ព័ត៌មានជាតិ
សៀវភៅមហាសង្ក្រាន្តឆ្នាំខាល លក់ដាច់អស់តាមទីផ្សារ ខណៈតម្លៃឡើងទ្វេដង
រយៈពេលជិត១ខែទៀត ទើបចូលដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ប៉ុន្តែមហាជនកំពុងពិបាកស្វែងរកជាវសៀវភៅមហាសង្ក្រាន្ត ដោយតាមបណ្ដាទីតាំងលក់សៀវភៅនានា ត្រូវបានលក់អស់ ទន្ទឹមពេលសៀវភៅឆ្នាំនេះ ឡើងថ្លៃ ១ គុណជា ២។

លោក សុភ័ក្ត្រ បុគ្គលិកក្រុមហ៊ុនឯកជន នៅរាជធានីភ្នំពេញ បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២២ ខែមីនានេះថា លោកបានស្វែងរកជាវសៀវភៅសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាលនេះ នៅកន្លែងលក់សៀវភៅជាច្រើនកន្លែងនៅប៉ុន្មានថ្ងៃនេះ ប៉ុន្តែរកជាវមិនបាន ដ្បិតកន្លែងលក់សៀវភៅខ្លះថាលក់អស់ និងកន្លែងខ្លះទៀតថាអត់មាន។
លោក សុភ័ក្រ បញ្ជាក់ថា៖ “ខ្ញុំលឺអ្នកស្គាល់គ្នាប៉ុន្មាននាក់ថា អត់ទាន់ឃើញសៀវភៅសង្ក្រាន្ត ខ្ញុំស្មានតែគេអត់ទាន់ចេញលក់។ ធម្មតាតែជិតដល់ចូលឆ្នាំ ខ្ញុំតែងទិញសៀវភៅមហាសង្ក្រាន្ត សម្រាប់គ្រួសារអានឱ្យដឹងពេលវេលាទេវតាចុះ ក៏ដូចជាដង្វាយទទួលទេវតា ទំនាយប្រចាំឆ្នាំ ជោគជាតារាសីអីជាដើមហ្នឹង។ ខ្ញុំរក [ទិញសៀវភៅមហាសង្ក្រាន្ត ឆ្នាំខាល] ច្រើនកន្លែងណាស់ តាំងពីតូបលក់សៀវភៅសាលាទួលទំពូង នៅបាក់ទូក សាលា ជ័យ ថាវី ហើយសូម្បីតែនៅបណ្ណាគារធំៗ ក៏អត់មាន”។

អ្នកស្រី សុផារី អាជីវករលក់សៀវភៅ និងសម្ភារសិក្សា នៅរបងវិទ្យាល័យ ផ្សារដើមថ្កូវ រាជធានីភ្នំពេញ បានប្រាប់ “កម្ពុជាថ្មី” ថា សៀវភៅមហាសង្ក្រាន្តឆ្នាំនេះលក់ដាច់ ហើយថ្លៃជាងឆ្នាំមុន ដែលសៀវភៅក៏បន្ថែមខ្លឹមសារ គឺមានទាំងហោរាស្ត្របែបខ្មែរ និងបែបចិន។
អ្នកស្រី សុផារី រៀបរាប់បន្តថា៖ “រាល់ដងសៀវភៅ មហាសង្ក្រាន្ត មួយក្បាល តែ ៦-៧ ពាន់ (រៀល) តែឆ្នាំនេះឡើងថ្លៃ។ ខ្ញុំទិញពីគេតចូល ១ ម៉ឺន ៣ (១៣ ០០០ ៛) អីដែរហើយ ហើយបើលក់ យកចំណេញតែ ១ពាន់ (១ ០០០៛) អីទេ។ ហើយឥឡូវកន្លែងខ្ញុំនៅសល់តែ ១ក្បាលទេ”។

លោក អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នករៀបរៀងសៀវភៅមហាសង្ក្រាន្តផ្ទាល់ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះថា សៀវភៅមហាសង្ក្រាន្តឆ្នាំបោះពុម្ពលើកទី១ ចេញលក់នៅពាក់កណ្ដាលខែកុម្ភៈកន្លងទៅនេះ បានលក់អស់ហើយ ចំណែកការឡើងថ្លៃសៀវភៅនោះ គឺដោយសារ សៀវភៅបានបន្ថែមខ្លឹមសារ និងចំនួនកម្រាស់ទំព័រសៀវភៅ។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា៖ “ខ្លឹមសារយើងបញ្ចូលច្រើន តាំងពីក្បួនខ្នាតបែបចិន ទិសមង្គល ទិសអមង្គល និងខ្លឹមសារសំខាន់ៗច្រើនទៀតដែលយើងត្រូវបន្ថែមទំព័រ ពីជាង ១០០ ទៅជាង ២០០ទំព័រដែរ ទើបឡើងថ្លៃបែបនេះ។ កន្លងមក យើងអស់ដែលបង្ហាញរឿងទាំងថែមអស់ហ្នឹងទេ ទើបតែឥឡូវយើងបញ្ចូល”។

លោកប្រសាសន៍បន្តថា៖ “ចំនួនបោះពុម្ពសៀវភៅមហាសង្ក្រាន្ត ឆ្នាំនេះ ក៏ប្រហែលចំនួនឆ្នាំមុនដែល គឺខ្ទង់ ១ម៉ឺន ឬ១ម៉ឺងក្បាលជាង។ ឥឡូវខ្ញុំបានបោះពុម្ព ២, ០០០ក្បាលទៀត ដែលនៅសល់តែ ជាង ៦០០ ក្បាលជាងទេ។ ឆ្នាំនេះ សៀវភៅលក់អស់លឿនជាងរាល់ឆ្នាំ”។

លោក អ៊ឹម បុរិន្ទ បានមានប្រសាសន៍ផ្ដាំថា បើមហាជនចង់បានសៀវភៅ អាចស្វែងរកតាមបណ្ដាតូបលក់សៀវភៅ បណ្ណាគារ ពិសេសនៅភ្នំពេញ គឺនៅផ្សារអូរឫស្សីជាន់ទី២។ លោកបញ្ជាក់បន្ថែមថា សៀវភៅមហាសង្ក្រាន្តឆ្នាំក្រោយ លោកនឹងបន្ថែមខ្លឹមសារសំខាន់ៗទៀត ប្រហែលពី ៨ ទៅ ១៦ ទំព័រ ពីព្រោះសៀវភៅបោះពុម្ពផ្សាយកន្លងទៅ មិនទាន់អស់សេចក្ដីនូវអ្វីដែលអ្នកអាន និងមហាជនចង់ដឹង៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ