ព័ត៌មានជាតិ
ស្ថានីយលក់ប្រេងណា លក់តែប្រេងស៊ុបពែរមួយមុខនឹងត្រូវផាក ៤លានរៀល ឬផ្អាកអាជីវកម្មសិន
ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងឡាយណាដែលលក់តែប្រេងស៊ុបពែរមួយមុខដោយមិនមានលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតនោះ នឹងត្រូវទទួលនូវការផាកពិន័យជាទឹកប្រាក់ចំនួន៤លានរៀល ឬឈានដល់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នក្នុងករណីមិនរាលចាល។ នេះបើយោងតាមប្រកាសអន្តរក្រសួងដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពលចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ប្រកាសអន្តរក្រសួងទាំង៣ បានឱ្យដឹងថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវលក់យ៉ាងតិចប្រភេទផលិតប្រេងសាំងធម្មតា និងប្រភេទផលិតផលប្រេងម៉ាស៊ូតលក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់ឡើយ និងលក់ជាប្រចាំ ហើយមិនអនុញ្ញាតឲ្យលក់តែប្រេងសាំងស៊ុបពែរតែមួយមុខដោយមិនមានលក់ប្រេងម៉ាស៊ូត និងប្រេងសាំងធម្មតាបានទេ។ ប្រកាសអន្តរក្រសួងបានបន្តថា ចំពោះស្ថានីយលក់រាយប្រេងឥន្ធនៈលក់ប្រេងសាំងស៊ុបពែរតែមួយមុខដោយមិនលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតត្រូវពិន័យអន្តរកាលជាប្រាក់មិនលើសពី៤លានរៀល។ ក្នុងករណីដែលទទួលរងការពិន័យអន្តរកាលម្ដងរួចហើយ នៅតែបន្តប្រព្រឹត្តបទល្មើសដដែល ស្ថានីយលក់រាយប្រេងឥន្ទនៈនោះ អាចនឹងរងនូវការឱ្យបិទផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។
ចំពោះការត្រួតពិនិត្យ និងការផាកពិន័យកំណត់ខាងលើ ត្រូវអនុវត្តដោយមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជកម្មដោយសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល។ ប្រកាសអន្តរក្រសួងខាងលើ បានបញ្ជាក់ថា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម ត្រូវគណនាថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាតាមរូបមន្តដែលបានកំណត់ និងចេញថ្លៃលក់រាយជូនក្រុមហ៊ុនប្រេងឥន្ធនៈនៅរៀងរាល់ថ្ងៃទី០១ ថ្ងៃទី១១ នៅថ្ងៃទី២១ នៃខែនីមួយៗ។

ចំណែក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាចចេញសេចក្តីជូនដំណឹងភ្លាមៗដោយកំណត់ឲ្យចេញថ្លៃលក់រាយជួនក្រុមហ៊ុនប្រេងឥន្ធនៈនៅក្នុងរយៈពេលពី១០ថ្ងៃម្ដង ឬ១៥ថ្ងៃម្ដងតាមការចាំបាច់ ដើម្បីឱ្យសមាមាត្រគ្នារវាងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ និងតម្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាសម្រាប់ការរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ត្រូវនាំមុខក្រសួងពាក់ព័ន្ធរៀបចំប្រជុំរៀងរាល់៦ខែម្ដងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃរបស់ស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
ការចេញប្រកាសអន្តរក្រសួងនេះ បានធ្វើឡើងបន្ទាប់ពីតម្លៃប្រេងឥន្ទនៈកំពុងហក់ឡើងខ្ពស់ដោយក្នុង១លីត្រតម្លៃ៥៣០០ រៀល សម្រាប់ប្រងធម្មតា ប្រេងម៉ាស៊ូតតម្លៃ៥៣០០រៀល និង៥៨៥០ ទៅ ៥៩០០រៀលសម្រាប់ប្រេងស៊ុបពែរ។ ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ គឺបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្សីនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចទៅលើប្រទេសរុស្សី៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ