ព័ត៌មានជាតិ
ទិវាមួយម៉ោងសម្រាប់ភពផែនដី កាន់តែមានសន្ទុះគាំទ្រច្រើនឡើង
ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិឡើងដោយការរួមកំលាំងពីប្រជាជនជុំវិញសកលលោក។
ក្នុងឆ្នាំនេះ ការចូលរួមមានសន្ទុះកាន់តែខ្លាំងឡើងពីសំណាក់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ ក្រុមយុវជន គ្រឹះស្ថានសាធារណៈ និងឯកជន អង្គការអន្តរជាតិ ស្ថាប័នព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជានៅទូទៅប្រទេស ដើម្បីសំដែងសកម្មភាពនិងឆន្ទៈក្នុងការរួមចំណែកកសាងអនាគតមួយប្រកបដោយសុខុមាលភាព និងសុខភាពល្អប្រសើរសម្រាប់គ្រប់ៗគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2019-03-30_21-59-45-1024x682.jpg)
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ។ ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2019-03-30_21-59-42-1024x682.jpg)
សិល្បៈករ និងសល្បៈការនីដែលពោរពេញដោយប្រជាប្រិយភាពដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ សុទ្ធបាន និងកំពុងចូលរួមក្នុងចលនានៃទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្ស បរិស្ថាន ក៏ដូចជាចូលរួមឃោសនាបន្ថែមទៀតក្នុងចំណោមមហាជនទូទៅ ក៏ជាអ្នកគាំទ្រខ្លួនពីភាពចាំបាច់ក្នុងការរៀបចំនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2019-03-30_21-57-55-1024x682.jpg)
កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីនៅកម្ពុជាបាននិយាយថា៖«ធម្មជាតិអំពាវនាវឱ្យមានយើងបង្ហាញឆន្ទៈនិងធ្វើសកម្មភាពរួមគ្នា។ ប្រសិនបើយើងមិនរួមចំណែកជាវិធាននាពេលនេះទេ មនុស្សជាតិ សត្វព្រៃ និងភពផែនដីដែលយើងស្រលាញ់ នឹងទទួលរងទុក្ខកាន់តែខ្លាំងឡើងជាងស្ថានភាពដែលបានកើតឡើងរួចមកហើយនោះថែមទៀត។» កញ្ញាបានបន្ថែមទៀតថា៖ «ឥឡូវនេះហើយគឺជាពេលដែលយើងត្រូវធ្វើសកម្មភាពឆ្ពោះទៅកសាងសង្គម និងភពផែនដីមួយប្រកបដោយនិរន្តរភាពសម្រាប់គ្រប់គ្នា។»
ឆ្នាំនេះ គឺជាឆ្នាំទី១៣ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេសង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមានការកើនឡើងពីសំណាក់សហគមន៍ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវរៀបចំនូវវិធានការរួមគ្នាបន្ថែមទៀតពីគ្រប់ភាគីទាំងអស់ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព ប្រកបដោយភាពធន់ និងនិរន្តរភាព។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2019-03-30_22-00-05-1024x682.jpg)
តាមរយៈកម្មវិធីទាំងមូលនៃទិវាមួយម៉ោងសម្រាប់ភពផែនដីដែលយុទ្ធនាការឃោសនាតាមប្រព័ន្ធឌីជីថលកំពុងដំណើរការនាពេលនេះ ក៏ដូចជាពិធីធំដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីខាងមុខនេះ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចែករំលែកគំនិត និងជជែកអំពីសារៈសំខាន់នៃធម្មជាតិ និងមករួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបង្ហាញឆន្ទៈ និងភាពខ្វល់ខ្វាយចំពោះសុខុមាលភាពរបស់ធម្មជាតិ ភពផែនដី ក៏ដូចជារបស់យើងទាំងអស់។
លោក សេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា៖ «ធនធានធម្មជាតិព្រមទាំងប្រព័ន្ធអេកូឡូស៊ីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដីដែលជាផ្ទះរួមរបស់យើង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ រួមគ្នាយើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិអាចរស់នៅបានដោយសុខដុមរមនាជាមួយគ្នា។»
ការបិទភ្លើងមួយម៉ោងនាម៉ោង៨៖៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា បានក្លាយជាសកម្មភាពនិមិត្តរូបសកលមួយចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានចាប់កំណើតឡើងក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីមកម្ល៉េះ ដែលពេលនោះទិវានេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។
តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសកល ជម្រុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គីសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកំដៅផែនដី។
ទិវាមួយម៉ោងសម្រាប់ភពផែនដីបានក្លាយជាចលនាដើម្បីបរិស្ថានធំជាងគេមួយនៅលើសកលលោក ដែលវាបានបំផុសការចូលរួមពីបុគ្គលម្នាក់ៗ សហគមន៍ គ្រឹះស្ថានរដ្ឋ និងឯកជន និងស្ថាប័ននានានៅក្នុងប្រទេសជាង១៩០ប្រទេសឲ្យចូលរួមធ្វើសកម្មភាពដើម្បីបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។
នៅពេលចាប់ផ្តើមដំបូង ទិវាមួយម៉ោងសម្រាប់ភពផែនដីផ្តោតលើវិបិត្តនៃបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាសកលលោកមួយនេះបានផ្តោតលើបញ្ហានៃការបាត់បង់ធនធានធម្មជាតិជាសំខាន់ ក្នុងគោលបំណងដើម្បីបង្កើតជាចលនាសកលមួយដែលមានភាពតជាប់គ្នាឥតដាច់សម្រាប់ឈានទៅសម្រេចឲ្យបាននូវនិរន្តរភាពនៃធម្មជាតិ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត