ព័ត៌មានជាតិ
បណ្ឌិតសុខ ទូច ៖ ចៅហ្វាយខេត្ត គួរ«ឲ្យតំណែង»ទៅអ្នកឆក់ត្រីនៅបឹងទន្លេសាបវិញ បើបង្រ្កាបមិនបាន
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកចុះទៅស្រាវជ្រាវករណីកាប់ព្រៃលិចទឹក និងការនេសាទខុសច្បាប់នៅបឹងទន្លេសាប បានគូសបញ្ជាក់ថា ការបង្រ្កាបបទល្មើសនេសាទនៅទីនោះ គឺមិនមានភាពលំបាកទេ បើសិនអាជ្ញាធរមានឆន្ទៈធ្វើពិតប្រាកដ។ មិនតែប៉ុណ្ណោះ លោកបានបញ្ចេញប្រតិកម្មខ្លាំងៗថា បើសិនចៅហ្វាយខេត្តបង្រ្កាបបទល្មើសនេសាទ ដូចជាឆក់ត្រីនៅបឹងទន្លេសាបមិនបានទេ គួរផ្ទេរតំណែងរបស់ខ្លួនទៅឲ្យអ្នកឆក់ត្រីវិញទៅ។

បើតាមលោកបណ្ឌិត សុខ ទូច នៅពេលដែលអ្នកឆក់ត្រីខ្លាំងជាងចៅហ្វាយខេត្ត នោះហើយ ជាពេលដែលចៅហ្វាយគួរចាកចេញពីតំណែងរបស់ខ្លួន។ លោកថា ចៅហ្វាយខេត្តនៅជាប់បឹងទន្លេសាប ត្រូវតាំងខ្លួនឯងជា«នាយករដ្ឋមន្រ្តីក្នុងខេត្ត» ប្រើអំណាចដែលខ្លួនមាន ដើម្បីបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព។ ធ្វើបែបនេះ គឺដើម្បីថែរក្សា ការពារធនធានត្រីនៅក្នុងបឹងទន្លេសាបនេះឲ្យបានគង់រង្សសម្រាប់កូនខ្មែរជំនាន់ក្រោយៗ។ លោកបណ្ឌិត សុខ ទូច លើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី»កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា បើចៅហ្វាយខេត្តធ្វើមិនបានទេ លោកនឹងធ្វើឲ្យមើល បើសិនលោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តណាមួយនៅជាប់បឹងទន្លេបសាប។ ជាការពិត ក្រុមអ្នកនេសាទខុសច្បាប់នៅបឹងទន្លេសាប បានប្រើប្រាស់ទូកមានល្បឿនលឿន ដែលទូកមន្រ្តីជលផលតាមបង្រ្កាបមិនទាន់ ប៉ុន្តែលោកបណ្ឌិត សុខ ទូច ថា នៅមានវិធីបង្រ្កាបផ្សេងទៀតដែលមានប្រសិទ្ធភាព។ នោះ គឺទៅចាប់នៅកន្លែងដែលពួកគេយកត្រីទៅលក់តែម្តង។ សម្រាប់លោក សុខ ទូច ពួកអ្នកនេសាទខុសច្បាប់មិនមែនយកត្រីទៅលក់ឲ្យ«ទេវតា» ឬទៅលក់«លើមេឃ»ឯណា។ ដូច្នេះហើយ អ្វីដែលសំខាន់ គឺឆន្ទៈរបស់ចៅហ្វាយខេត្ត និងមន្រ្តីពាក់ព័ន្ធនានាថា ចង់បង្រ្កាប ឬយ៉ាងណាតែប៉ុណ្ណោះ។

ចំពោះការបង្រ្កាបបទល្មើសនេសាទនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២៣ ខែមីនា បានបញ្ជាឲ្យរដ្ឋមន្រ្តី ចៅហ្វាយខេត្ត មេទ័ព និងមេប៉ូលីស ត្រូវបង្រ្កាបឲ្យបានជាដាច់ខាតនូវបទល្មើសនេសាទនៅបឹងទន្លេសាប។ សម្តេចតេជោ បានព្រមានដកតំណែងពួកគេ បើសិនមិនអាចបង្រ្កាបឈ្មួញធំៗដែលបំផ្លិចបំផ្លាញធនធានត្រីនៅបឹងទន្លេសាបនេះបាន៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ