ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗ៣ចំណុច ដើម្បីប្រសិទ្ធភាពនៃការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន
នៅរសៀលថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាប់ផ្តើមក្នុងដំណាក់កាលដំបូងជាប្រវត្តិសាស្ត្រតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យ នៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាព នៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនាឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
មានប្រសាសន៍នៅក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំនួន៣ចំណុចរួមមាន៖
ទី១, ការបន្តលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការគ្រប់គ្រងការងារកែទម្រង់៖ ត្រូវបន្តបែងចែកឱ្យច្បាស់លាស់នូវតួនាទីសិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្ដល់សេវាសាធារណៈ ដែលត្រូវបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗ ដើម្បីរៀបចំគោលនយោបាយ និងការផ្ដល់សេវាក្នុងវិស័យនីមួយៗ។ គ.ជ.អ.ប ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗ ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័នដទៃទៀត និងពិនិត្យកែសម្រួលច្បាប់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីឲ្យសមស្របទៅនឹងគោលនយោបាយ និងការវិវត្ត នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
បើតាមសម្តេចតេជោ គ.ជ.អ.ប ចាំបាច់សិក្សារកជម្រើសសមស្របនានា សម្រាប់រៀបចំយន្តការ ស្ថាប័ននៅថ្នាក់ក្រោមជាតិ ដែលជាយន្តការអចិន្ត្រៃយ៍ ធានាប្រសិទ្ធភាព នៃការដឹកនាំដ៏សម្រាប់សម្រួលត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមច្បាប់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។
ទី២, អំពីការបន្តពង្រឹងស្ថាប័នថ្នាក់ក្រោមជាតិ៖ ត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត តាមរយៈការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្ដល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្អែកលើសក្តានុពល នៃមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធម៌សង្គម។ រដ្ឋបាលរាជធានី ត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំ ដើម្បីដោះស្រាយបញ្ហាតាមកំណើនប្រជាជន និងសេវាទីក្រុង។
ចំណែករដ្ឋបាលខេត្ត ត្រូវបន្តរៀបចំឲ្យមានរចនាសម្ព័ន្ធ និងមុខងារតាមចរិតលក្ខណៈ និងរដ្ឋបាលតំបន់ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នថ្នាក់ជាតិ និងត្រូវគាំទ្រតាមដាន ត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ក្នុងការផ្ដល់សេវាសាធារណៈ ជាមួយនឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ហើយដែលក្រុង ស្រុក មិនអាចមានលទ្ធភាព។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំ ត្រូវបន្តពង្រឹងឲ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានជួរមុខ និងការផ្ដល់សេវាចាំបាច់នានា ជូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅតាមមូលដ្ឋាន។ ចំពោះប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាដែលជាតួអង្គនីមួយៗ ត្រូវបង្កើតឡើងតាមរយៈការបោះឆ្នោត ដើម្បីធ្វើជាតំណាងឲ្យសំឡេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ទី៣, អំពីការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ៖ ត្រូវបន្តពិនិត្យ និងកែលំអគោលការណ៍ និងកម្មវិធីដែលមានការពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ដល់ថវិកាបន្ថែមលើប្រាក់បៀវត្ស ការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់ និងឋានន្តរស័កក្នុងតំណែងនានា ក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យស្របទៅតាមមុខជំនាញ ដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការរើសអើង។
ទាក់ទងទៅនឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ថ្នាក់មូលដ្ឋានកំពុងតែមានការកើនឡើងនូវការងារយ៉ាងច្រើន ហើយបទពិសោធន៍ជោគជ័យក្នុងរយៈពេលពីរឆ្នាំនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះ គឺជាជោគជ័យ នៃការបែងចែកមុខងារ និងការផ្ទេរអំណាចកាន់តែច្រើនទៅកាន់មូលដ្ឋាន។ ចំណុចនេះ ប្រសិនបើអ្វីៗរង់ចាំថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាពបាន ទៅតាមទំហំការងារ នឹងឆ្លើយតបបន្ទាន់ទេនោះ គឺមិនអាចទទួលបានជោគជ័យដូចថ្ងៃនេះទេ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា