ព័ត៌មានជាតិ
ប្រេសិតពិសេស ៖ លោក មីង អោងឡាំង បារម្ភអំពើហិង្សាពីក្រុមប្រដាប់អាវុធ និងការលួចនាំចូលអាវុធ
មានប្រសាសន៍ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា រយៈពេល ៣ថ្ងៃកន្លងមកនេះ លោកបានជួបជាមួយភាគីពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកបានលើកពីបញ្ហាជាច្រើន។ ក្នុងនោះ លោកក៏បានលើកអំពីសំណូមពរ ឲ្យមានការអត់ធ្មត់ជាទីបំផុត និងបញ្ចប់នូវអំពើហិង្សា។ ប៉ុន្តែជាការឆ្លើយតប នាយឧត្តមសេនីយ៍ មីង អោង ឡាំង បានលើកឡើង ពីការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការបន្តអំពើហិង្សា ពីអង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពាររបស់ប្រជាជន ក៏ដូចជាការលួចនាំចូលអាវុធ ដែលធ្វើឲ្យមានការប្រើអំពើហិង្សាកាន់តែធ្ងន់ធ្ងរ។ លោកថា ចំណុចនេះ គឺជាចំណុចស្មុគស្មាញ ដែលលោកជួបប្រទះ។
នាយឧត្តមសេនីយ៍ មីង អោង ឡាំង មានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចលើកដំបូង របស់ប្រេសិតពិសេសរបស់អាស៊ាននេះ នឹងបើកផ្លូវឲ្យប្រេសិតពិសេសបានជួបតួអង្គសំខាន់ៗសម្រាប់ដំណើរការសន្តិភាព ហើយក្រុមប្រឹក្សារដ្ឋបានប្ដេជ្ញាបន្តគាំទ្រយ៉ាងពេញទំហឹង ដល់ប្រេសិតពិសេស ក្នុងការប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន និងបានបង្ហាញជាថ្មីនូវជំហររបស់ខ្លួនថា គ្មានអ្វីសំខាន់ជាងជីវិតមនុស្សឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា នៅមីយ៉ាន់ម៉ា លោកមានឱកាសជួបនិងស្ដាប់ដោយផ្ទាល់នូវទស្សនៈ យោបល់ និងការវាយតម្លៃពីអ្នកការទូត ដែលមានការយល់ដឹងជ្រៅជ្រះ ដោយពួកគាត់បានធ្វើបទបង្ហាញដោយសង្ខេប តែច្បាស់លាស់ពីស្ថានភាពនៅមីយ៉ាន់ម៉ា តាំងពីបញ្ហាកង្វះអាហារ ការថែទាំដោយសុខាភិបាល កង្វះការចាក់វ៉ាក់សាំង ផលប៉ះពាល់ទៅលើស្ត្រី និងកុមារ ផលប៉ះពាល់ទៅលើវិស័យអប់រំ និងផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ ដែលនេះគឺជាជំហានដ៏សំខាន់មួយ សម្រាប់ការពិចារណា នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ