ប្រុស៨៥នាក់ស្រី៧៥នាក់ ក្នុងនោះមានកុមារពិការខួរក្បាល និងអូទីស្សីម ចំនួន៣៨នាក់, កុមារដោនស៊ីនដ្រូម៦នាក់, ពិការខួរក្បាល និងដៃជើង ៤២នាក់, ពិការរាងកាយ និងដៃជើង ៤៨នាក់,ពិការភ្នែក និងអូទីស្សីម ០១នាក់, ពិការភ្នែក និងផ្ទុកមេរោគអេដស៍ ០១នាក់,ផ្ទុកមេរោគអេដស៍ ១៣នាក់, ខ្សោយប្រាជ្ញា ០៥នាក់ និងកុមារធម្មតា ៦នាក់។ លោកស្រីបានបន្តទៀតថា ក្នុងចំនួននេះ កុមារ៧០នាក់ អាចញ៉ាំខ្លួនឯងបាន, ចំនួន៩០នាក់ ត្រូវការអ្នកថែទាំបញ្ចុក, កុមារ ២៩នាក់ ញ៉ាំបបររ៉េហ្សីម និងកុមារ២៧នាក់លេបថ្នាំ ប្រកាច់រៀងរាល់ថ្ងៃ។

លោកស្រីបានបន្ថែមថា កុមារទទួលបានម្ហូបអាហារបីពេលក្នុង១ថ្ងៃ និងមានអាហារសំរ៉ន់២ពេល ដូចជាទឹកសណ្តែក ឬទឹកដោះគោ នំចំណីផ្លែឈើផ្សងៗ ជាប្រចាំថ្ងៃហើយត្រូវការថែទាំដោយបែងចែកតាមបន្ទប់ស្នាក់នៅទៅតាមកំរិតអាយុ និងភេទ ក្នុង១បន្ទប់ពី១០ទៅ១៥នាក់ទៅតាមប្រភេទពិការធ្ងន់ និងស្រាល។ ក្នុងនោះម៉ែដោះថែទាំតម្រូវការច្រើននាក់ក្នុង០១បន្ទប់០៤នាក់បែងចែកវេនយាមប្រចាំការ០២នាក់ក្នុង១ថ្ងៃ(២៤ម៉ោង) ។ យ៉ាងណាក៏ដោយលោកស្រីបានបញ្ជាក់ថា បុរីមិនអាចសមាហរណកម្មកុមារពិការគ្រប់អាយុបញ្ចេញបាន ព្រោះជាប្រភេទកុមារពិការមិនអាចជួយខ្លួនឯងហើយក៏គ្មានញាតិសន្តានអាចទំនាក់ទំនងយកកុមារទៅវិញដែរ។ ពិសេសកុមារពិការធ្ងន់ធ្ងរទាំងនេះ មានវ័យកាន់តែច្រើនទម្ងន់កាន់តែធ្ងន់អ្នកថែទាំជាស្ត្រីជួបការលំបាកក្នុងការលើកដាក់បម្លាស់ទីច្រើនដងក្នុងមួយថ្ងៃៗ។ ជាងនេះទៀតកុមារពិការមានតម្រូវការសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ និងការព្យាបាលជំងឺច្រើនជាងកុមារធម្មតា។

លោកស្រីបានឱ្យដឹងទៀតថា បច្ចុប្បន្នេះយើងមានមន្រ្តីបុគ្គលិកចំនួន៨៣នាក់ស្រី៧០នាក់ ប្រុស១៣នាក់ ក្នុងនោះក្របខណ្ឌរដ្ឋចំនួន១៨នាក់ស្រី១៥នាក់ប្រុស ០៣នាក់។ ជាប់កិច្ចសន្យា៦៥នាក់ ស្រី ៥៥នាក់ប្រុស១០នាក់សម្រាប់ថែទាំដល់កុមារទាំងនោះដោយគ្មានថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរិ៍ អាទិត្យ ឬថ្ងៃបុណ្យទានផ្សេងៗឡើយ។

លោកស្រី ថោ ពៅ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន មីជាតិ ដែលបានជ្រើសរើស បុរីទារក និងកុមារជាតិ ក្នុងការប្រារព្ធទិវាដោនស៊ីនដ្រូមពិភពលោក ព្រមជាមួយការពាំនាំមកជូននូវសម្ភារៈចំបាច់រួមមាន ម៉ាស៊ីនបោកសម្លៀកបំពាក់ និងគ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនមកជូនបុរីទារក និងកុមារជាតិ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ អ្នកគ្រូលោកគ្រូ បុគ្គលិកនៃបុរីទារក និងកុមារជាតិដែលបានយកអស់កម្លាំងកាយចិត្តមើលថែទាំចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។
លោកស្រីបានបន្តថា ជំងឺដោនស៊ីនដ្រូម ជាដើមចមនៃការបណ្តាលអោយកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី។ ជំងឺនេះមានវត្តមានជាសកលនៅទូទាំងពិភពលោកដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ភេទ ឬសាសនាឡើយ ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវឲ្យឪពុកម្តាយសូមយកចិត្តទុកដាក់ពីសុខភាពកូនៗ តាំងពីពេលចាបផ្តើមមានគភ៌ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយ សូមរួសរាន់ក្នុងការស្វែងរកសេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង