ព័ត៌មានជាតិ
កូនប្រុសលោក ខាន់ សុវណ្ណ រៀបរាប់លម្អិតជុំវិញការទទួលមរណភាព របស់ឪពុកលោក
កូនប្រុសរបស់សពលោក ខាន់ សុវណ្ណ បានឲ្យដឹងថា ឪពុករបស់លោកបានទទួលមរណភាព កាលពីយប់ថ្ងៃពុធ បន្ទាប់ពីធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា តែដល់ពាក់កណ្ដាលផ្លូវក៏បញ្ហាបេះដូងធ្វើទុក្ខ បណ្ដាលឲ្យទទួលមរណភាពតែម្ដង។
លោក ខាន់ តូនី ដែលជាកូនប្រុសរបស់សពលោក ខាន់ សុវណ្ណ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី ២៤ ខែមីនានេះថា ឪពុករបស់លោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជាតាមយន្ដហោះ បំណងទៅព្យាបាលជំងឺនៅប្រទេស ឥណ្ឌា ដែលត្រូវធ្វើដំណើរឆ្លងកាត់ពីរទៅបីប្រទេស ទើបទៅដល់ប្រទេសឥណ្ឌា។
ប៉ុន្តែជាអកុសល នៅពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវទៅហើយ លោក ខាន់ សុវណ្ណ ដែលជាឪពុករបស់លោកក៏ធ្វើទុក្ខបេះដូង។ នៅពេលភ្លាមៗនោះ ខាងជើងយន្ដហោះ ក៏បានសម្រេចចិត្តចុះចតនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែមិនអាចជួយសង្គ្រោះលោក ខាន់ សុវណ្ណ បានឡើយ ដោយលោកបានទទួលមរណភាព នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅប្រទេសមីយ៉ាន់ម៉ាតែម្ដង។
លោក ខាន់ តូនី បានឲ្យដឹងដែរថា បច្ចុប្បន្នសាកសពរបស់លោក ខាន់ សុវណ្ណ ដែលឪពុករបស់លោក បាននិងកំពុងតម្កល់នៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែមីយ៉ាន់ម៉ាពុំមានជើងហោះហើរ មកកាន់រាជធានីភ្នំពេញ នោះទេ។ ដូច្នេះលោក ក៏បានធ្វើការងារជាមួយមន្ត្រីស្ថានទូតកម្ពុជានៅទីនោះ ដើម្បីរៀបចំបូជាសពរបស់លោក ខាន់ សុវណ្ណ នៅប្រទេសមីយ៉ាន់ម៉ា រួចហើយយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅក្នុងប្រទេសកម្ពុជាវិញ។
កូនប្រុសរបស់សពលោក ខាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ឪពុករបស់លោក មានបំណងទៅព្យាបាលជំងឺថ្លើមនៅប្រទេសឥណ្ឌា។ ប៉ុន្តែការស្លាប់របស់លោក ខាន់ សុវណ្ណ គឺបណ្ដាលមកពីការធ្វើទុក្ខបេះដូង។
សូមជម្រាបថា លោក ខាន់ សុវណ្ណ ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ និងជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ បានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
បើតាមសារចូលរួមមរណទុក្ខ របស់សមាជិក-សមាជិកា នៃអង្គព្រោកប្រាជ្ញ បានសរសេរថា សូមថ្លែងនូវមរណទុក្ខក្រៀមក្រំ ដោយក្តីក្តុកក្តួលបំផុតដែលលោក ខាន់ សុវណ្ណ ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ បានទទួលមរណភាព នាយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
សារចូលរួមមរណទុក្ខ បានសរសេរបន្តថា សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់លោក ដែលជាកុលបុត្រខ្មែរ និងជាសកម្មជនដ៏ឆ្នើម ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជនកម្ពុជា និងបានចូលរូមថែរក្សាសន្តិភាពបាន ដោយលំបាកនេះ។
ប្រភពដដែល បានបន្តថា «សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក ខាន់ សុវណ្ណ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់