ព័ត៌មានជាតិ
កម្ពុជាមានអ្នកទោសសរុបជិត ៤ម៉ឺននាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ម៉ៅ ណំ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ចំនួនជនជាប់ឃុំ មានសរុប ៣៨,០៧០នាក់។ ក្នុងនោះ ស្រ្តី៦៦នាក់, ស្ត្រីមានផ្ទៃពោះ ២២នាក់, កូនតាមម្តាយ ១៤០នាក់, ពិការ ៤៧៥នាក់។
ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៥មីនានេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ម៉ៅ ណំ បានបន្តថា ក្នុងចំណោម ជនជាប់ឃុំមានបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង ៥៤,៥២% បទល្មើសលួច មានស្ថានទម្ងន់ទោស ៦,៨៨% បទល្មើសលួច ៧,០៧% រំលោភសេពសន្ថវៈ ៤,៧២% បទល្មើសឃាតកម្ម ៥,៤០% និងបទល្មើសផ្សេងៗទៀត ២១,៤១%។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានបំពេញការងារប្រកបដោយផ្លែផ្កា ដោយបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច នៅតាមអង្គភាព និងវិស័យជំនាញនីមួយៗ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងសមិទ្ធផលខាងលើ អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលជាបញ្ហាត្រូវខិតខំបំពេញបន្ថែមទៀត ដើម្បីឆ្លើយតបបានទៅតាមបទដ្ឋានសម្រាប់ការងារគ្រប់គ្រងជនជាប់ឃុំ ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។ ក្នុងនោះ ពន្ធនាគារនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ និងក្របខណ្ឌមន្ត្រីពន្ធនាគារ ជាហេតុធ្វើឲ្យការឆ្លើយតបទៅតាមបទដ្ឋានអប្បបរមា សម្រាប់ការឃុំខ្លួន និងការគ្រប់គ្រងជនជាប់ឃុំ នៅមានគម្លាតនៅឡើយ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ តោ ពន្លក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា ការងារថ្មីជាអទិភាពសំខាន់ចំពោះមុខ មានដូចជារៀបចំលិខិតរដ្ឋបាលបទដ្ឋាន រៀបចំសំណើស្នើសុំបង្កើតអនុក្រឹត្យ ស្តីពី របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។ បន្តធ្វើកំណែទម្រង់ របៀបធ្វើការរបស់ថ្នាក់ដឹកនាំ តាមខ្សែបណ្តាយគ្រប់ថ្នាក់ និងពង្រីកជំនាញ តាមគ្រប់វិស័យដែលធានាឲ្យការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបរិបទថ្មីជាមួយនឹងការប្រយុទ្ធប្រឆាំ នៃការរាតត្បាតជំងឺកូវីដ-១៩ នឹងបន្តពង្រឹងកិច្ចសហការល្អបន្ថែមទៀត ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ និងអង្គការដៃគូនានា ដើម្បីគាំទ្រទាំងមធ្យោបាយ សម្ភារ ថវិកា និងបច្ចេកទេសលើការងារពន្ធនាគារផងដែរ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ ណំ ក៏បានលើកឡើងនូវផែនការ ជាយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំដំណាក់កាលទី ៣ (២០១៩-២០២៣) ដោយអគ្គនាយដ្ឋានពន្ធនាគារ បានកំណត់ចក្ខុវិស័យទិសដៅថា ’រួមគ្នាដើម្បីសុវត្ថិភាពសង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍”ជាមួយគ្នានេះ ដើម្បីសម្រេចឲ្យបាន នូវទិសដៅយុទ្ធសាស្ត្រ សម្រាប់អនុវត្តផែនការបន្ត គឺរួមមាន៖ គ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ដែលធានាឲ្យមានសន្តិសុខ សុវត្ថិភាព និងប្រកបដោយមនុស្សធម៌, អភិវឌ្ឍជំនាញវិជ្ជាជីវៈ សេវាអប់រំកែប្រែ ស្តារនីតិសម្បទាបណ្តុះបណ្តាលវិជ្ជជីវៈ និងសមាហរណកម្មអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ, ជំរុញអនុវត្តក្របខ័ណ្ឌនយោបាយកំណែទម្រង់ពន្ធនាគារ និងពង្រឹងការងារដឹកនាំគ្រប់គ្រង អភិវឌ្ឍធនធានមនុស្ស របៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធផលការងារផងដែរ៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ