ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ផ្លូវជាតិលេខ ៥១ អាចចាត់ទុកថា ជាផ្លូវខ្សែក្រវាត់វាងរាជធានីភ្នំពេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ ៥១ អាចចាត់ទុកថាជាផ្លូវខ្សែក្រវ៉ាត់វាងរាជធានីភ្នំពេញ ដែលបានសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់វិស័យសេដ្ឋកិច្ច និងសង្គម។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់ បម្រើការដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ ៥១ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ អាចចាត់ទុកថាជាផ្លូវខ្សែក្រវ៉ាត់វាងរាជធានីភ្នំពេញ ដែលអាចផ្ដល់នូវផលចំណេញទាំងប្រជាជនរស់នៅតាមបណ្ដោយផ្លូវនេះប៉ុណ្ណោះទេ ថែមទាំងប្រជាជនដែលត្រូវធ្វើដំណើរវែងឆ្ងាយ និងអ្នករកស៊ីដឹកជញ្ជូន ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ឧទាហរណ៍ អ្នកធ្វើដំណើរពីខេត្តកំពត ខេត្តតាកែវ ឬខេត្តកំពង់ស្ពឺ ត្រូវធ្វើដំណើរទៅខេត្តពោធិ៍សាត់ ឬក៏ខេត្តបាត់ដំបង គ្នានការចាំបាច់ដើម្បីធ្វើដំណើរ ទៅកាន់ទីក្រុងភ្នំពេញ រួចហើយធ្វើដំណើរបន្ត តាមផ្លូវជាតិលេខ ៥ នោះទេ គេអាចមកដល់ទីនេះ ហើយឆ្លងតាមនេះ គឺកាត់ត្រង់ទៅរកឧដ្ដុងតែម្ដង ផ្ទុយទៅវិញ អ្នកដែលនៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ចង់ធ្វើដំណើរទៅកំពង់សោម ទៅកំពត ទៅកែប គឺធ្វើដំណើរមិនចាំបាច់ឆ្លងកាត់ទីក្រុងភ្នំពេញ នាំអស់សាំង អស់ថ្លៃឡានទេ គេអាចធ្វើដំណើរឆ្លងកាត់ តាមផ្លូវនេះតែម្ដង»។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការសាងសង់ផ្លូវជាតិលេខ ៥១នេះឡើង គឺជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយដែលអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យសេដ្ឋកិច្ច និងសង្គម ផងដែរ។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ ៥១ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង( ១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹង ០.៥០ម៉ែត្រ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ ២០១៧ ដល់ខែសីហា ឆ្នាំ ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ ៤, ផ្លូវជាតិលេខ ៥, ផ្លូវជាតិលេខ ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ ៣, ផ្លូវជាតិលេខ ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។
ផ្លូវជាតិលេខ ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ