ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំពលរដ្ឋខ្មែរមិនត្រូវជួលដីនៅព្រំដែន ឲ្យទៅប្រជាជននៃប្រទេសជិតខាងធ្វើស្រែចម្ការ នោះឡើយ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន មិនត្រូវជួលដីទៅឲ្យប្រជាជននៃប្រទេសជិតខាង ជាពិសេសប្រជាជនវៀតណាមធ្វើស្រែចម្ការនោះឡើយ ពីព្រោះករណីនេះ អាចពិបាកដោះស្រាយនៅពេលក្រោយ ហើយប្រជាពលរដ្ឋក៏មិនមានសិទ្ធិធ្វើបែបនេះ នោះដែរ។
នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២២ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីករណីប្រជាពលរដ្ឋខ្មែរជួលដី នៅតាមព្រំដែនទៅឲ្យប្រជាជន នៃប្រទេសជិតខាង ជាពិសេសប្រជាជន នៃប្រទេសវៀតណាមធ្វើស្រែចម្ការ ដែលនេះជាបញ្ហាមួយមិនងាយដោះស្រាយ នោះទេ។
សម្ដេចក្រឡាហោម បានថ្លែងថា «គឺថាប្រជាពលរដ្ឋ គាត់ជួលដីនៅតាមព្រំដែនហ្នឹង គាត់អត់ធ្វើទេ គាត់ជួលយកលុយ វាស្រួល ប៉ុន្តែវាក៏មិនស្រួលដែរ នៅពេលដែលយូរៗទៅ គាត់ថា គាត់មកនៅលើដីហ្នឹងយូរហើយ ដូច្នេះដោះមិនងាយចេញទេ នេះហើយជាបញ្ហា»។
ជាមួយគ្នានេះ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមិនត្រូវជួលដី ទៅឲ្យប្រជាជននៃប្រទេសដទៃ ដើម្បីធ្វើស្រែចម្ការនោះឡើយ ពីព្រោះច្បាប់មិនបានអនុញ្ញាត។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ ថា«ចឹងហើយ មិនត្រូវទេ អត់មានសិទ្ធិទេៗ ខ្ញុំគិតថា យីអាសិទ្ធិជួលហ្នឹង ខ្ញុំមិនដឹងទេ មិនដឹងថា នរណាសម្រេចទេ សុំឲ្យសិក្សាមែនទែន សិទ្ធិជួលអញ្ចឹងៗ អើ អត់ឲ្យជួលទេ អាហ្នឹងអត់បានទេ តែជួលអញ្ចឹងទៅ យូរៗទៅ គឺថាហេ អាហ្នឹងដីគាត់តើ គាត់មកធ្វើយូរហើយ នេះជាបញ្ហា»។
នៅក្នុងពិធីដដែលនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងដែរថា នៅខេត្តព្រៃវែង មានព្រំដែនពីរកំណាត់ជាមួយប្រទេសវៀតណាម ដោយមួយកំណាត់វែង និងមួយកំណាត់ទៀតខ្លី។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ សម្ដេច ស ខេង បានលើកឡើងអំពីការការពារបូរណភាពទឹកដី ដែលមានយន្តការចំនួនពីរ នោះគឺកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាល ដែលរួមគ្នាដើម្បីការពារបូរណភាពទឹកដី។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា «ការការពារបូរណភាពទឹកដីៗ កន្លងទៅនេះ យើងមានយន្តការពីរ កងយោធពលខេមរភូមិន្ទ ហើយកងកម្លាំងនគរបាល ដែលរួមគ្នាដើម្បីការពារទឹកដី និយាយមែនទែនទៅ ការពារទឹកដី ហៅថា បូរណភាពទឹកដី កំណាត់ខ្លះកងទ័ព កំណាត់ខ្លះនគរបាល យើងបន្តធ្វើបញ្ហានេះឲ្យបាន»។
ចំពោះកងកម្លាំងនគរបាល សម្ដេច ស ខេង បានណែនាំបន្ថែម ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ ទៅលើតួនាទីរបស់ខ្លួន នោះគឺការគ្រប់គ្រងសន្តិសុខនៅតាមព្រំដែន រួមមាន៖ ការលួចឆ្លងកាត់ព្រំដែនខុសច្បាប់, និងការរត់ពន្ធទំនិញខុសច្បាប់ ជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ