ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ភ្ញៀវទេសចរអន្តរជាតិកើនឡើងជាមធ្យម ១៥០០នាក់ ក្នុងមួយថ្ងៃ
លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៤ ខែ មីនា ថា ភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងជាលំដាប់ជាមធ្យមពី ៨០០នាក់ ទៅ ១៥០០នាក់ ក្នុងមួយថ្ងៃ។ លោកថា ការហោះហើរមកពីថៃ ក្នុងមួយថ្ងៃ ប្រហែល ៦ជើង ខណៈពីសាំងកាពួរ ប្រមាណ ៣ជើង។

អ្នកនាំពាក្យរូបនេះ បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានជជែកជាមួយភាគីចិន ដើម្បីដំណើរការជើងហោះឡើងវិញ ប៉ុន្តែប្រទេសចិន បានកំណត់គោលនយោបាយ សេរ៉ូកូវីដ ដែលជាហេតុ បង្កភាពតានតឹងក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ។ លោកថា ភ្ញៀវទេសចរចិនច្រើន អាចជួយកំណើនសេដ្ឋកិច្ចលឿន តែបញ្ហាគឺរដ្ឋាភិបាលចិនមិនអនុញ្ញាតឲ្យភ្ញៀវចេញចូលងាយស្រួលឡើយ។
បើតាមលោក ស៊ិន ចាន់សេរីវត្ថា សញ្ញាវិជ្ជមានក្នុងវិស័យអាកាសចរណ៍នេះ រំពឹងខ្ពស់ទៅលើជើងហោះចូលមកពីថៃ ខណៈដែលចាប់ពីខែក្រោយទៅ ថៃនឹងសម្រួលបើកចំហរហោះហើរកាន់ច្រើនតែច្រើនថែមទៀត។ ចំណែកជប៉ុន ស្ថិតក្នុងការពិចារណានៅឡើយ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ទីផ្សារធំសម្រាប់វិស័យទេសចរកម្ពុជា នាពេលបច្ចុប្បន្ន មានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា ជាដើម។ ការហោះហើរចូលកម្ពុជា បានចាប់ផ្តើមកើនឡើងវិញ មានដូចជា ជើងហោះហើរពីបាងកកមករាជធានីភ្នំពេញ មានមកពីហ្វីលីពីន តៃវ៉ាន់ និងកូរ៉េ។ ចំណែកប្រទេសជប៉ុន និងម៉ាឡេស៊ី កំពុងពិចារណារៀបចំហោះចូលមកកម្ពុជាផងដែរ។

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កំពុងធ្វើយុទ្ធសាស្រ្ត និងផែនការ ដើម្បីចាប់យកទីផ្សារដែលមានសក្កានុពល មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសភីលីពីនជាដើម។
វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០។ ទោះយ៉ាងណា វិស័យនេះ កំពុងមានសន្ទុះកើនឡើងវិញ ចាប់ពីចុងឆ្នាំ ២០២១មក បន្ទាប់ពីកម្ពុជា បានសម្រុកចាក់វ៉ាក់ដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ