ព័ត៌មានជាតិ
ក្រសួង២ និងស្ថាប័នពាក់ព័ន្ធសហការរៀបចំកម្មវិធីរត់ប្រណាំងក្រោមប្រធានបទ “រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព”
ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF និងក្រុមហ៊ុនឯកជនដៃគូ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានសហការគ្នារៀបចំប្រារព្ធកម្មវិធីរត់ ប្រណាំងក្រោមប្រធានបទ “រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព” ដែលពិធីនេះរៀបចំឡើងនៅលើទឹកដីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក តុប សុភក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមប្រមាណជិត ២០០នាក់ មកពីរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី។
លោក នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីរត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាពនេះ គឺជាការបង្ហាញឱ្យឃើញពីចំណងទាក់ទងគ្នារវាងមនុស្ស និងធម្មជាតិ ដែលមនុស្សចាំបាច់ត្រូវការធម្មជាតិក្នុងការទទួលបានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ បរិស្ថាន និងអនាម័យល្អ ដើម្បីផាសុកភាពសម្រាប់មនុស្សរស់នៅ និងធម្មជាតិបានផ្តល់នូវអាហារូបត្ថម្ភ ដល់មនុស្សគ្រប់រូបយ៉ាងសម្បូណ៌បែប។ លោកថា ធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។

លោករដ្ឋលេខាធិការគូសបញ្ជាក់ថា ប្រសិនបើធម្មជាតិត្រូវបានបំផ្លាញនោះ ជីវីតមនុស្សសត្វក៏ប្រឈមមុខនឹងការផ្លិចបំផ្លាញដូចគ្នា។ ការគោរពស្រឡាញ់ ថែរក្សាអភិរក្សធនធានធម្មជាតិ គឺជាការគោរពស្រឡាញ់ជីវិតមនុស្ស។ លោកបន្តថា “យើងគោរពធម្មជាតិ នោះធម្មជាតិ នឹងផ្តល់ការគោរព និងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ”។
អ្នកចូលរួមរត់ប្រណាំងដែលមានទាំងជនជាតិខ្មែរ និងបរទេស ពោរពេញដោយទឹកមុខសប្បាយរីករាយ និងប្រកបដោយមោទកភាព។ ការរត់ប្រណាំងនេះ មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ នៅក្នុងក្រុងសែនមនោរម្យ ដោយចាប់ផ្តើមពីទីស្នាក់ការអង្គការ WWF រហូតដល់សួសច្បារដំរីដែកនៅកណ្តាល ក្រុងសែនមនោរម្យ។ រូបភាពនៃសកម្មភាពរត់ប្រណាំងនេះ បានបង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យអំពីសារៈសំខាន់ នៃការការពារ និងអភិរក្សធនធានធម្មជាតិ និងការគិតគូរពីសុខភាពខ្លួន និងសហគមន៍ទាំងមូល។

លោក នេត្រ ភក្ត្រា បានថ្លែងថា ចេញពីទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋនឹងយល់កាន់តែច្បាស់លាស់ថា បរិស្ថាននិងធនធានធម្មជាតិពិតជាមានសារៈសំខាន់ ហើយសុខភាពយើង ក៏កាន់តែសំខាន់ ហើយក៏ពឹងអាស្រ័យលើបរិស្ថាន ធម្មជាតិផងដែរ។
ក្នុងការរត់ប្រណាំងនេះ ជ័យលាភីលេខ១ ដល់លេខ៣ បានទទួលពាន និងសម្ភារៈមួយចំនួន ប្រគល់ដោយគណៈអធិបតី មកពីក្រសួងបរិស្ថាន ម្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងអង្គការ WWF។

ដោយឡែកទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងត្រូវប្រារព្ធនៅល្ងាចថ្ងៃទី២៦ ខែមីនា នៅសួនច្បារក្រុងសែនមនោរម្យ ហើយអ្នកចម្រៀងដ៏ល្បីនៅកម្ពុជា គឺកញ្ញា មាស សុខសោភា និងតារាចម្រៀងផ្សេងទៀត និងមានការសម្តែងសិល្បៈពីជនជាតិដើមទៀតផង៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ