ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញពីលទ្ធផលដំណើរទស្សនកិច្ច ៣ថ្ងៃ នៅមីយ៉ាន់ម៉ា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានបង្ហាញពីលទ្ធផលមួយចំនួន ដែលទទួលបានពីដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ នៅមីយ៉ាន់ ម៉ា ហើយលទ្ធផលនេះ ត្រូវបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយភាគីពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា ហើយនៅក្នុងជំនួបទាំងនោះ រួមទាំងជំនួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផង លោកបានរំលឹកអំពីទស្សនកិច្ច ទម្លាយភាពទាល់ច្រក របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៧-៨ ខែមករាកន្លងទៅ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ច របស់លោកនាពេលនេះ ក្នុងឋានៈជាប្រេសិតពិសេស។
នៅក្នុងជំនួបទាំងនោះ លោកបានគូសបញ្ជាក់សាជាថ្មី អំពីការប្ដេជ្ញាចិត្តរបស់លោក ក្នុងការអនុវត្តអាណត្តិជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលប្រកាន់ខ្ជាប់នូវភាពមិនលំអៀង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន ជាពិសេសការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការគោរពចំពោះអធិបតេយ្យរបស់មីយ៉ាន់ម៉ា។
លោកបានពន្យល់អំពីភាពបន្ទាន់ នៃការសម្រេចឲ្យបាននូវគោលដៅ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដោយផ្ដោតទៅលើចំណុចសំខាន់ៗចំនួន ៣ គឺទី១, ការបញ្ចប់បញ្ឈប់អំពើហិង្សា ទី២, ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣, ការស្វែង រកដំណោះស្រាយនយោបាយ ប្រកបដោយបរិយាបន្ន។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរការចរចានយោបាយនេះ គឺជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់ តាមរយៈការសន្ទនា ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់។
ចំពោះការបញ្ឈប់អំពើហិង្សា លោកបានស្វាគមន៍ចំពោះការប្រកាសជាថ្មីៗ របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានពន្យារបទឈប់បាន រហូតដល់ចុងឆ្នាំ ២០២២ ហើយដើម្បីឲ្យការបញ្ឈប់អំពើហិង្សានេះ មានប្រសិទ្ធភាពពិតប្រាកដ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់។
ចំពោះការព្រួយបារម្ភពីសហគមន៍តំបន់ ក៏ដូចជាអន្តរជាតិ ទាក់ទងទៅនឹងអំពើហិង្សា ដែលកំពុងកើតមាន លោកបានស្នើសុំឲ្យមានភាពអត់ធ្មត់ជាអតិបរមា ចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីបន្ធូរបន្ថយបរិយាកាសប្រទូសរ៉ាយគ្នា និងលើកទឹកចិត្តកុំឲ្យមានសកម្មភាពហិង្សា និងកសាងបរិយាកាសអំណោយផល សម្រាប់ការសន្ទនានយោបាយ ប្រកបដោយការស្ថាបនា ដើម្បីដោះស្រាយវិបត្តិនេះ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ចំពោះការរៀបចំឲ្យបានជោគជ័យ នូវកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី ការផ្ដល់ជំនួយមនុស្សធម៌ ដែលនឹងត្រូវរៀបចំនៅចុងខែមេសា ឬដើមខែឧសភាខាងមុខ។ លោកបានផ្ដល់ជូននូវឯកសារទស្សនទាន ស្ដីពី គោលបំណង នៃកិច្ចប្រជុំរួចហើយ និងបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ដើម្បីសម្របសម្រួល ការផ្ដល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិ ភាព មិនមានការរារាំង និងមិនមានការរើសអើង ទៅដល់អ្នកដែលត្រូវការបំផុត បូករួមទាំងការចាក់វ៉ាក់សាំងផងដែរ នៅទីណាដែលអាចធ្វើទៅបាន៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ